ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ បន្ទាប់​ពី​ឈប់សម្រាក​បាល់​អន្តរជាតិ​មួយរយៈ ក្លិប​នានា​ត្រឡប់​មក​លេង​ក្នុង​លី​ក​កំពូល​រៀងៗ​ខ្លួន​វិញ​។ ដោយឡែក​ក្រុម​ធំៗ​ចំនួន​៤​នៅ​អង់គ្លេស​ថ្ងៃ​សៅរ៍​នេះ​គឺ​រំពឹង​ឈ្នះ​រៀងៗ​ខ្លួន​ក្នុងនោះ​មានដូចជា Man U, Man City, Liverpool និង Chelsea​។ យើង​នឹង​លើកយក​ពីរ​គូ​គួរឱ្យ​ចាប់អារម្មណ៍​មក​វិភាគ​ជូន​នៅក្នុង​ក្របខ័ណ្ឌ​អង់គ្លេស EPL​។​

១. Leicester vs Manchester Utd

​ក្រុម​កញ្ជ្រោង​ខៀវ Leicester អាច​រំខាន​បិសាច​ក្រហម Manchester United បាន​ខ្លះៗ​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​បើ​ទោះបីជា​កញ្ជ្រោង​ខៀវ​ជា​ក្រុម Underdog នៅ​ថ្ងៃនេះ​ក៏​ពិតមែន ប៉ុន្តែ​ក៏​មិន​អាច​ទាត់ចោល​លទ្ធភាព​ដែល​ពួកគេ​អាច​ឈ្នះ​យ៉ាង​ភ្ញាក់ផ្អើល​បាន​នោះដែរ​។

​ក្រុម​របស់​លោក​ប្រេន​ដាន់ រ៉ូ​ជើ បានចាប់ផ្តើម​រដូវ​កាល​ថ្មី​ដោយ​ចាញ់ ៣ ប្រកួត​រួចទៅហើយ ហើយ​ឥឡូវ​ទម្រង់​លេង​របស់​ក្លិប​មិន​ថេរ​នោះទេ​។ ពួកគេ​ចូល​មក​លេង​ការប្រកួត​នេះ​ដោយ​ឈរ​នៅ​លេខ ១៣ មាន ៨ ពិន្ទុ​។ អ្នកចាត់ការ​រ៉ូ​ជើ​ក៏​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការផ្ទេរ​ទៅ​ដឹកនាំ Newcastle ដែល​នៅ​សប្តាហ៍​នេះ​ត្រូវបាន​ស្តេច​អា​រ៉ាប៊ីសាអូឌីត​ទិញ​ហើយគេ​ព្យាករណ៍​ថា​វា​នឹង​ក្លាយ​ជា​ក្លិប​ធំ​បំផុត​នៅក្នុង​ប្រទេស​អង់គ្លេស​។​

Leicester បាន​ស្មើ ២ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ទល់នឹង Burnley និង Crystal Palace ។​

​ក្រុម​បិសាច​ក្រហម Manchester United ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ ៤ និង​មាន​ត្រឹមតែ ២ ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​។ តែ​ទោះ​យ៉ាងណា​មុន​ការប្រកួត​អន្តរជាតិ បិសាច​ក្រហម​ឈ្នះ​តែ ១ ប្រកួត​ប៉ុណ្ណោះ​ក្នុង ៤ លើកចុងក្រោយ​។ នេះ​រួម​បញ្ចូល​ទាំង​ការ​ចាញ់ ១-០ នៅផ្ទះ​ខ្លួនឯង​ក្រោម​ថ្វី​ជើង Aston Villa នៅក្នុង​ការប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​

​ក្រុម​បិសាច​ក្រហម​ថ្ងៃនេះ​នឹង​អវត្តមាន​ខ្សែការពារ​កណ្តាល​សំខាន់ៗ​គឺ​វ៉ា​រ៉ា​ន់​និង​ម៉ាកក្វាយ​អឺ​។​

​ព្យាករណ៍ ៖

​បិសាច​ក្រហម​ខាន​ឈ្នះ Leicester បួន​ប្រកួត​មកហើយ ប៉ុន្តែ​ផ្អែក​លើ​ទម្រង់​លេង​បច្ចុប្បន្ន គឺ Man U មានប្រៀប​ឈ្នះ​ខ្ពស់​ជាង​លើក​នេះ​។ ត្បិត​បិសាច​ក្រហម​រាង​ចុះខ្សោយ​តំបន់​ការពារ​បន្តិច​មែន ប៉ុន្តែ​មាន​រ៉ូ​ណាល់​ដូ​នៅ​តំបន់​ប្រយុទ្ធ ច្បាស់​ជា​ធ្វើឱ្យ​កញ្ជ្រោង​ខៀវ​ជួប​ការលំបាក​ខ្លាំង​។

​យើង​រំពឹង​បិសាច​ក្រហម​ឈ្នះ​តិចតួច​ប៉ុណ្ណោះ​ក្នុង​លទ្ធផល​ព្យាករណ៍ ២-១​។​

២. Brentford vs Chelsea

​ម្ចាស់​ជើងឯក​អឺរ៉ុប Chelsea ប្រហែល​ធូរ​កម្លាំង​បន្តិច​នៅ​សប្តាហ៍​នេះ ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ក្លាហាន Brentford ដែល​មិន​ចេះ​លេង​បិទ​ក្រុម​ធំៗ​នោះទេ​។

​កូនក្រុម​របស់​លោក​ថូ​ម៉ាស ធូ​ខល់​នឹង​ឆ្លៀត​ឱកាស​នេះ​យកឈ្នះលើ​ក្រុម​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ តែ​ក៏​មិន​អាច​មើលងាយ​ពួកគេ​នោះ​ដែរ​។ ដូច​បានដឹង​ស្រាប់​ហើយ គីឡូ​ធ្ងន់​ដូចជា Arsenal, Liverpool និង West Ham សុទ្ធតែ​ធ្លាប់​រងគ្រោះ​ដោយសារ Brentford ។​

Brentford ធ្លាប់​ជួប Chelsea ពីរដង​នាពេល​ថ្មីៗ​នេះ ដោយ​ចាញ់ ៤-០ ទាំង​ពីរ​លើក​។

​និយាយ​ពី​ការប្រកួត​បើកឆាក ៧ លើក​នៅ EPL គេ​អាច​ចាត់ទុក Brentford ជា​ក្រុម​ល្អ​មួយ ព្រោះ​ចាញ់​តែ​ម្តង​ប៉ុណ្ណោះ ហើយ​ក៏​របូត​គ្រាប់​បាល់​តិច​ផងដែរ​គឺ ៦ គ្រាប់​។

​តោ​ខៀវ​ឈរ​នៅ​លេខ​១ លើ​សលេខ​២ Liverpool តែ ២ ពិន្ទុ​ប៉ុណ្ណោះ​។

​ដោយហេតុ​ថា ក្រុម​ប្រជែង​កំពូល​តា​រាងដូចជា Man U, Man City និង Liverpool សង្ឃឹម​ឈ្នះ​ខ្ពស់​នៅ​ថ្ងៃ​សៅរ៍​នេះ យើង​មិន​រំពឹង​អ្វី​ក្រៅតែពី​ជ័យជម្នះ​សម្រាប់ Chelsea នោះឡើយ ព្រោះ​បើ​ហ៊ាន​តែ​ស្មើ​ឬ​ចាញ់ នឹងត្រូវ​គេ​ទម្លាក់​ពី​កំពូល​តារាង​វិញ​ជាមិនខាន​។

​លទ្ធផល​ព្យាករណ៍ ៖ Chelsea ឈ្នះ ២-០៕

Manchester Utd រំពឹង​ឈ្នះ​នៅ​ទឹកដី Leceister ត្បិត​អវត្តមាន​ខ្សែការពារ​កណ្តាល​សំខាន់ៗ​ទាំងពីរ​ក៏​ដោយ