​ប្រែ​សម្រួលៈ​វាសនា​៖​ក្រុម​រដ្ឋ​អ៊ីស្លាម​(IS)​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦​តុលា បាន​ចេញ​មក​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ព្រះវិហារ​អ៊ីស្លាម​និកាយ​ស៊ី​អាយ​មួយ​ក្នុង​​ទីក្រុង​កាន់​ដា​ហា​របស់​អា​ហ្វ​ហ្គានី​ស្ថាន ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៤១​នាក់​និង​របួស​រាប់សិប​នាក់​។​

​នាយក​សុខាភិបាល​ក្រុង​កាន់​ដា​ហា បាន​ប្រាប់​សារព័ត៌មាន​បារាំង​ថា មនុស្ស​៤១​នាក់​បាន​ស្លាប់​និង​ប្រហែល​៧០​នាក់​រងរបួស​។​

​ការវាយប្រហារ​កាលពី​ថ្ងៃ​សុក្រ​បាន​កើតឡើង​តែ​មួយ​សប្តាហ៍​ក្រោយ​ការវាយប្រហារ​ពី​សំណាក់​IS​មួយទៀត​ទៅ​លើ​ពួក​ស៊ី​អាយ​នៅ​ព្រះវិហារ​មួយ​ក្នុង​ទីក្រុង​គុន​ឌូ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​៦០​នាក់​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្សាយ​តាម​បណ្តាញ​តេ​ឡេ​ក្រាម ក្រុម​ជី​ហាត​នេះ​បាន​និយាយថា អ្នក​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​២​នាក់​ទៅ​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​-​ខូ​រ៉ា​សាន​(IS-K)​បានធ្វើការ​​វាយប្រហារ​ពីរ​ដាច់​ពីគ្នា​នៅ​ផ្នែក​ផ្សេង​គ្នា​ក្នុង​ព្រះវិហារ​មួយ​ក្នុង​ក្រុង​កាន់​ដា​ហា ចំ​ពេល​អ្នក​សូត្រធម៌​បន់ស្រន់​នៅ​ពេញ​ក្នុងនោះ​។​

​ក្រុម​IS-K​ជា​គូប្រជែង​នឹង​ក្រុម​តា​លី​បង់​ដែលមាន​អ្នកគាំទ្រ​ជា​ជន​អ៊ីស្លាម​និកាយ​ស៊ុន​នី​ដូចគ្នា ហើយ​IS-K​ចាត់ទុក​ពួក​អ៊ីស្លាម​និកាយ​ស៊ី​អាយ​ជា​ជន​ក្រៅ​សាសនា​។​

​ក្រុមហ៊ុន​វិភាគ ExTrac​ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​និយាយថា ការវាយប្រហារ​កាលពី​ថ្ងៃ​សុក្រ​ជា​ស្នាដៃ​ដំបូង​របស់​ក្រុម​IS-K​នេះ​នៅ​កាន់​ដា​ហា​និង​ជា​ការសម្លាប់​រង្គាល​លើក​ទី​៤​ចាប់តាំងពី​តា​លីង​បង់​ចូល​កាន់កាប់​អំណាច​នៅ​ក្រុង​កា​ប៊ុល​។​

​អ្នកសិក្សា​ស្រាវជ្រាវ​នៅ​ExTrac​បាន​និយាយថា ការវាយប្រហារ​នេះ​ជា​ឧបសគ្គ​មួយ​ចំពោះ​ការគ្រប់គ្រង​របស់​តា​លី​បង់​លើ​ប្រទេស​។​«​បើ​តា​លី​បង់​មិន​អាច​ការពារ​កាន់​ដា​ហា​ពី​ការវាយប្រហារ​របស់​IS-K តើ​ខ្លួន​អាច​ការពារ​ផ្នែក​ផ្សេងៗ​ទៀត​របស់​ប្រទេស​ដូច​ម្តេចទៅ​?»​។​

​ទិដ្ឋភាព​ក្នុង​ព្រះវិហារ​ក្រោយ​ការផ្ទុះ​នៅ​ក្រុង​កាន់​ដា​ហា ដែល​ជា​មូលដ្ឋាន​សាសនា​របស់​ចលនា​តា​លី​បង់​

​ក្នុងពេល​ជាមួយគ្នា អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក បាន​និយាយថា​« រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថ្កោលទោស​ការវាយប្រហារ​នេះ​និង​អំពាវនាវ​ជា​ថ្មី​អោយ​តា​លី​បង់​រក្សា​ការប្តេជ្ញាចិត្ត​​របស់​ខ្លួន​ថា​​ក្នុង​ការប្រឆាំង​ភេរវកម្ម​ហើយ​ជា​ពិសេស​ចាត់កា​រលើ​ការ​គំរាម​រួម​មក​ពី​ក្រុម​ISIS-K​។​យើង​ចង់​ឃើញ​ថា គ្មាន​ក្រុម​ណាមួយ​អាច​ប្រើ​ទឹកដី​អា​ហ្វ​ហ្គានី​ស្ថានជា​ថ្មី​សំរាប់​ជា​ឈ្នាន់​មួយ​ដើម្បី​វាយ​ប្រ​​ហារ​លើ​សហរដ្ឋ​អាម៉េរិក​ឬ​ប្រទេស​ដទៃ​»​។​

​ស្ថាន​បេសកកម្ម​អង្គការសហប្រជាជាតិ​​នៅ​អា​ហ្វ​ហ្គានី​ស្ថានក៏បាន​សរសេរ​បង្ហោះ​សារ​ថ្កោលទោស​«​អំពើ​ព្រៃផ្សៃ​ចុងក្រោយ​នេះ ដែល​ផ្តោត​លើ​កន្លែង​សាសនា​និង​អ្នក​គោរព​បូជា​»​និង​ថា​«​អ្នកទទួលខុសត្រូវ​ក្នុងការ​វាយ​​ប្រហារ​នេះ​ត្រូវ​ដាក់ទោស​»​។​

​សូមបញ្ជាក់​ថា ក្រុម​តា​លី​បង់​ក៏​មាន​ប្រវត្តិ​ធ្វើបាប​ពួក​ស៊ី​អាយ​ដែរ តែ​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​ថ្មី​ដឹកនាំ​ដោយ​ក្រុម​នេះ​បាន​ប្តេជ្ញា​ធ្វើ​អោយ​ប្រទេស​មាន​ស្ថិរភាព​និង​ក្រោយ​ការវាយប្រហារ​នៅ​​គុន​ឌូ ខ្លួន​បាន​សន្យា​ការពារ​ក្រុម​ជនជាតិភាគតិច​ស៊ី​អា​យ​ដែល​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​។​

​ពួក​ស៊ី​អាយ​មាន​ចំនួន​ប្រមាណ​១០​ភាគរយ​នៃ​ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​សរុប​។​ពួកគេ​ភាគច្រើន​ស្ថិតក្នុង​ក្រុម​ជនជាតិ​ហាហ្សា​រ៉ា ដែល​ត្រូវបាន​គេ​ធ្វើបាប​អស់​រាប់​ទសវត្សរ៍​មក​ហើយ​៕