​ប្រែ​សម្រួលៈ​វាសនា​(bangkokpost)៖​ប្រទេស​ចំនួន​៨​និង​ប្រធាន​ការទូត​សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​សុក្រ​បាន​ទទូច​សុំ​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា អនុញ្ញាត​អោយ​តំណាង​ពិសេស​​របស់​អាស៊ាន​ចូល​ជួប​អតីត​មេដឹកនាំ​កំពុង​ជាប់​ឃុំ លោកស្រី អ៊ុង សាន ស៊ូ​ជី ក្រោយ​ពី​អ្នកនាំពាក្យ​យោធា​បាន​បដិសេធ​ដោយ​សំអាង​ថា​ជ័យលាភី​រង្វាន់​ណូបែល​រូប​នេះ​រង​ការចោទប្រកាន់​​ព្រហ្មទណ្ឌ​ជាច្រើន​។​

​ការអំពាវនាវ​នេះ​កើត​ឡើង​នៅ​ពេល​កាន់តែ​មាន​ការព្រួយបារម្ភ​ថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​មិន​គោរព​បាន​ពេញលេញ​ការសន្យា​របស់​ខ្លួន​ចំពោះ​«​ការមូល​មតិ​គ្នា​៥​ចំណុច​»​ដែល​ត្រូវបាន​ព្រម​​ព្រៀង​រវាង​អា​សាន​និង​ប្រមុខ​យោធា​ដើម្បី​សម្រាល​វិបត្តិ​បង្ហូរឈាម​ដែល​បាន​ផ្ទុះឡើង​នៅក្រោយ​រដ្ឋប្រហារ​ថ្ងៃ​១​កុម្ភៈ​។​

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ត្រូវ​ជួបប្រជុំ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​១៥​តុលា ដើម្បី​ជជែក​គ្នា​ថា​តើ​ត្រូវ​បណ្តេញ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា លោក​មីន អ៊ុង ហ្លាំង​ចេញ​ជំនួប​កំពូល​អាស៊ាន​នា​ពេល​ខាង​​មុខ​ឬ​យ៉ាងណា ដោយសារ​តែ​ភាព​ដាច់អហង្ការ​របស់​រដ្ឋាភិបា​លលោក​។​

​អាជ្ញាធរ​យោធា​មី​យ៉ាន់​ម៉ា​បាន​និយាយ​ហើយ​ថា គេ​នឹង​មិន​អនុញ្ញាត​អោយ​តំណាង​ពិសេស​អាស៊ាន​លោក អេ​រី​វ៉ាន យូ​សូ​ហ្វ ចូលជួប​នរណាម្នាក់​ដែល​កំពុង​ត្រូវ​តុលាការ​បើកសវនាការ​កាត់ទោស​ទេ​​រួមទាំង​លោកស្រី អ៊ុង សាន ស៊ូ​ជី ផង​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ អង់គ្លេស អាម៉េរិក អូស្ត្រាលី កាណាដា កូរ៉េខាងត្បូង នូវែ​លសេ​ឡង់ ន័​រវេស​និង​ទីម័​រខាង​កើត និយាយថា​ពួកគេ​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​អំពី​«​ស្ថានភាព​​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​»​និង​សុំអោយ​រដ្ឋាភិបាល​ក្រុង​ណៃ​ពីដោរ​ចូលរួម​ពាក់ព័​ន្ធ​បែប​ស្ថាបនា​ជាមួយ​តំណាង​ពិសេស​អាស៊ាន​។​

​សេក្តីថ្លែងការណ៍​ដែល​ត្រូវបាន​អនុម័ត​យល់ព្រ​ម​ពី​ប្រធាន​ការទូត​សហភាព​អឺរ៉ុប​បាន​និយាយថា​« យើង​សុំ​ធ្វើការ​អំពាវនាវ​បន្ថែម​ទៀត​អោយ​យោធា​មី​យ៉ាន់​ម៉ា​បង្កលក្ខណៈ​ងាយស្រួល​ដល់​​ដំណើរ​ទស្សនកិច្ច​ទៀត​ទាត់​ទៅកាន់​ម៉ាន់​ម៉ា​ពី​សំណាក់​តំណាង​ពិសេស​អាស៊ាន និង​សុំ​អោយ​គាត់​អាច​ចូល​ជួប​អ្នក​មាន​ចំណែក​ក្នុង​វិបត្តិ​នេះ​ទាំងអស់​ដោយ​គ្មាន​ការរារាំង​»​។​

​ដោយ​ច្រាន​ចោល​សម្ពាធ​ពី​សមាជិក​អាស៊ាន​ជាច្រើន ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​យូ​សូ​ហ្វ «​មិន​អាច​ទៅ​ហួស​ព្រំដែន​ច្បាប់​ដែល​​មាន​សព្វថ្ងៃ​»​ហើយ​បាន​សុំអោយ​លោក​ផ្តោត​លើ​ជំនួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​វិញ​។​

​ក្នុង​ដំណើរការ​វិវត្តន៍​សភា​ព​ការណ៍​មួយទៀត ប្រធាន​មេធាវី​តំណាង​អោយ​ស៊ូ​ជី បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អាជ្ញាធរ​បាន​ចេញ​បញ្ជា​មិន​អោយ​លោក​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​ដោយ​គេ​​និយាយថា ទំនាក់ទំនង​របស់​លោក​អាច​បង្ក​អស្ថិរភាព​។​

​សារព័ត៌មាន​រដ្ឋ​មី​យ៉ាន់​ម៉ា មិន​បាន​រាយការណ៍​ដំណើរ​វិវត្តន៍​អំពី​ករណី​បណ្តឹង​របស់​លោកស្រី​ស៊ូ​ជី​ទេ និង​ប្រធាន​មេធាវី​របស់​លោកស្រី​ជា​ប្រភព​ផ្តល់​ព័ត៌មាន​តែមួយគត់​ពាក់ព័ន្ធ​នឹង​ដំណើរការ​​កាត់ក្តី​និង​សុខភាព​របស់​លោកស្រី​។​

​លោក​បាន​និយាយ​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​ថា លោក​ត្រូវបាន​ហាម​មិនអោយ​និយាយ​ទៅកាន់​សារព័ត៌មាន អ្នកការទូត អង្គការ​អន្តរជាតិ​និង​រដ្ឋាភិបាល​បរទេស​៕

​ស៊ូ​ជី ត្រូវបាន​ឃុំខ្លួន​នៅ​កន្លែង​គ្មាន​នរណា​ដឹង​(​ខ្លះ​ថា​នៅក្នុង​ផ្ទះ​)​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃ​១​កុម្ភៈ​។​គ្រប់​មធ្យោ​បាន​ទំនាក់ទំនង​ត្រូវ​កាត់ផ្តាច់​លើកលែងតែ​មេធាវី​របស់​លោកស្រី​ដែល​អាច​ជួប​គ្នា​​បាន​តែ​នៅក្នុង​តុលាការ​

​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា លោក​មីន អ៊ុង ហ្លាំង​ ប្រឈមការមិនអនុញ្ញាតអោយចូលរួមជំនួបកំពូលអាស៊ាននាពេលខាងមុខដោយសារតែភាពដាច់អហង្ការរបស់លោក