​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​តុលា​បានប្រកាសថា​ខ្លួន​នឹង​ដក​ការ​រឹតបន្តឹង​លើ​ការ​ធ្វើ​ដំណើរ​សម្រាប់​ជនបរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា​នៅ​ព្រំដែន​គោក​និង​សម្រាប់​ការធ្វើដំណើរ​តាម​អាកាស​។​

​ជំនួយការ​អ្នកនាំពាក្យ​សេត​វិមាន​លោក ខេ​វិន មូ​នូស បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា “​គោលនយោបាយ​នេះ​ត្រូវបាន​នាំ​ផ្លូវ​ដោយ​សុខភាព​សាធារណៈ ភាពម៉ឺងម៉ាត់ និង ការ​ស្របគ្នា​ទៅ​ទិស​ដៅ​គ្នា​តែ​មួយ​”​។​

​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​នៃ​មេរោគ​កូរ៉ូណា ព្រំដែន​អាម៉េរិក​ត្រូវ​បាន​បិទ​បន្ទាប់​ពី​ខែ​មីនា​ឆ្នាំ ២០២០ ចំពោះ​អ្នក​ដំណើរ​មក​ពី​ទូទាំង​ពិភពលោក​រួមទាំង​សហភាព​អឺរ៉ុប អង់គ្លេស ចិន ឥណ្ឌា និង​ប្រេ​ស៊ីល​។ អ្នកទេសចរ​ពី​ម៉ិក​ស៊ិកនិង​កាណាដាក៏​ត្រូវបាន​ហាម​ឃាត់​ផងដែរ​។​

​ការ​រឹតត្បិត​រាប់​ខែ​បាន​នាំឱ្យ​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​បុគ្គល​គ្រប់​រូប​និង​សេដ្ឋកិច្ច​។​

​ក្រោម​គោលនយោបាយ​ថ្មី​ដែល​បាន​គូសបញ្ជាក់​កាលពី​ខែ​មុន អ្នកដំណើរ​តាម​អាកាស​ដែល​បាន​ចាក់​វ៉ាក់សាំង​នឹង​ត្រូវ​ធ្វើតេស្តិ៍​ក្នុង​រយៈពេល​បី​ថ្ងៃ​មុន​ពេល​ធ្វើដំណើរ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវដាក់​ឱ្យ​ដំណើរការ​នៅនឹងកន្លែង​នូវ​ប្រព័ន្ធ​តាមដាន​ទំនាក់ទំនង​។​

​សូម​រំលឹក​ថា ការ​រឹតត្បិត​លើ​ពលរដ្ឋ​មិនមែន​ជា​ជនជាតិ​អាម៉េរិក​ត្រូវបាន​ដាក់​លើ​អ្នកដំណើរ​តាម​អាកាស​ដំបូង​ពី​ប្រទេស​ចិន​នៅ​ខែ​មករា​ឆ្នាំ ២០២០ ដោយ​អតីត​ប្រធានាធិបតី​ដូណាល់ ត្រាំ ហើយ​បន្ទាប់មក​បាន​ពង្រីក​ដល់​អ្នក​ដែល​មកពី​ប្រទេ​សរាប់​សិប​ផ្សេងទៀត​ដោយ​គ្មាន​លក្ខណៈវិនិច្ឆ័យ​ច្បាស់លាស់​អំពី​របៀប​និង​ពេលវេលា​ត្រូវ​ដក​ការ​រឹតត្បិត​ទាំងនោះ​។​

​សហរដ្ឋ​អាម៉េរិក​បាន​ដើរ​យឺតយ៉ាវ​ជាង​ប្រទេស​ជាច្រើន​ទៀត​ក្នុង​ការដក​ការ​រឹតបន្តឹង​បែប​នេះ​ហើយ​សម្ពន្ធមិត្តរ​បស់​ខ្លួន​បាន​ស្វាគមន៍​ចំពោះ​ចំណាត់ការ​នេះ​។​ការ​រឹតត្បិត​របស់​អាម៉េរិក​​បាន​រារាំង​អ្នកដំណើរ​មក​ពី​ផ្នែក​ជាច្រើន​នៃ​ពិភពលោក​រួមទាំង​ជនបរទេស​រាប់សែន​នាក់​ដែល​មាន​សាច់ញាតិ​ឬ​ទំនាក់ទំនង​អាជីវកម្ម​នៅ​សហរដ្ឋ​អាម៉េរិក​៕

អ្នកដំណើរ​ឆ្លងកាត់​ស្លាក​សញ្ញា​ច្បាប់​កូ​វីដ​នៅ​អា​សយានដ្ឋាន​អន្តរជាតិ​ក្រុង​ហ្វូ​និក​រដ្ឋ​អា​រី​ហ្សូ​ណា​កាលពី​ថ្ងៃទី​២៤​កញ្ញា​២០២១