ភ្នំពេញៈ​ថ្ងៃទី​១០ ខែតុលា​ឆ្នាំ​២០២១​កន្លងទៅនេះ គឺជា​គម្រប់​៤២​ឆ្នាំ​នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ​( ១០ តុលា ១៩៧៩-១០ តុលា ២០២១)​។​ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ រស្មី​កម្ពុជា សូម​ដកស្រង់​មក​ចុះផ្សាយ​ជូន​ទាំងស្រុង​នូវ​អត្ថបទ​ប្រវត្តិ​នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ​។​អត្ថបទ​នេះ​ចងក្រង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។​ខ្លឹមសារ​មាន​ដូចតទៅ​៖

ធនាគារជាតិ​នៃ​កម្ពុ​ជាមាន​ប្រវត្តិ​យូរអង្វែង ដែល​អាច បែង​ចែកជា​បួន​ដំណាក់កាល​ដូចខាងក្រោម ៖

– ឆ្នាំ​១៩៥៤ ដល់​ឆ្នាំ​១៩៦៤:​ ​ប្រទេស​កម្ពុជា​បានទទួល​បាន​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​ក្នុង​ឆ្នាំ​១៩៥៤ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​ត្រូវបាន​បង្កើតឡើង ។ ធនាគារជាតិ​នៃ​កម្ពុជា​ទទួលភារៈ​ផ្តាច់​មុខជា​អ្នក​បោះពុម្ព​ប្រាក់រៀល ដែលជា​រូបិយវត្ថុ​ជាតិ និង​គ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​។​

– ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩:​ ​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​បិទ​ដោយសារ​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) ។ អគារ​ស្នាក់ការ​ត្រូវបាន​កម្ទេច រូបិយវត្ថុ​ជាតិ​ត្រូវបាន​ឈប់​ប្រើប្រាស់ ហើយ​ប្រព័ន្ធ​ធនាគារ​ត្រូវបាន​លុបបំបាត់ចោល​ទាំងស្រុង ។​

– ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣:​ ​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​កសាងឡើង​វិញ​ពី​ចំណុចសូន្យ ។ ទន្ទឹមនេះ រូបិយវត្ថុ​ជាតិ​ក៏​ត្រូវបាន​បោះផ្សាយ​ឡើងវិញ​។ កម្ពុជា​បាន​ប្តូរ​ពី​សេដ្ឋកិច្ច​ផែនការ​ទៅជា​សេដ្ឋកិច្ច​ទីផ្សារសេរី ។​

– ឆ្នាំ​១៩៩៣ ដល់​បច្ចុប្បន្ន​:​ ​ប្រព័ន្ធ​ធនាគារ​ត្រូវបាន​ពង្រឹង​និង​ធ្វើ​ទំនើបភាវូបនីយកម្ម​ជា​លំដាប់ ហើយ​កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្លាំងជាងគេ​នៅលើ​ពិភពលោក ។​

ឯករាជ្យភាពនិងការបង្កើតឡើងវិញ (១៩៥៤-១៩៦៤)

​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ខែធ្នូ ឆ្នាំ​១៩៥៤ បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពី​អា​និគម​និយម​បារាំង និង​បន្ទាប់ពី​វិទ្យាស្ថាន​បោះ​ប្រាក់​ឥណ្ឌូចិន​ត្រូវបាន​បិទទ្វារ​។​
​មុន​ទទួលបាន​ឯករាជ្យ វិទ្យាស្ថាន​បោះ​ប្រាក់​ដែល​ទីតាំងនៅ​ប្រទេស​កម្ពុជា បាន​បោះពុម្ព រូបិយវត្ថុ​រួមគ្នា​សម្រាប់​បី​ប្រទេស​នៅ​ឥណ្ឌូចិន​គឺ ប្រទេស​កម្ពុជា ប្រទេស​ឡាវ និង​វៀតណាម ។​


​បន្ទាប់ពី​ទទួលបាន​ឯករាជ្យ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បោះផ្សាយ​រូបិយវត្ថុ​ជាតិ (​ប្រាក់រៀល​) ដើម្បី​បំពេញ​អធិបតេយ្យភាព​ក្នុងការ​រក្សា​ស្ថិរភាព​រូបិយវត្ថុ និង​ជួយ​កសាង​អត្តសញ្ញាណ​ជាតិ ។ ក្នុងពេល​នោះដែរ ប្រព័ន្ធ​ធនាគារ​ក្នុងស្រុក​ត្រូវបាន​កសាងឡើង​វិញ ដែលមាន​ទាំង​ធនាគារ រដ្ឋ និង​ឯកជន​ធ្វើ​ប្រតិបត្តិការ​រួមគ្នា ។​


​ក្នុងសម័យ​សង្គមរាស្ត្រនិយម​នា​ទសវត្ស​ឆ្នាំ​១៩៦០ ក្រោម​ការដឹកនាំ​របស់​ព្រះបាទ នរោត្តម​សីហនុ ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ការអភិវឌ្ឍន៍​រីកចំរើន​ទូទាំង​ផ្ទៃ​ប្រទេស ។ នៅ​ឆ្នាំ​១៩៦៤ ប្រព័ន្ធ​ធនាគារ​ត្រូវបានធ្វើ​កំណែទម្រង់ ដើម្បី​ឲ្យ​ត្រូវ​តាម​តម្រូវការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​នា​សម័យ​នោះ ដោយបាន​ប្រែក្លាយ​ធនាគារជាតិ​នៃ​កម្ពុជា​ពី​ទម្រង់​ស្ថាប័ន​ពាក់ កណ្តាល​ស្វ័យ​ត ទៅជា​ធនាគារ​រដ្ឋ​ក្រោម​ទម្រង់​ជា​ស្ថាប័ន​សាធារណៈ ដែលមាន​លក្ខណៈ ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ។ ទន្ទឹមនឹង​នេះដែរ ធនាគារ​សាធារណៈ និង​ឯកជន​ជាច្រើន ត្រូវបាន​បិទ ហើយ​រាជរដ្ឋាភិបាល​បាន​កសាង​ធនាគារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​មួយចំនួន​ដូចជា ធនាគារ​ឥណទាន​សម្រាប់​ការអភិវឌ្ឍន៍ និង​ធនាគារ​កសិកម្ម​ជនបទ​។​


​របប​ខ្មែរក្រហម (១៩៧៥-១៩៧៩)​នា​ថ្ងៃ​១៧ ខែមេសា​ឆ្នាំ​១៩៧៥ នៅពេលដែល​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) កាន់អំណាច ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​បិទទ្វារ អគារ​ស្នាក់ការ​ត្រូវបាន​កម្ទេច រូបិយវត្ថុ ជាតិ​ត្រូវបាន​ឈប់​ប្រើប្រាស់ ហើយ​ប្រព័ន្ធ​ធនាគារ​ត្រូវបាន​លុបបំបាត់ចោល​ទាំងស្រុង ។ នា​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៧៩ របប​ខ្មែរក្រហម​ត្រូវបាន​គេ​ផ្តួលរំលំ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​បង្កើត​ឡើងវិញ នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​១៩៧៩ ក្នុងនាម​ជា​ធនាគារកណ្តាល​របស់​ប្រទេស និង​ត្រូវបាន​ប្តូរ​ឈ្មោះ​ជា “​ធនាគារជាតិ​នៃ​ប្រជាជន កម្ពុជា​” ដោយ​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ។ ទោះជា​យ៉ាងនេះ​ក្តី ការកសាង​ធនាគារ ជាតិ​នៃ​កម្ពុជា​និង​ប្រទេសជាតិ​បន្ទាប់ពី​សង្គ្រាម​ទើបនឹង​បញ្ចប់​ភ្លាម​នេះ គឺមាន​ការលំបាក​យ៉ាង ខ្លាំង ។ ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​កសាង​ប្រព័ន្ធ​ធនាគារ​ជាថ្មី ឡើងវិញ​ដោយ​ផ្តើមចេញពី​ចំនុចសូន្យ ឯកឧត្តម ជា ចាន់តូ ទេសរដ្ឋមន្ត្រី​និង​ជា​អភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​អ្នក​ផ្តួចផ្តើម​ម្នាក់​ក្នុងចំណោម​អ្នក​ផ្តួច​ផ្តើមកសាង​ធនាគារជាតិ​នៃ កម្ពុជា​ដទៃទៀត​) ព្រមទាំង​បុគ្គលិក​មួយចំនួន​តូច ដែល​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុះ​មុត​ក្នុង​ការកសាង​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ ។​

របបខ្មែរក្រហម (១៩៧៥-១៩៧៩)
.រ​បប​ខ្មែរក្រហម​បាន​បន្សល់ទុក​នូវ​បញ្ហា​ប្រឈម​ជាច្រើន ។ ដោយសារ​បញ្ញវ័ន្ត​ជាច្រើន រូប ត្រូវបាន​សម្លាប់​ដោយ​ពួក​ខ្មែរក្រហម និង​ខ្លះទៀត​បាន​ភៀសខ្លួន​ចេញពី​ប្រទេស បន្ទាប់ ពី​សង្គ្រាម ចំនួន​អ្នកចេះដឹង អ្នកជំនាញ និង​អ្នកមាន​បទពិសោធន៍​មាន​ចំនួន​តិចតួច ។ អ្នក​នៅ រស់រានមានជីវិត​និង​មាន​សមត្ថភាព​មួយចំនួន ដែល​នៅ​សេសសល់​ក្នុងប្រទេស​មានការ​ភ័យ ខ្លាច​ក្នុងការ​ធ្វើការ ដោយសារ​ពួកគេ​មាន​គិតថា​របប​ខ្មែរក្រហម​អាច​នឹង​វិលត្រឡប់​មកវិញ​។ លើសពីនេះ​ទៀត គឺមាន​កង្វះ​យ៉ាងធ្ងន់ធ្ងរ​នៃ​ធនធាន​ហិរញ្ញវត្ថុ ។​

​ក្នុងពេលដែល​សេដ្ឋកិច្ច​នៅ​ទន់ខ្សោយ​នៅឡើយ ហើយ​ការផ្គត់ផ្គង់​សាច់ប្រាក់​ស្ទើរតែ មិនមាន​សោះ​ដោយសារតែ​គោលនយោបាយ​របស់​ខ្មែរក្រហម សកម្មភាព​សេដ្ឋកិច្ច​នៅតែ​ត្រូវ បានធ្វើ​ឡើងជា​លក្ខណៈ​ដោះដូរ​ទំនិញ​និង​ទំនិញ ចំណែក​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល​ត្រូវបាន ទូទាត់​ដោយ​ប្រើ​អង្ករ ត្រី ប្រេង ជាដើម ។ រហូតដល់​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​១៩៨០ ធនាគារ នៃ​ប្រជាជន​កម្ពុជា​បាន​បោះផ្សាយ​ប្រាក់រៀល​ឡើងវិញ ដើម្បី​សម្រួល​ដល់​ការដោះដូរ​ទំនិញ និង​ការទូទាត់​ប្រាក់​បៀរ​វត្ស​មន្ត្រីរាជការ​ស៊ីវិល ។ បើទោះបីជា​ជួបប្រទះ​បញ្ហា​ប្រឈម​ទាំងនេះ ជា​រៀងរាល់​ថ្ងៃខែ​ឆ្នាំ​ក៏ដោយ ក៏​មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​នៅតែ​បន្ត​ពុះពារ​ឆ្ពោះទៅ មុខជា​និច្ច ក្នុង​ការកសាង​ធនាគារជាតិ​ឡើងវិញ​បន្តិច​ម្តងៗ​។​

ការកសាង​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ (១៩៧៩-១៩៩៣)

​ក្នុងអំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ ធនាគារ​នៃ​ប្រជាជន​កម្ពុ​ជាមាន​តួនាទី​ចម្បងៗ​បី​គឺ ជា អាជ្ញាធរ​រូបិយវត្ថុ ជា​រតនាគារជាតិ និង​ជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ ដែល​រួមមាន សេវា ឥណទាន សេវា​ទទួល​ប្រាក់​បញ្ញើ និង​សេវា​ទូទាត់ ។ ចាប់តាំងពី​អគារ​ស្នាក់ការ​ធនាគារ​ជាតិ នៃ​កម្ពុជា​ត្រូវបាន​កំទេច​ដោយ​ខ្មែរក្រហម ស្នាក់ការ​កណ្តាល​បណ្តោះអាសន្ន​របស់​ធនាគារ ត្រូវបាន​បើក​នៅ​ជាន់​លើ​នៃ​ធនាគារ​ខ្មែរ​ពាណិជ្ជ ។ ធនាគារ​ប្រជាជន​នៃ​កម្ពុជា បាន​បង្កើត រចនាសម្ព័ន្ធ​ដឹកនាំ ក៏ដូចជា​សកម្មភាព​ប្រតិបត្តិការ​ជាច្រើន​ទៀត និង​បាន​ពង្រីក​បណ្តាញ សាខា​របស់ខ្លួន​ដល់ ២៤ ខេត្ត​-​ក្រុង​ទូទាំង​ប្រ​ទស ។ ចាប់តាំងពី​ឆ្នាំ​១៩៨៩ មក ប្រព័ន្ធ​ធនាគារ បានធ្វើ​កំណែទម្រង់​បន្តិច​ម្តងៗ តាមរយៈ​ការផ្លាស់ប្តូ​រធនាគារ​ខេត្ត​-​ក្រុង​ចំនួន​២០ ទៅជា ធនាគារ​ឯកទេស​ខេត្ត​-​ក្រុង ហើយ​ធ្វើ​ប្រតិបត្តិការ​ជាមួយនឹង​ស្វ័យភាព​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច នៅក្នុង​ដែនដី​របស់​ពួកគេ ។ ក្នុងនាម​ជា​អាជ្ញាធរ​រូបិយវត្ថុ ធនាគារ​នៃ​ប្រជាជន​កម្ពុជា​បាន ត្រួតពិនិត្យ​លើ​ដំណើរការ​របស់​ធនាគា​រ​ពាណិជ្ជ​ទាំងនោះ ។ អគារ​ស្នាក់ការ​ធនាគា​រ​ជាតិ​នៃ កម្ពុជា​ត្រូវបាន​កសាងឡើង​វិញ​នៅ​ឆ្នាំ ១៩៩០ ។​


​នៅ​ឆ្នាំ​១៩៩១ ធនាគារពាណិជ្ជ​ដំបូង​គេ (​ធនាគារពាណិជ្ជ​កម្ពុជា​“CCB”) ត្រូវបាន​បង្កើត ឡើង​ក្រោម​ទម្រង់​ជា​ធនាគារ​វិនិយោគ​រួមគ្នា​របស់​រដ្ឋ ដើម្បី​ទាក់ទាញ​វិនិយោគិន និង​បម្រើ​ឲ្យ សកម្មភាព​អាជ្ញាធរ​អ៊ុនតាក់​ប្រចាំ​នៅ​កម្ពុជា ។ សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី​២៣ តុលា​ឆ្នាំ​១៩៩១ បាន​ផ្លាស់ប្តូរ​របប​សេដ្ឋកិច្ច​កម្ពុជា ពី​សេដ្ឋកិច្ច​ផែនការ​មកជា​សេដ្ឋកិច្ច​ទីផ្សារសេរី ។​

​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​១៩៩២ រដ្ឋសភាជាតិ​បានអនុម័ត​ច្បាប់​ស្តីពី​ការប្តូរឈ្មោះ និង​កាតព្វកិច្ច​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​ពី “ ធនាគារ​នៃ​ប្រជាជន​កម្ពុជា​” មកជា “​ធនាគារ ជាតិ​នៃ​កម្ពុជា​” វិញ ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ​ដោយ​ក្រុមប្រឹក្សារដ្ឋ​នា​ថ្ងៃទី​០៨ ខែ​មិនា ឆ្នាំ​១៩៩២​។ ធនាគារជាតិ​នៃ​កម្ពុជា បាន​ចងក្រង​និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ ហិរញ្ញវត្ថុ ឆ្នាំ​២០០១-២០១០ ។ ឯកសារ​នេះ មានមុខ​ងារ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​សាធារណជន​ចំពោះ​ប្រព័ន្ធ​ធនាគារ និង​វិធីសាស្ត្រ​ដែល​កម្ពុជា​អាចធ្វើ​សមាហរណកម្ម​ទៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល ។ ក្នុងនាម​ជា ធនាគារកណ្តាល​របស់​ជាតិ ធនាគារជាតិ​នៃ​កម្ពុជា​ធ្វើការ​កែលម្អ​អគារ​ស្នាក់ការ នៅ​ឆ្នាំ​២០០៣ ដើម្បី​លើកមុខ​មាត់ និង​កិត្យានុភាព​របស់ខ្លួន ។​

​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់ ចាប់តាំងពី​ពាក់កណ្តាល ទសវត្ស​ឆ្នាំ​១៩៩០ នៅពេលដែល​ច្បាប់​ស្តីពី​ការរៀបចំ និង​ការ​ប្រ​ព្រឹ​ត្ដទៅ​នៃ​ធនាគារជាតិ នៃ​កម្ពុជា ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ច្បាប់​និង​បទ​ប្បញ្ញត្តិ​នានា ក៏ដូចជា​គន្លឹះ នៃ​ការធ្វើកំណែទម្រង់​វិស័យ​ធនាគារ​សំខាន់​ផ្សេងទៀត​ត្រូវបាន​អនុវត្ត ។​


ទំនើប​ភា​វូ​នីយកម្ម​ប្រព័ន្ធ​ធនាគារ (១៩៩៣-​បច្ចុប្បន្ន​)

​បច្ចុប្បន្ន ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា រួមមាន ធនាគារពាណិជ្ជ​ចំនួន​៣៦ ធនាគារ​ឯកទេស ចំនួន​១១ តំណាង​ធនាគារ​បរទេស​ចំនួន​៧ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៣៩ (​ក្នុងនោះ​រួម បញ្ចូល​ទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​០៧) ប្រតិបត្តិ​ករ​ឥណទាន​ជនបទ ចំនួន​៣៨ ក្រុមហ៊ុន​ជួល​ចំនួន​៦ ការិយាល័យ​ឥណទាន​ចំនួន​១, ដំណើរការ​ត​តី​យ​ភាគី ចំនួន​៦ និង​អាជីវករ​ប្តូរប្រាក់​ចំនួន​១.៧៧០ ។ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាននិងកំពុង​បន្ត​ពង្រីក បណ្តាញ​ប្រតិបត្តិការ​របស់ខ្លួន តាមរយៈ​ការបើក​សាខា និង​ការិយាល័យ​តំណាង​ជាច្រើន​កន្លែង​ក្នុង​រាជធានី​-​ខេត្ត និង​តម្លើង​ម៉ាស៊ីន​ដក​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (​អេ​ធី​អឹម​) បន្ថែម​លើ​ការ ផ្តល់​សេវា​ទូទាត់​អេឡិចត្រូនិក ។​
​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​មានដំណើរ​យ៉ាង​វែងឆ្ងាយ ពោលគឺ​ចាប់តាំងពី​ការកសាង មូលដ្ឋានគ្រឹះ​ប្រព័ន្ធ​ធនាគារ​បន្ទាប់ពី​បានទទួល​ឯករាជ្យ មក ការបំផ្លិចបំផ្លាញ​នៃ​ប្រព័ន្ធ​រូបិយវត្ថុ ក្នុង​របប​ខ្មែរក្រហម បន្ទាប់មក ការទូទាត់​ប្រាក់បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល​ដោយ​អង្ករ​និង​ត្រី រហូតដល់​ការកសាង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ដែល​ប្រកបដោយ​ការគ្រប់គ្រង​យ៉ាង​ល្អ និង ចាក់ស្រេះ ចាប់តាំងពី​បាតដៃ​ទទេ ៕សរន

(ប្រភពធនាគារជាតិនៃកម្ពុជា)