​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ បម្រាម​ព្រំដែន​អូស​បន្លាយពេល​យូរ​របស់​អូស្ត្រាលី​មើលទៅ​ទំនង​នៅតែ​រក្សាទុក​ដដែល​សម្រាប់​អ្នកទេសចរ​បរទេស និស្សិត​អន្ដរជាតិ​និង​អ្នក​​កាន់​ទិដ្ឋាការ​ធ្វើការ ទោះបីជា​មេដឹកនាំ​នៃ​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​របស់​ខ្លួន​បាន​ប្រកាស​ថា​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​អន្តរជាតិ​នឹង​ត្រូវ​បាន​លុបចោល​សម្រាប់​អ្នកដំណើរ​​ដែល​ចាក់​វ៉ាក់សាំង​ចាប់ពី​ខែក្រោយ​ក៏ដោយ​។​

​អភិបាលរដ្ឋ​ញូ​វ​សោត​វេ​លលោក ដូ​មីនិក ភើ​រ៉ូត​ថេត កាលពី​ថ្ងៃ​សុក្រ​ទី​១៥​តុលា​បាន​ប្រកាស​អំពី​ការផ្លាស់ប្តូរ​គោលនយោបាយ​ដ៏​ធំ​មួយ​ដោយ​និយាយថា​ព្រំដែន​នឹង​បើក​សម្រាប់​អ្នកទស្សនា​​ដែល​ចាក់​វ៉ាក់សាំង​ពេញលេញ​នៅ​ថ្ងៃទី ១ ខែវិច្ឆិកា ដោយ​មិន​មាន​ការតម្រូវ​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក​ទេ ប្រសិន​បើ​ពួកគេ​ធ្វើតេស្តិ៍​អវិជ្ជ​មាន​កូវី​ដ​១៩​មុនពេល​ឡើង​យន្តហោះ​។​

​ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក នាយករដ្ឋមន្ត្រី​ស្កុត ម៉ូ​រី​សុន​បាន​និយាយថា ការ​រឹតបន្តឹង​នឹង​ត្រូវ​បន្ធូរបន្ថយ​នៅ​ថ្ងៃទី ១​ខែវិច្ឆិកា​សម្រាប់​តែ​អ្នកស្រុក​និង​ក្រុម​គ្រួសារ​ដែល​វិលត្រឡប់​មក​ស្រុក​​វិញ​ប៉ុណ្ណោះ​។ លោក​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា​គ្មាន​ការសម្រេចចិត្ត​ណាមួយ​ត្រូវបាន​កំណត់ថា​ពេលណា​ប្រទេស​នេះ​នឹង​បើក​ទទួលភ្ញៀវ​ទេសចរ​និង​អ្នក​កាន់​ទិដ្ឋាការ​ផ្សេង​​នោះទេ​។​

​លោក​ម៉ូ​រី​សុន​និយាយថា “​យើង​មិន​បើកទ្វារ​ចំពោះ​អ្នក​រាល់​គ្នា​ដែល​ត្រឡប់​មក​អូស្ត្រាលី​វិញ​ទេ​នៅពេលនេះ​។ ខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​អំពី​រឿង​នេះ​។​អ្វីៗ​វា​អាស្រ័យ​លើ​រដ្ឋាភិបាល​ជាតិ​និង​រដ្ឋាភិបាល​​សហព័ន្ធ​ក្នុង​ការសម្រេច​ថា​តើ​ព្រំដែន​នេះ​នឹង​បើក​នៅ​កម្រិត​អន្តរជាតិ​នៅពេលណា​”​។​

​លោក​ម៉ូ​រី​សុន​បញ្ជាក់ថា​ជន​ចំណាកស្រុក​ដែលមាន​ជំនាញ​និង​និស្សិត​នឹងត្រូវ​ស្វាគមន៍​មុន​ភ្ញៀវទេសចរ​អន្តរជាតិ ដោយ​មិន​បញ្ជាក់​លម្អិត​ទេ​៕

 នាយករដ្ឋមន្ត្រី​ស្កុត ម៉ូ​រី​សុន​បាន​និយាយថា អូស្ត្រាលី​នឹងមិន​បើក​ព្រំដែន​នៅ​ថ្ងៃទី​១​វិច្ឆិកា​នោះ​ទេ​ក្រោយ​ពី​អភិបាលរដ្ឋ​ញូ​វ​សោត​វេល​(ស្តាំ)ប្រកាសថា ទីក្រុង​ស៊ីដនី​នឹង​ចាប់ផ្តើម​ទទួល​អ្នក​ភ្ញៀវបរទេស​ឡើង​វិញ​ចាប់ពី​ថ្ងៃ​១​វិច្ឆិកា​