​ដោយៈ យោធិន / ភ្នំពេញៈ កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ក្នុង​បេសកកម្ម អង្គការ​សហ ប្រជាជាតិ នៅ​សាធារណរដ្ឋ​ម៉ាលី ជា​ប្រទេស ដែលមាន​សមុទ្រ​ខ្សាច់ សាហា​រ៉ា គឺ​បាន​ចូល រួម​កម្ទេច​គ្រាប់​កែច្នៃ សម្រេចបាន​ជោគជ័យ ជាច្រើន​កន្លែង ដែល​ក្រុម​ឧទ្ទាម បានដាក់​នៅ តាមផ្លូវ ដើម្បី​បំផ្ទុះ​រថយន្ត​ដឹកទំនិញ ឬ​អ្នក​ថ្មើរជើង ក៏ដូចជា រថយន្ត​របស់​មន្ត្រី​អង្គការ​សហ ប្រជាជាតិ ជាដើម​។ នេះ​បើ​យោងតាម​ការចេញផ្សាយ លើ​ព្រឹត្តិប័ត្រ​ពត៌មាន​របស់ អង្គការសហប្រជាជាតិ មាន​មូលដ្ឋាន នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​

​ប្រភពពី​អង្គការសហប្រជាជាតិ បាន​បន្តថាៈ ការគំរាមកំហែង នៃ​អាវុធជាតិផ្ទុះ ឬ គ្រាប់​កែច្នៃ​នេះ បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ជន​ស៊ីវិល នៅ​ប្រទេស​ម៉ាលី​។ ជាក់ស្តែង ចាប់ពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៣ រហូតដល់​ខែសីហា ឆ្នាំ​២០២១ មាន​ឧប្បត្តិហេតុ កើតឡើង​ជាង ១.៣០០ ករណី​ទាក់ទង​ទៅនឹង​ការ​បំផ្ទុះ​គ្រាប់បែក ដោយ​សម្លាប់​មនុស្ស ជាង ៣៧០ នាក់ និង​របួស​ជាង ៧៤០ នាក់​។​

​ប្រភព​ខាងលើ បាន​បន្តថាៈ នៅ​ឆ្នាំ​២០២០ ជន​ស៊ីវិល​មាន​ចំនួន​ប្រហែល ៤៩% នៃ​ជនរងគ្រោះ ដោយសារ​គ្រាប់​កែច្នៃ ដែល​ភាគច្រើន ជា​ស្ត្រី និង​កុមារ ។​

​ទាក់ទិន​ទៅនឹង​ការងារ ខាងលើនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គនាយក មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព បានឱ្យដឹង នាពេល​កន្លងទៅ ថ្មីៗ​នេះ​ថាៈ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​បញ្ជូន​កងកម្លាំង ទ័ព​មួក​ខៀវ​កម្ពុជា ចំនួន ៨ លើក រួចមកហើយ ក្នុងនោះ គឺមាន​កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ និង​កងវិស្វកម្ម ព្រលានយន្តហោះ ទៅកាន់​តំបន់ បេសកកម្ម​របស់ អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ម៉ាលី​។ កង​កម្ទេច​គ្រាប់​មិនទាន់ ផ្ទុះ តែងតែ​ចុះ​អនុវត្ត កម្ទេច​គ្រាប់​កែច្នៃ ឬ​ការ​បង្កៃគ្រាប់ នៅតាម​ដងផ្លូវ បង្កឡើង​ដោយ ក្រុម​ឧទ្ទាម​ជានិច្ច និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​។​

​សូមបញ្ជាក់ថាៈ កាលពី​ខែកញ្ញា ឆ្នាំ​២០២១ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថាៈ កម្ពុ​ជាមាន​មោទនភាព យ៉ាង​ក្រៃលែង ដែល​បាន ប្រែក្លាយ ពី​ប្រទេស​ធ្លាប់តែ​ទទួល​ជំនួយ ពី​កងកម្លាំង​រក្សា​សន្តិភាព អង្គការសហប្រជាជាតិ ទៅជា​ប្រទេស ដែលមាន​លទ្ធភាព បញ្ជូន​កងកម្លាំង ជា​បន្តបន្ទាប់ ចូលរួម​បេសកកម្ម ថែរក្សា​សន្តិភាព នៅតាម​បណ្តា​ប្រទេស​នានា ដែល​កំពុង​ជួបប្រទះ​នឹង​វិបត្តិ​នៃ​ភ្លើងសង្គ្រាម​។​ ​រយៈពេល ១៦ ឆ្នាំ​មកនេះ កម្ពុជា​ទទួលបាន​ការ​កោតសរសើរ គ្រប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​។​

សម្តេច​តេ​ជោ ក៏បាន​លើកឡើង​ដែរ​ថាៈ កម្ពុជា​នៅតែមាន​ជំហរ​ដដែល ក្នុង​ការបន្ត​បញ្ជូន កងកម្លាំង​កម្ពុជា ចូលរួម​បំពេ​ញេ​បេសកកម្ម អង្គការសហប្រជាជាតិ​។​

​សូមបញ្ជាក់​បន្ថែមថាៈ តាម​ការវាយតម្លៃ​រប​ស់ អង្គការសហប្រជាជាតិ នា​ខែ​កក្ត​ដា ឆ្នាំ​២០២១ នេះ កម្ពុជា​ទទួលបាន ចំណាត់ថ្នាក់ លេខ​២៧ លើ​១២២ ប្រទេស ដែល​បរិច្ចាគ កងកម្លាំង និង លេខ​១៣ ក្នុងការ​បញ្ជូន​កងក​ម្លាំ​ង​នារី ចូលរួម​បេសកកម្ម​។ ដោយឡែក​ក្នុង​សហគមន៍​អាស៊ាន កម្ពុជា​ទទួល​ចំណាត់ថ្នាក់​លេខ ២ ។ រហូតដល់ បច្ចុប្បន្ននេះ កម្ពុជា បញ្ជូន​កម្លាំង​ជាង ៥.៧០០ នាក់ ក្នុងការ​ចូលរួម​បំពេញបេសកកម្ម អង្គការសហប្រជាជាតិ ៕/V​