ដោយៈ ភ្នំ​ដែក / ព្រះវិហារ​៖ ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​មូលដ្ឋាន​ស្រុក​ជ័យ​សែន បានលើកឡើង​ថាៈ “​គ្មាន​ថ្នាក់ដឹកនាំ​គណបក្ស​ណា ដែល​បាន​ជួយ​ពលរដ្ឋ​ខ្មែរ ក្រៅពី​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា នោះឡើយ​”​។ នេះ​គឺជា​កា​ថ្លែង​របស់លោក កង សៅ​គុណ ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​មូលដ្ឋាន​ស្រុក​ជ័យ សែន នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១ ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជនកម្ពុជា ឃុំ​តស៊ូ និង​ក្រុម​សកម្មជន​យុវជន​បក្ស​ភូមិ​ទាំង ៣ ក្នុងស្រុក​ជ័យ​សែន ប្រមាណ ៦០ នាក់​។​

​លោក កង សៅ​គុណ បាន​មានប្រសាសន៍ថាៈ សព្វថ្ងៃនេះ ក្រោម​កា​ដឹកនាំ​ដ៏​ឆ្លាត​វ៉ៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​ជា​មគ្គុទេសក៍ ស្ថាបនិក​សន្តិភាព ដែល​លោក​បាន​លះបង់ នូវ​អ្វី សព្វបែបយ៉ាង ជាពិសេស​ជីវិត​ផ្ទាល់​របស់​សម្តេច ដើម្បី​ប្តូរ​យក​សន្តិភាព ជូន​ពុក​ម៉ែ បងប្អូន និង​ប្រទេសជាតិ​ទាំងមូល​។​

​លោក​បាន​បន្តថាៈ យើង​គួរ​ចូលរួម​ថែរក្សា និង​អភិរក្ស​សន្តិភាព​នេះ ឲ្យ​បាន​នៅ​ឋិតថេរ និង​គង់​វង់​តទៅទៀត​។ ក្នុងនោះ លោក បានបញ្ជាក់​ថាៈ បើ​យើង​រក្សា​ព្រៃ​បាន​ហើយ​នោះ យើង​ក៏​មិន​ខ្វះ​អុស​ដុត​នោះដែរ​។​

​គួរ​បញ្ជាក់ថា លោក​ប្រធាន​ក្រុមការងារ និង​ថ្នាក់ដឹកនាំ​រួម​ដំណើរ ក៏បាន​អញ្ជើញ​ចែក អាវយឺត ដល់​សមាជិក​ចំនួន​ទាំង ៦០ នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​អាវយឺត​១ និង​ថវិកា ចំនួន ២ ម៉ឺន​រៀល​។ ដោយឡែក លោក អ៊ុក គឹម​សាន ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ខេត្ត ក៏បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា ចំនួន ១​លាន​៦០​ម៉ឺន​រៀល ផងដែរ​៕/V​