​ប្រែ​សម្រួលៈ​វាសនា​/​គូ​ឡា​ឡាំ​ពួរ​(​អេ​ភី​,​ស្ត្រេត​ថែមស៍​)៖​ក្រុម​រដ្ឋមន្ត្រីការបរទេស​អាស៊ីអាគ្នេយ៍ បាន​ព្រមព្រៀង​គ្នា​ថា​នឹង​បន្ទាប​ឋានៈ​នៃ​ការចូលរួម​របស់​អាជ្ញា​ធរ​មី​យ៉ាន់​ម៉ា​នៅក្នុង​ជំនួប​កំពូល​​នា​ពេល​ខាង​មុខ​មួយ ដែល​នេះ​ជាការ​វាយ​សំពង​ខ្លាំង​បំផុត​មិន​ដែល​មាន​ពីមុន​មក​របស់​ក្រុម​មេដឹកនាំ​ប្លុក​ប្រចាំ​តំបន់​ក្រោយ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​១​កុម្ភៈ​។​

​ប្រធាន​អាស៊ាន ប្រទេស​ព្រុយ​ណេ បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា សមាគម​អាស៊ាន​នឹង​អញ្ជើញ​តំណាង​មិន​កាន់​តំណែង​នយោបាយ​ម្នាក់ ជំនួស​អោយ​មេដឹកនាំ​យោធា ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អ៊ុង​ហ្លាំង ។​

​ប្លុក​ដែលមាន​១០​ប្រទេស​នេះ បាន​ស្ថិតក្រោម​សម្ពាធ​អន្តរជាតិ​ជាខ្លាំង​អោយ​ខិតខំ​បន្ថែមទៀត​ដើម្បី​បង្ខំ​អោយ​រដ្ឋ​ជា​សមាជិក​មួយ​របស់​ខ្លួន បញ្ឈប់​អំពើហិង្សា​ដែល​បណ្តាលអោយ​ស្លាប់​ជន​ស៊ីវិល​​ជាង​១.១០០​នាក់ ហើយ​ដោះលែង​មេដឹកនាំ​នយោបាយ រួម​មាន​អតីត​មេដឹកនាំ​អ៊ុង សាន ស៊ូ​ជី ផង​។​

​ក្រុម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​បើក​កិច្ចប្រជុំ​គ្រាអាសន្ន​មួយ​កាលពី​យប់​ថ្ងៃ​សុក្រ ក្រោយ​ពី​មី​យ៉ាន់​ម៉ា​បដិសេធ​មិន​សហការ​ជាមួយ​តំណាង​ពិសេស​របស់​ខ្លួន​សំរាប់​កិច្ចការ​មី​យ៉ាន់​ម៉ា គឺ​រដ្ឋមន្ត្រី​​ការបរទេស​ទី​២​របស់​ព្រុយ​ណេ​លោក អេ​រី​វ៉ាន់ យូ​សូ​ហ្វ​។​

​សូមបញ្ជាក់​ថា​លោក អេ​រី​វ៉ាន់ យូ​សូ​ហ្វ ត្រូវបាន​តែងតាំង​កាលពី​ខែ​សីហា អោយ​សម្របសម្រួល​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា តែ​បាន​លុបចោល​ដំណើរ​មួយ​ទៅ​កាន់​មី​យ៉ាន់​ម៉ា​ភ្លាមៗ​នៅ​សប្តាហ៍​នេះ ក្រោយពី​​លោក​ត្រូវបាន​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ប្រាប់ថា​លោក​មិន​អាច​ចូល​ជួប​លោក​ស្រី ស៊ូ​ជី និង​មនុស្ស​មួយចំនួន​តាម​ចិត្ត​លោក​ចង់​បាន​ទេ​។​

​ព្រុយ​ណេបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​មី​យ៉ាន់​ម៉ា​បាន​ប្រាប់​មក​ថា​លោក​អេ​រី​វ៉ាន់ យូ​សូ​ហ្វ មិន​អាច​ជួប មនុស្ស​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​កាត់ទោស ដូចជា ស៊ូ​ជី និង​អតីត​​ប្រធានាធិបតី វីន មី​យីន ឬ​អង្គភាព​ដែល​ត្រូវបាន​ប្រកាសថា​ខុសច្បាប់​បាន​ទេ​។​

​ស៊ូ​ជី និង​មេដឹកនាំ​ស៊ីវិល​មួយចំនួន​ទៀត ត្រូវបាន​ចាប់ឃុំខ្លួន​ក្រោយ​យោធា​ដណ្តើម​អំណាច​។​លោកស្រី ប្រឈម​ការចោទប្រកាន់​ផ្សេងៗ​ដែល​អ្នក​គាំទ្រ​និង​អ្នកវិភាគ​ឯករាជ្យ​និយាយថា ជាការ​ប៉ុន​​ប៉ង​ធ្វើ​អោយ​រដ្ឋប្រហារ​យោធា​ក្លាយទៅជា​ស្របច្បាប់​។​

​សេចក្តី​ថ្លែងការណ៍​ពី​ព្រុយ​ណេ បាន​និយាយថា ក្រុម​រដ្ឋមន្ត្រី​អាស៊ាន​មាន​ការព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​មកលើ​សន្តិសុខ​តំបន់​និង​អំពី​«​ឯកភាព កិត្តិនាម​និង​អព្យាក្រិត​​ភាព​របស់​អាស៊ាន ក្នុងនាម​ជា​អង្គការ​ផ្អែកលើ​ច្បាប់​មួយ​»​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា តំណាង​របស់​ប្លុក​នេះ​ត្រូវតែ​អាច​ចូល​ជួប​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​សមាជិក​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​(​រដ្ឋាភិបាល​ស្រមោល​)​ដែល​ប្រឆាំង​នឹង​អាជ្ញាធរ​​យោធា​មី​យ៉ាន់​ម៉ា បាន​ស្នើសុំ​ចូលរួម​ជំនួប​កំពូល​ថ្ងៃ​២៦-២៨​តុលា​។​តែ​មិន​មាន​ការមូល​មតិ​គ្នា​ក្នុងចំណោម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​អំពី​ថា​តើ​ត្រូវ​ទទួល​យក​តំណាង​នយោបាយ​ណា​ម្នាក់​មក​​ពី​មី​យ៉ាន់​ម៉ា ដូច្នេះ​ក្រុម​រដ្ឋមន្ត្រី​បានសំរេច​អញ្ជើញ​តំណាង​មិន​នយោបាយ​ណា​ម្នាក់​មក​ពី​មី​យ៉ាន់​ម៉ា​ជំនួស​វិញ ដើម្បី​ស្តារ​កិច្ចការ​ក្រៅប្រទេស​របស់​វា​និង​ការវិល​ទៅរក​ប្រក្រតីភាព​វិញ​។​

​ចំណែក​ក្រសួងការបរទេស​សិង្ហ​បុរី​បាន​និយាយ​ក្នុង​សេចក្តី​សេចក្តីថ្លែងការណ៍​មួយ​ថា «​វា​ជា​ការសំរេចចិត្ត​ដ៏​លំបាក​និង​ចាំបាច់​ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​អាស៊ាន​នៅ​ចំពោះ​ដំណើរ​វិវត្តន៍​សភាពការណ៍​មិន​​ជាទី​មោទន​និង​មាន​កំហិត​ខ្លាំង​បែបនេះ ដើម្បី​ដោះស្រាយ​វិបត្តិ​»​។​

​ទោះជា​យ៉ាងណា រហូត​ពេលនេះ​គេ​មិន​ទាន់​ដឹងថា នរណា​ដែល​នឹង​ត្រូវ​អញ្ជើញ​អោយ​ចូលរួម​ជំនួប​កំពូល​នេះ​ទេ​។​

​សូមបញ្ជាក់​ថា មី​យ៉ាន់​ម៉ា​ត្រូវបាន​គេ​មើលឃើញ​ថា​ធ្វើ​បាន​តិចតួច​ក្នុង​ការបំពេញ​ការសន្យា​របស់ខ្លួន តែ​បាន​អះអាងថា​បាន​ជួយ​សម្រួល​ដល់​ការងារ​ជំនួយ​មនុស្សធម៌​។​

​ការអនុញ្ញាត​អោយ​មេដឹកនាំ​យោធា​មីន អ៊ុង​ហ្លាំង​ចូលរួមជំនួប​កំពូ​លអាច​ត្រូវបាន​គេ​យល់​ថា អាស៊ាន​ទទួលស្គាល់​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​មួ​យ​និង​នាំអោយ​កិច្ចការ​របស់​​អាស៊ាន​សំរាប់​មី​យ៉ាន់​ម៉ា​ត្រូវ​ជាប់គាំង​

​ក្នុងចំណោម​មេដឹកនាំ​ពិភពលោក​ដែល​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​បន្ត​ផ្ទាល់​នៅ​ចុង​ខែ​នេះ អាច​មាន​ប្រធានាធិបតី​អាម៉េរិក លោកចូ បៃ​ដិន ដែល​រដ្ឋាភិបាល​លោក​ថ្កោលទោស​រដ្ឋ​ប្រ​​ហារ​និង​ដាក់​ទណ្ឌកម្ម​លើ​ពួក​ឧត្តមសេនីយ៍មី​យ៉ាន់​ម៉ា​។​

​អាម៉េរិក អង់គ្លេស អូស្ត្រាលី កាណាដា កូរ៉េខាងត្បូង នូវែ​លសេ​ឡង់ ន័​រវេស​និង​សហភាព​អឺរ៉ុប និយាយថា​ពួកគេ​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​អំពី​«​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​»​និង​សុំអោយ​រដ្ឋាភិបាល​ក្រុង​ណៃ​ពីដោរ​ចូលរួម​ពាក់ព័​ន្ធ​បែប​ស្ថាបនា​ជាមួយ​តំណាង​ពិសេស​អាស៊ាន​។​

​ក្នុងពេល​ជាមួយគ្នា អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក​បាន​និយាយថា​«​តាំងពី​មុន​មក​យោធា​មី​យ៉ាន់​ម៉ា​មិន​មាន​បំណង​ចូលរួម​ពាក់ព័ន្ធ​ដោយ​ស្ថាបនា​ជាមួយ​អាស៊ាន​ទេ​ដើម្បី​ឆ្លើយតប​​នឹង​វិបត្តិ​ក្នុងប្រទេស​ខ្លួន​។​យើង​បន្ត​គាំទ្រ​កិច្ចខិតខំ​របស់​អាស៊ាន​ដើម្បី​ដាក់​សម្ពាធ​លើ​របប​នេះ ហើយ​យើង​បន្ត​គាំទ្រ​ដំណើរ​ទស្សនកិច្ច​ណាមួយ​ដោយ​តំណាង​អាស៊ាន​នៅ​មី​យ៉ាន់​ម៉ា​»៕