ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​៖ នៅវេលា​ម៉ោង​៩​និង​២០​នាទី ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង រវាង​រថយន្ត និង​ម៉ូតូ បុក​គ្នា បណ្តាលអោយ​ក្មេងប្រុស​ម្នាក់ បាន​ស្លាប់ នៅ​កន្លែងកើតហេតុ និង​ស្ត្រី​ម្នាក់ បាន​រង​បួស​ធ្ងន់ នៅលើ​កំណាត់​ផ្លូវ ក្រាល​កៅស៊ូ​លេខ​៥៣ នៅ​ចន្លោះ​គីឡូម៉ែត្រ លេខ​៥៥ និង ៥៦ ស្ថិត​ក្នុងភូមិ​ក្រសាំង​ដុះ ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន បានអោយដឹងថាៈ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ម៉ាក HYUNDAI ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A.8844 និង​ម៉ូតូ​ម៉ាក Honda Scopy ស្លាក​លេខ 1 DE 6503 បើកបរ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា លុះ​មកដល់ ចំណុច​កើត​ខាងលើ រថយន្ត ក៏បាន​រេ​ចង្កូត បុក​ម៉ូតូ​ពីក្រោយ បណ្តាលឱ្យ អ្នកបើកបរ​ម៉ូតូ របួសធ្ងន់​ម្នាក់ និង​ម្នាក់ទៀត ស្លាប់ ។​

​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន បានអោយដឹងថាៈ ១.​អ្នកបើកបរ​ម៉ូតូ ឈ្មោះ ម៉ៅ សូ​យ ភេទ​ស្រី អាយុ ៣០​ឆ្នាំ របួសធ្ងន់ , ២.​ឈ្មោះ ផល វណ្ណ​លៀង ភេទ​ប្រុស អាយុ ៧ ឆ្នាំ ស្លាប់ នៅ​កន្លែងកើតហេតុ ត្រូវជា​កូន ហើយ​អ្នក​ទាំង ២ រស់នៅ​ភូមិ​ព្រែក​ជ្រៅ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​ដោយឡែក អ្នកបើកបរ​រថយន្ត ឈ្មោះ ឃឿន ឃុ​យ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន នៅ​កន្លែងកើតហេតុ ។​

​ក្រោយ​កើតហេតុ កម្លាំង​ជំនាញ បាន​វាស់វែង​រួច អ្នកបើករថយន្ត ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​។

​ចំណែក អ្នកស្លាប់ ត្រូវបាន​ក្រុមគ្រួសារ នាំយកទៅ​លំនៅឋាន រៀបចំ​ធ្វើបុណ្យ រីឯ​អ្នករងរបួស ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យ​ខេត្ត ។ ដោយឡែក វត្ថុតាង​ម៉ូតូ និង​រថយន្ត​ត្រូវបាន​នាំយកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ទឹកផុស ដើម្បី​រង់ចាំ​ដោះស្រាយ តាម​នីតិវិធី ៕/V​