ដោយៈ ប​. ជ័យ / ព្រំដែន​កម្ពុជា ថៃៈ នៅ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ លោក ព្រី​ន​យ៉ា ផូ​ធិ​សាត អភិបាលខេត្ត​ស្រះកែវ បើក​កិច្ចប្រជុំ​គណៈកម្មាធិការ នៃ​មជ្ឈមណ្ឌល​បញ្ជាការ ព្រំដែន​ថៃ កម្ពុជា ខេត្ត​ស្រះកែវ ពិនិត្យ​សេចក្តី​សង្ខេប​លទ្ធផល នៃ​ការអនុវត្ត​បទបញ្ជា វិធានការ ទប់ស្កាត់​ការធ្វើ​អន្តោប្រវេសន៍ ខុសច្បាប់ ដើម្បី​ការពារ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ និង​សង្កត់ធ្ងន់​លើ​ការធ្វើសមាហរណកម្ម កិច្ចសហប្រតិបត្តិការ ពី​គ្រប់​វិស័យ ទាំង​ទី​១ អំពី​ការរត់ពន្ធ​(​ឆ្លងដែន និង​ជួញដូរ​មនុស្ស​) ពលករ កម្មករ ចូល​និង​ចេញ ដោយ​ខុសច្បាប់ ទី​២ បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ទី​៣ បទល្មើស​ទំនិញ ខុសច្បាប់ ព្រមទាំង​តាមដាន នូវ​សកម្មភាព​ផ្សេងៗ​ទៀត ។​

​នេះ​បើតាម សារព័ត៌មាន​ក្នុងស្រុក​របស់​ថៃ ក៏ដូចជា​មន្ត្រី​ថៃ ដែល​ស្រង់​សំដី ដោយ​មន្ត្រី ការិយាល័យ ទំនាក់ទំនង​ព្រំដែន កម្ពុជា ថៃ ដូចដែល​បញ្ជាក់ កាលពី​ថ្ងៃទី​១៥​ខែតុលា​ថា មន្ទីរ​ពាក់ព័ន្ធ បាន​រាយការណ៍ អំពី​លទ្ធផល​ប្រតិបត្តិការ​ដូចជា​ផ្នែក​រដ្ឋបាល រាយការណ៍ ពី​លទ្ធផល នៃប្រតិបត្តិ​ការ​របស់​ខ្លួន ហើយ​ប៉ុស្តិ៍​ត្រួតពិនិត្យ ត្រូវបាន​បង្កើតឡើង​ដើម្បី​ឃ្លាំ មើលផ្លូវ​ដឹកជញ្ជូន និង​ផ្លូវ​រត់ពន្ធ​ខុសច្បាប់ ក្នុង​តំបន់​ចំនួន ៦០ ភូមិ បាន​ចាប់ខ្លួន​ជនល្មើស ៦៩ នាក់ ក្នុងនោះ មាន​អ្នក​លួច​ចូល​ចំនួន ៨ នាក់ និង​អ្នក​លួច​ចេញ ៦១ នាក់ ។​

​កិច្ចប្រជុំ ក៏បាន​តាមដាន ត្រួតពិនិត្យ​លើ​ការផ្តល់​វ៉ាក់សាំង ការពារ​ពលករ​បរ​ទេស នៅ​រ៉ុង​ក្លឿ​។ ការបើក​ច្រក​ត្រួតពិនិត្យ​អចិន្ត្រៃយ៍ ណង​អៀន – ស្ទឹង​បត់ ការចាក់​ថ្នាំ​បង្ការ ដល់​បុគ្គលិក​ជួរមុខ ប៉ូលិស យោធា ការងារ​ព្រំដែន រៀបចំ​បើក​ប្រទេស តាម​ការប្រកាស​របស់ នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​ការទទួល​អ្នកទេសចរ នៅ​ដើម​ឆ្នាំក្រោយ​។

​ចំពោះ កិច្ចការ​ផ្នែក​ត្រួតពិនិត្យ បែបបទ​ព្រំដែន លោក​អភិបាលខេត្ត​ស្រះកែវ បានស្នើ​ឱ្យ មន្ត្រី​អង្គភាព ពាកព័ន្ធ​ទាំងអស់ ត្រៀមខ្លួន​សម្រាប់​ការចូល ទៅក្នុង​ប្រព័ន្ធ​ការងារ ជាធម្មតា នៅពេលដែល​នាយករដ្ឋមន្ត្រី បញ្ជា​ឱ្យ​បើក​ប្រទេស ។ ត្រូវ​រៀបចំ​អោយ​រួចរាល់​នូវ​កម្លាំង​ទ័ព មន្ត្រី មាន​សមត្ថកិច្ច ត្រៀម​ឧបករណ៍ នីតិវិធី​នៃ​ការធ្វើការងារ ផ្នែក​សុខភាព​សាធារណៈ ដើម្បី​ផ្តល់​សេវាកម្ម ដល់​ប្រជាជន និង​អ្នកដំណើរ ដែល​នឹង​ឆ្លងកាត់​ច្រកព្រំដែន អារញ្ញ​ប្រាថេត និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្សេងៗ នៅក្នុង​ខេត្ត​ស្រះកែវ ។​

​រីឯ​មេបញ្ជាការ នៃ​អង្គភាព​ទាំងឡាយ ត្រូវ​បញ្ជា​អ្នកក្រោមបង្គាប់​ឱ្យ ទប់ស្កាត់​សកម្មភាព ខុសច្បាប់​នានា ដែល​ប្រព្រឹត្តិ​ដោយ​មន្ត្រី​អាជ្ញាធរ មាន​សមត្ថកិច្ច​រដ្ឋាភិបាល​។ ពោលគឺ កុំ​ឱ្យមាន​កើតមានឡើង ក្នុង​អង្គភាព​ទាំងអស់​។ បើ​មាន នឹងត្រូវ​កំចាត់ ដោយ​គ្មាន​ការលើក លែង​ឡើយ ហើយ​មន្ត្រី​អ្នកគ្រប់គ្រង ត្រូវ​ត្រួតពិនិត្យ​តាមដាន អ្នកក្រោមបង្គាប់​របស់​ខ្លួន ហើយ​ធានាថា កុំអោយ​ធ្វើ​ខុស​អោយសោះ​។​

​ទាក់ទិន​នឹង​ការបើក​ប្រទេស​ឡើងវិញ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ និង កម្ពុជា នៅ​ខេត្ត​ស្រះកែវ និង​ខេត្តបន្ទាយមានជ័យ បានអោយ​កាសែត​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៦ ខែតុលា នេះ​ថា​: កាលបរិច្ឆេទ នៃ​ការកំណត់​បើក ថា​នឹង​បើក​ប្រទេស​ថៃ ឡើងវិញ ក្នុងអំឡុង​នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ ១៩ នោះ ក៏​មិនទាន់​ប្រាកដថា នឹងធ្វើ​បាន​មែន ឬ​យ៉ាងណាទេ​?

​មន្ត្រី​ក៏​លើកឡើង​ដែរ​ថាៈ ចំពោះ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ជនបរទេស រស់នៅ និង​ធ្វើការ ក្នុង​ខេត្ត​ស្រះកែវ ក៏ដូចជា នៅ​ប្រទេស​ថៃ ដោយឡែក ពលរដ្ឋ និង​ពលករ​កម្ពុជា កន្លងមក ពួកគេ​បាន​វិល​មក​ប្រទេស​កម្ពុជា ទើប​ទទួលបាន ការចាក់​វ៉ាក់សាំង​។​

​ក្នុងនោះ អាជ្ញាធរ​កម្ពុជា នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ក៏បាន​ស្នើ​ជា​ញឹក ញយ ទៅ​សម​ភាគី​ថៃ ដើម្បី​ស្នើ​សុំអោយ​ពលរដ្ឋ​កម្ពុជា ជាប់គាំង​នៅក្នុង​ប្រទេស​ថៃ ដែល​បិទ​ប្រទេស ដើម្បីអោយ​ពួកគេ អាច​ឆ្លងដែន​ស្របច្បាប់ ឬក៏​ផ្តល់​ទីតាំង​ណាមួយ នៅ​មាត់ទ្វារ​ច្រកព្រំដែន ដើម្បីអោយ​គ្រូពេទ្យ​កម្ពុជា ចូលទៅ​ចាក់​វ៉ាក់សាំង​ជូន ប៉ុន្តែ​ភាគី​ថៃ មិន​អនុញ្ញាត​ឡើយ​។ ដូច្នេះ​ជម្រើស​តែមួយគត់​.​គឺ​ពលករ និង​ពលរដ្ឋ​កម្ពុជា ត្រូវតែ​រក​គ្រប់​វិធី ជ្រៀត​ឆ្លងដែន មក​ប្រទេស​កម្ពុជា ទើប​អាច​ទទួលបាន ការចាក់​វ៉ាក់សាំង ។​

​ចំពោះ ការបើក​ព្រំដែន ពលរដ្ឋ និង​មន្ត្រី​កម្ពុជា នៅ​ព្រំដែន បាន​ប្រាប់​នា​ថ្ងៃទី​១៦ ខែតុលា នេះ​ថាៈ កន្លងមក ក្នុងអំឡុង​នៃ​ការអនុវត្ត​វិធានការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ភាគី​ថៃ (​ខេត្ត​ស្រះកែវ តែង​ជូនដំណឹង រាល់​ចុងខែ​ថា អាជ្ញាធរ​ថៃ ត្រូវ​បិទ​ព្រំដែន ១ ខែ​ទៀត​)​។ លុះដល់​ចុងខែ​ថ្មី ក៏បាន​ជូនដំណឹង ក្នុង​ខ្លឹមសារ “​បន្ត​បិទ​ព្រំដែន ១ ខែ​ទៀតៗ ” រហូតមក ។ ហើយ​បើ​ថៃ បើក​ព្រំដែន​នេះ ក៏​ពលរដ្ឋ​កម្ពុជា នឹង​មិនទាន់​អនុញ្ញាត​អោយចូល ទៅ​ប្រទេស​ថៃ​ឡើយ ព្រោះ​ប្រទេស​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស មាន​ហា​និ​យ​ភ័យ​ឆ្លង​កូ​វីដ​១៩ ខ្ពស់ ។​

​ឯ​ប្រទេស​ដែលមាន​ហានិភ័យ​ទាប ដែល​ថៃ​បានកំណត់​នោះ មាន​ចំនួន ២០ ប្រទេស ប៉ុណ្ណោះ​។ ប្រទេស​ទាំងនោះ បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ធ្វើដំណើរ ទៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​១ វិច្ឆិកា ខាងមុខនេះ រួមមានៈ សហរដ្ឋអាមេរិក , ចក្រភព​អង់គ្លេស​, អាល្លឺម៉ង់​, ស៊ុយអែត​, ដា​ណឺ​ម៉ាក​, ហ្វាំ​ង​ឡង់​, ន័​រ​វែ​ស​, បារាំង​, រុស្ស៊ី , ចិន / ហុងកុង , តៃវ៉ាន់​, កូរ៉េខាងត្បូង , អូស្ត្រាលី​, សិង្ហ​បុរី , អ៊ីស្រាអែល​, អារ៉ាប់​រួម​, ស្វី​ស​, ម៉ាឡេស៊ី​, អ៊ីតាលី , ជប៉ុន ៕/V​