ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា​ការចេញ របាយការណ៍​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World JusticeProject)​ដក​ពិន្ទុ​នីតិរដ្ឋ​កម្ពុជា​២,៣​ភាគរយ​បន្ថែម ទៀត សម្រាប់​របាយការណ៍រ​បស់​ខ្លួន​ក្នុង​ឆ្នាំ​២០២១​នេះ គឺ​មិនបាន​ឆ្លុះបញ្ចាំង​ការពិត​ជាក់ស្តែង​នៅ​កម្ពុជា ។​លោក​រថា​របាយការណ៍​នេះ​ទទួល​ព័ត៌មាន​តែ​ម្ខាង​ពី​ក្រុម​សង្គម​ស៊ីវិល​និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ដែល ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​។

​លោក​លើក​សំណួរ​ថា ប្រទេសមួយ​ចំនួន​មាន​ស្ថានភាព​នីតិរដ្ឋ ប្រជាធិបតេយ្យ យ៉ាប់យឺន​ជាង​កម្ពុជា​ផង ក៏ប៉ុន្តែ​បាន​លេខ​រៀង​នៅលើ​កម្ពុជា​ទៅវិញ​។ ដូចជា​ប្រទេស​ខ្លះ​ជា​ប្រទេស​កុម្មុយនីស្ត មិនមាន​ការបោះឆ្នោត មាន​គណបក្ស​តែមួយ និង​កាន់អំណាច​ផ្តាច់ការ​។ ប្រទេស​ខ្លះទៀត​ដឹកនាំ​ដោយ​របប​យោធា ។​ប្រទេស​ខ្លះទៀត​គឺមាន​ចម្បាំង​កល​យុគ​ឡើងកាន់​អំណាច​ដោយ​កម្លាំង​យោធា និង​រដ្ឋប្រហារ​ជាដើម​។​

​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍ប្រាប់ AMS នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា នេះ​ថា ពាក់ព័ន្ធ​ការវាយតម្លៃ​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក ក្នុងស្ថានភាព​កូ​វីដ ដោយ​បង្ហាញថា​កម្ពុជា​ជា​ប្រទេស​មាន​កម្រិត​នីតិរដ្ឋ​ទាប​ជាង​ប្រទេស​ដទៃ​ដូចជា​មិនសូវ​សម​មិន​ស្របទៅនឹង​ស្ថានភាព​ជាក់ស្តែង​និង​បរិបទ​អន្តរជាតិ​។​បើ​មើល​ទៅលើ​បណ្តា​ប្រទេស​ដទៃ​មួយចំនួន​ដែល​ធ្លាប់​រិះគន់​កម្ពុជា​ពាក់ព័ន្ធ​ទៅ​និង​វិធានការ​ច្បាប់​កូ​វីដ ក៏ប៉ុន្តែ​ទីបញ្ចប់​គឺ​បាន​អនុវត្ត​វិធានការ​ទាំងអស់នោះ នៅក្នុង​ប្រទេស​ខ្លួន​ទាំងអស់ ហើយ​អនុវត្ត​តឹងរឹង​ធ្ងន់ធ្ងរ​ជាង​កម្ពុជា​ទៅទៀត ដូចជា​ការបិទ​ប្រទេស ការបិទ​ខ្ទប់​តំបន់ វ៉ាក់សាំង​កាតព្វកិច្ច​ជាដើម​…​ល​និង​ល ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ឥឡូវ គឺ​យកទៅអនុវត្ត​នៅក្នុង​ប្រទេស​ខ្លួនឯង​ទៅវិញ​។ ហើយ​ការ​វាយតម្លៃថា កម្ពុជា​ទាប​ជាង​ប្រទេស​ទាំងអស់នោះ​ដូចជា​មិន​សម​ហេតុ​សម​ផល​។​
​លោក ជិន ម៉ា​លីន បាន​បន្តថា ការធ្វើ​របាយការណ៍ ការស្រាវជ្រាវ​អាចមាន​ការទទួល​ព័ត៌មាន ឬ​ទិន្នន័យ​ខុសពី​ភាគី​តែ​ម្ខាង អាច​ពី​ក្រុម​សង្គម​ស៊ីវិល ឬ​ក្រុម​ដែលមាន​និន្នាការ​ប្រឆាំង​ដែល​ផ្តល់ព័ត៌មាន​ខុស នាំ​ឲ្យ​ការប្រើប្រាស់​វិធីសាស្ត្រ និង​ការបញ្ចេញ​លទ្ធផល​ក៏​វា​ខុស​តាម​នឹង​ដែរ​។ សូម្បី​អ្នករាយការណ៍​ពិសេស​ក៏​ទទួល​ព័ត៌មាន​ខុស ទិន្នន័យ​ខុសពី​ក្រុម​សង្គម​ស៊ីវ​ល​ដែលមាន​និន្នាការ​ប្រឆាំង​ពាក់ព័ន្ធ​និង​ទិន្នន័យ តួលេខ នៃ​ការអនុវត្ត​ច្បាប់ ដែល​ខុសពី​ទិន្នន័យ តួលេខ ផ្លូវការ​របស់​រដ្ឋាភិបាល​បានបង្ហាញ ដែល​នាំ​ឲ្យ​មាន​លារ​លម្អៀង​នៅក្នុង​ការចេញ​របាយការណ៍ និង​លទ្ធផល​នឹង​ដែរ​។ ឧទាហរណ៍ ពាក់ព័ន្ធ​ព័ត៌មាន​ខុស និង​ព័ត៌មាន​បំផ្លើស​ដែល​ផ្តល់​ដោយ​ក្រុមប្រឆាំង និង​ង​សង្គម​ស៊ីវិល​មាន​និន្នាការ​ប្រឆាំង ហើយ​ដែល​អ្នករាយការណ៍​ពិសេស​យកទៅ​ប្រើ​ខុស ឧទាហរណ៍​ដូចជា ទណ្ឌកម្ម​ដែលមាន​ចែង​ក្នុង​ច្បាប់ ដែល​គេ​ចោទប្រកាន់ថា ទណ្ឌកម្ម​យើង​ធ្ងន់ធ្ងរ​គ្រាន់តែ​រំលោភបំពាន​វិធានការ​កូ​វីដ​មានទោស​ដល់ ២០​ឆ្នាំ ដែលជា​ព័ត៌មាន​បំផ្លើស​ខុសពី​ការ​ខ្លឹមសារ​ការពិត​។ ២០​ឆ្នាំ ចំពោះ​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​ដល់​ការចម្លង​កូ​វីដ​១៩ ដោយ​ចេតនា​ទៅ​អ្នកដទៃ នេះ​ជា​បទឧក្រិដ្ឋ​។ ក៏ប៉ុន្តែ​ជា​គឺមាន​ប្រភេទ​ទោស​របស់​វា ។​ស្ថានភាព​បទល្មើស​មានការ​ពិន័យ​ជា​ប្រាក់ អប់រំ ណែនាំ ត្រឡប់ទៅផ្ទះ​វិញ មានការ​ឃុំខ្លួន​រយៈពេល​ណា​ទៅតាម​ស្ថានភាព​ស្ថាន​ទម្ងន់​បច្ច័យ​ប៉ះពាល់​ដែល​កើតចេញពី​បទល្មើស ។​អា​នឹង​ជា​ព័ត៌មាន​បំភ្លៃ​បំផ្លើស​ដែល​ផ្តល់​ដោយ​ក្រុមប្រឆាំង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ដែល​ខុសពី​ខ្លឹមសារ​នៃ​ច្បាប់​។ ហើយ​មួយទៀត​ដែល​ទទួល​ព័ត៌មាន​បំភ្លៃ​បំផ្លើស​ដែរ​គឺថា​អ្នករាយការណ៍​ពិសេស​ទទួល​ព័ត៌មាន​ថា ការឃាត់ខ្លួន​មនុស្ស​មាន​រហូតដល់​ជាង ៧០០​នាក់ ហើយ​តាមពិត​មិនមាន​ឃាត់ខ្លួន​ជាង ៧០០​នាក់ គឺ​ភាគច្រើន​ទទួល​នូវ​ការពិន័យ​ជា​ប្រាក់ និង​អប់រំ​ណែនាំ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ មានតែ​ជាង ១០០​នាក់​តែប៉ុណ្ណោះ​ដែល​បញ្ជូនទៅ​តុលាការ ហើយ​នៅក្នុង​ចំណោម​នោះ​មានតែ​ប្រហែល ៣០​នាក់ ដែល​បាន​ឃុំខ្លួន ក្រៅពីនេះ​នៅក្រៅ​ឃុំ​ទាំងអស់​។ នេះ​ជា​ព័ត៌មាន​ដែល​គាត់​ទទួល​ខុសពី​ក្រុម​សង្គម​ស៊ីវិល និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ដែល​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល ហើយ​ដែល​មិន​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​រាជរដ្ឋាភិបាល ដែល​នាំ​ឲ្យ​លទ្ធផល​ចេញមក​វា​ខុស និង​លម្អៀង​។​

​ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា “​អ្វីដែល​ចម្លែក​គឺថា មិនដឹង​ជា​គេ​ប្រើ​វិធីសាស្ត្រ​របៀប​ម៉េច ហើយ​ផ្អែកលើ​មូលដ្ឋាន​អ្វី​ខ្លី ដែល​ប្រទេស​មួយចំនួន​មាន​ស្ថានភាព​នីតិរដ្ឋ ប្រជាធិបតេយ្យ យ៉ាប់យឺន​ជាង​កម្ពុជា​ផង ក៏ប៉ុន្តែ​បាន​លេខ​រៀង​នៅលើ​កម្ពុជា​ទៅវិញ ដូចជា​ប្រទេស​ខ្លះ​ជា​ប្រទេស​កុម្មុយនីស្ត មិនមាន​ការបោះឆ្នោត មាន​គណបក្ស​តែមួយ និង​កាន់អំណាច​ផ្តាច់ការ ប្រទេស​ខ្លះទៀត​ដឹកនាំ​ដោយ​របប​យោធា ប្រទេស​ខ្លះទៀត​គឺមាន​ចម្បាំង​កល​យុគ​ឡើងកាន់​អំណាច​ដោយ​កម្លាំង​យោធា និង​រដ្ឋប្រហារ​ជាដើម ដែល​ស្ថានភាព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ​យ៉ាបយឺន​ជាង​កម្ពុជា​ឆ្ងាយ​ណាស់ ក៏ប៉ុន្តែ​បែរជា​បាន​ចំណាត់ថ្នាក់​ព​ន្ធុ​លើ​កម្ពុជា​ទៅវិញ​។ យើង​មិនដឹងថា គេ​ប្រើប្រាស់​វិធីសាស្ត្រ​របៀប​ម៉េច ឬក៏​ផ្អែកលើ​មូលដ្ឋាន​អ្វីខ្លះ​ទេ​? ក្នុងការ​វាយតម្លៃ​នេះ ក៏ប៉ុន្តែ​វា​អត់​ឆ្លើយតប​ទៅ​និង​ស្ថានភាព​ពិត​ជាក់ស្តែង​ដែល​យើង​សង្កេតឃើញ​នាពេល​បច្ចុប្បន្ននេះ​”​។​

​លោក ជិន ម៉ា​លីន បាន​បន្តទៀតថា សប្តាហ៍​ក្រោយនេះ លោក​នឹង​ជួប​ផ្ទាល់​ជាមួយ​នាយក​ថ្នាក់​តំបន់ និង​ក្រុមការងារ World Justice Project ដើម្បី​ជជែក​គ្នា​ស្វែងយល់​ពីក្នា ជាពិសេស​អំពី​វិធី​នៃ​ការ​សាស្ត្រ​ស្រាវជ្រាវ វិធីសាស្ត្រ​នៃ​ការដាក់​ពិន្ទុ ការប្រមូល​របាយការណ៍​ព័ត៌មាន​ថា និង​ការវាយតម្លៃ​របស់​ពួកគេ​ថា តើ​គេ​ប្រមូល​មកពី​ប្រភព​ណា​មក​? ធ្វើ​សំភាសន៍​របៀប​ម៉េច បានជា​លទ្ធផល​ចេញមក​វា​លម្អៀង ហើយ​មិន​ឆ្លើយ​ទៅ​និង​ស្ថានភាព​ពិតប្រាកដ​ជាក់ស្តែង​។ ហើយ​សង្ឃឹម​ជំនួប​នេះ​នឹង​អាច​យល់​ពីគ្នា​បាន​ច្រើន និង​អាច​សហការគ្នា និង​អាច​ទទួលបាន​លទ្ធផល​ប្រសើរ​ជាង​នេះ​នៅ​ថ្ងៃ​ខាងមុខ​។​

​សូមជម្រាបថា អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) បាន​ដក​ពិន្ទុ​នីតិរដ្ឋ​កម្ពុជា ២,៣​ភាគរយ​បន្ថែមទៀត សម្រាប់​របាយការណ៍រ​បស់​ខ្លួន​ក្នុង​ឆ្នាំ​២០២១​នេះ និង​រក្សា​ចំណាត់ថ្នាក់​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ​ទាប​បំផុត​លំដាប់​ទី​២ ក្នុងចំណោម​ប្រទេស​១៣៩ និង​លំដាប់​ទី​១ ក្នុងចំណោម​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​។ ហើយ​ដក​ពិន្ទុ​ស​ន្ទ​ស្សន៍​នីតិរដ្ឋ​កម្ពុជា ២,៣​ភាគរយ ឬ​ស្មើនឹង 0,០១​ពិន្ទុ សម្រាប់​ឆ្នាំ​២០២១​នេះ ដោយ​ថយ​មក​នៅ​០,៣២​ពិន្ទុ និង​រក្សា​ចំណាត់ថ្នាក់​កម្ពុជា​ឱ្យ​ស្ថិតនៅ​លេខ​រៀង​១៣៨ ក្នុងចំណោម​ប្រទេស​ចំនួន​១៣៩​ដដែល​៕​សរន​