ដោយៈ វណ្ណៈ / ព្រះសីហនុៈ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន នគរបាល​ក្រុងព្រះសីហនុ បាន​សហការ​ជាមួយ សមត្ថកិច្ច​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ និង​កម្លាំង​របស់​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ថង សម្បត្តិ អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ នៅ​ចំណុច​បេនឡាន​ក្រុង បុរី​សៀង​ណាំ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នៅវេលា​ម៉ោង ៤ រសៀល ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១ រួច​បញ្ជូនមក​អធិការដ្ឋាន នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ចាត់ការ​បន្ត ទៅតាម​ផ្លូវច្បាប់​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ មានមុខ​របរ រត់​ម៉ូតូ​កង់ ៣ បាន​ប្រើ​ហិង្សា មាន​ស្ថាន​ទម្ងន់ទោស យក​កាំបិត​ចាក់​បុរស​ជនជាតិ​ចិន​ម្នាក់ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ ក្នុង​ក្រុងព្រះសីហនុ រួចហើយ​គេចខ្លួន ទៅ​ខេត្តសៀមរាប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថាៈ អំពើហិង្សា​នេះ បានកើត​ឡើង កាលពី​យប់ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង ៤ និង ២១ នាទី ទៀបភ្លឺ នៅ​ចំណុច​ទល់មុខ​សណ្ឋាគារ​ស៊ី​ហ៊ូ ស្ថិតនៅ​ក្រុម​២ ភូមិ​១ សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ​។​

​ដើមហេតុ​គឺ ជនរងគ្រោះ ឈ្មោះ CHEN JIALI ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ចិន បាន​ជួល​ម៉ូតូ​កង់​បី ជិះ​ជាមួយ​មិត្តស្រី ចេញពី​ឆ្នេរ​អូរ​ឈើទាល មកដល់​ចំណុចកើតហេតុ ក៍​កើតមាន​ជម្លោះ​ជាមួយ អ្នកបើក​ម៉ូតូ​កង់​បី ក្នុងពេលនោះ អ្នកបើក​ម៉ូតូ​កង់ ៣ បាន​ចាក់​ទៅ លើ​ជនរងគ្រោះ ចំ ពោះ ផ្នែក​ខាងឆ្វេង បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ សន្លប់​បាត់ស្មារតី បច្ចុប្បន្ន កំពុង​ជួយសង្គ្រោះ នៅ​មន្ទីរពេទ្យ​ចិន យីហោ ថៃ​ខាង ក្នុង​ក្រុងព្រះសីហនុ បន្ទាប់មក ជនសង្ស័យ បានគេច​ខ្លួន ទៅ​ខេត្តសៀមរាប​៕/V​