​ប្រែ​សម្រួលៈ​វាសនា​/​មូ​ស្គូ​៖ បន្ទប់​អវកាស​នៃ​យាន Soyuz​មួយ​ដែល​ផ្ទុក​អវកាសយានិក​ម្នាក់ ផលិតករ​ភាពយន្ត​ម្នាក់​និង​តារា​សម្តែង​រុស្ស៊ី​ម្នាក់​បាន​ចុះ​ដល់​ផែនដី​ក្រោយ​ការធ្វើដំណើរ​១​ម៉ោង​កន្លះ​​ចេញពី​ស្ថានីយ​អវកាស​អន្តរជាតិ​។​

​បន្ទប់​យាន​ដែល​ធ្លាក់​ក្រោម​ឆត្រយោង​ពណ៌​ក្រហម​ស​ក្រោយពី​វា​បាន​ចូល​ក្នុង​បរិយាកាស​ផែនដី បាន​ចុះ​ត្រង់​នៅ​វាលស្មៅ​នៃ​ប្រទេស​កា​ហ្សាក់​ស្ថានកា​លពី​ថ្ងៃអាទិត្យ​ទី​១៧​តុលា ជាមួយ​លោក​​អូ​ឡេក ណូ​វីតស្គី នាង​យូ​លៀ ប៉េ​រេសស៊ី​ល និង​លោក គ្លី​ន ស៊ីប៉េន​កូ​។​

​សិល្បការិនី​ប៉េ​រេសស៊ី​ល និង​អ្នកដឹកនាំ​រឿង លោក​ស៊ីប៉េន​កូ​បាន​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​កាលពី​ថ្ងៃ​៥​តុលា សំរាប់​បេសកកម្ម​១២​ថ្ងៃ​ដើម្បី​ថត​ឈុត​ឆាក​ខ្លះ​នៃ​ខ្សែភាពយន្ត​មួយ​មាន​ចំណង​​ជើង​ថា Challenge​។​ក្នុង​រឿងនេះ​គ្រូពេទ្យ​វះកាត់​ម្នាក់​សម្តែង​ដោយ​លោកប៉េ​រេសស៊ី​ល​ត្រូវ​បាន​នាំ​ទៅ​កាន់​ស្ថានីយ​អវកាស​យ៉ាង​រួសរាន់​ដើម្បី​សង្គ្រោះ​អាយុជីវិត​សមាជិក​នាវិក​ម្នាក់​ដែល​ត្រូវ​​ធ្វើការ​វះកាត់​បន្ទាន់​នៅក្នុង​ទី​អវកាស​។​

​អ្នក​អវកាស ណូ​វីតស្គី ដែល​បាន​ចំណាយពេល​៦​ខែ​នៅ​ស្ថានីយ​នេះ ក៏​សម្តែង​ជា​អ្នកជំងឺ​នៅក្នុង​ភាពយន្ត​នេះដែរ​។​

​ក្រោយ​ចុះ​ដល់​ដី​សមាជិក​នៅលើ​ដី​បាន​យក​អ្នក​ទាំង​៣​ចេញពី​បន្ទប់​យានអវកាស​និង​ដាក់​ពួកគេ​នៅ​កៅអី​ដែល​រៀបចំ​ជាស្រេច​នៅក្បែរនោះ​ដើម្បី​សម្រួល​ខ្លួន​ទៅ​នឹង​ទំនាញផែនដី​ហើយ​ក្រោយ​​មក​នាំ​ពួកគេ​ទៅ​កាន់​កន្លែង​ត្រួតពិនិត្យ​សុខភាព​មួយ​។​

​ពួកគេ​ទាំងអស់​ហាក់​មាន​សុខភាព​ល្អ​និង​រីករាយ​៕

​រូប​ឯកសារ​កាលពី​ថ្ងៃ​៧​តុលា បង្ហាញ​សិល្បករ​យូ​លៀ ប៉េ​រេសស៊ី​ល និង​ផលិតក​រលោក គ្លី​ន ស៊ីប៉េន​កូ​(​កណ្តាល​)​និង​អ្នក​អវកាស​អាន​តុ​ន ស្កា​ផ្លេ​រ៉ូវ និយាយ​ជាមួយ​បុគ្គលិក​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​​បេសកកម្ម​នៅ​មូ​ស្លូ