ដោយ ឆាំង យុ​ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/ភ្នំពេញៈ​អត្ថបទ​មួយ​នេះ មាន​គោលបំណង​ផ្តល់នូវ​ព័ត៌មាន​មួយចំនួន​ស្តីអំពី​ដំណើរ​ដ៏​វែង​អន្លាយ​របស់​កម្ពុជា ដើម្បី​ចាក​ផុតពី​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​។ មាន​ហេតុផល​ជាច្រើន​ដែល​ដំណើរ​នេះ​មាន​សារសំខាន់​ចំពោះ​ពិភពលោក ក្នុងចំណោម​នោះ គឺ​មេរៀន​ចេញពី​ដំណើរ​របស់​កម្ពុជា​ផ្តល់​ទៅកាន់​សង្គម​ក្រោយ​ជម្លោះ​ដទៃ​ផ្សេងទៀត​។ ទោះបីជា​គ្មាន​ការឆ្លើយតប​ត្រឹមត្រូវ ឬ​យុទ្ធសាស្ត្រ​រារាំង​ចំពោះ​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​ជា​លក្ខណៈ​សកល​មួយ​យ៉ាងណាក្តី យើង​ជឿជាក់ថា​ប្រាកដជា​មានដំណើរ​ទូទៅ​មួយ ដែល​សង្គម​ក្រោយ​ជម្លោះ​អាច​ប្រើប្រាស់ ដើម្បី​បញ្ចៀស​ការ​រាតត្បាត​នៃ​អំពើហិង្សា​។​
​ ​នៅ​រវាង​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចលនា​កុម្មុយនីស្ត​ខ្មែរក្រហម ដែល​បាន​បង្ក​ភាពភ័យខ្លាច​ហួស​ពី​ការ​ស្មាន​និង​ប្រព្រឹត្ត​នូវ​ការសម្លាប់​រង្គាល​។ គោលដៅ​នៃ​របប​ខ្មែរក្រហម គឺ​បំផ្លាញ​ប្រទេសជាតិ និង​ចាប់ផ្តើម “​ឆ្នាំ​សូន្យ​” របស់ខ្លួន ដែល​ត្រូវបាន​ពិភពលោក​ស្គាល់​ថា “​វាលពិឃាដ​”​។ នៅក្នុង​អំឡុង​រយៈពេល​តិចជាង​បួន​ឆ្នាំ​ប៉ុណ្ណោះ របប​ខ្មែរក្រហម បានធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ប្រមាណ​ជាង​ពីរលាន​នាក់​ស្លាប់បាត់​បង់ជីវិត​។​

សម្តេចព្រះ នរោត្តម សីហនុ, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកម្នាង ម៉ូនិក សីហនុ ក្នុងជំនួបលើកដំបូងនៅឯ ហ្វែរអង់តាដឺណ័រ (សង្កាត់មួយនៅក្រៅទីក្រុងប៉ារីស) នាឆ្នាំ១៩៨៧។ រូបថត៖ ហូលីយ៉ូ អេ. ហែលឌ្រេស/បណ្ណាល័យសម្តេចម៉ែ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​ ​ក្រោយ​ពេលដែល​របប​ខ្មែរក្រហម​បាន​ផុតរលត់​ទៅ បទពិសោធន៍​របស់​យើង​បង្ហាញថា រាល់​សង្គម​ក្រោយ​ជម្លោះ​ទាំងអស់​ត្រូវតែ​បញ្ចៀស​ការ​រាតត្បាត​នៃ​អំពើហិង្សា តាមរយៈ​ការបង្កើត​ឲ្យ​មាន​សន្តិ​ភាពជា​ជំហាន​ដំបូង​។ ការពិត យុត្តិធម៌ ការផ្សះផ្សា និង​ការអប់រំ មិនអាច​ព្យាបាល​សង្គមជាតិ​ឲ្យ​ជាសះស្បើយ​បានឡើយ ប្រសិនបើ​គ្មាន​វត្តមាន “​សន្តិភាព​”​។ ជួនកាល សន្តិភាព​អាច​សម្រេច​ទៅបាន​តាមរយៈ​អន្តរាគមន៍​យោធា​។ នេះ​គឺជា​ករណី​ជាក់ស្តែង​ក្នុងប្រទេស​កម្ពុជា​។ ចំពោះ​ប្រទេស​កម្ពុជា របប​ខ្មែរក្រហម​ដួលរលំ​ទៅ​នៅក្នុង​ឆ្នាំ​១៩៧៩ ដោយសារតែ​កងទ័ពរ​ណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ជាមួយនឹង​អន្តរាគមន៍​របស់​កង​ទ័ព​វៀតណាម​។

​ ​ទោះបីជា​ខ្មែរក្រហម​ត្រូវ​បណ្តេញ​ចេញពី​អំណាច​ទៅហើយ​ក្តី ប្រទេស​កម្ពុជា​នៅតែ​ត្រូវ​បន្ត​យាយី​ដោយ​ជម្លោះ អស្ថិរភាព និង​ភាព​ខ្ទេចខ្ទាំ​អស់​រយៈកាល​ជាង​ពីរ​ទសវត្សរ៍​បន្តទៀត​។ បន្ទាប់ពី​ឆ្នាំ​១៩៧៩ កងកម្លាំង​ខ្មែរក្រហម នៅតែ​បន្ត​សង្គ្រាម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ នៅពេលដែល​កងកម្លាំង​ខ្មែរក្រហម​ត្រូវ​បំបែក​ខ្ចាត់ខ្ចាយ​និង​សមាហរណកម្ម​ទាំងស្រុង ទើប​ប្រទេស​កម្ពុជា​អាច​ចាប់ផ្តើម​ដំណើរការ​ឈានទៅ​សម្រេច​យុត្តិធម៌​របស់ខ្លួន​បាន​។ កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​យុត្តិធម៌ និង​ការផ្សះផ្សា​ជាច្រើន បាន​ប្រព្រឹត្តទៅ​នៅក្នុង​អំឡុងពេល​សង្គ្រាម​។ ជា​ឧទាហរណ៍ នៅក្នុង​ឆ្នាំ​១៩៧៩ កម្ពុជា​បាន​បង្កើត “​តុលាការ ប្រជាជន​បដិវត្តន៍​” មួយ​ដែល “​កាត់ទោស​” មេដឹកនាំ​ខ្មែរក្រហម​ដោយ​កំបាំងមុខ​។ ខណៈពេលដែល​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​វិនិច្ឆ័យ​ទោស​ចំពោះ​របប​ខ្មែរក្រហម គឺជា​ទង្វើ​សម​ហេតុ​សម​ផល កិច្ចខិតខំ​ប្រឹងប្រែង​នេះ​មិនបាន​ឈរលើ​បទដ្ឋាន​យុត្តិធម៌​ដែល​ទទួលស្គាល់​ជា​ផ្លូវការ​អន្តរជាតិ​ទេ ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ក៏​មិនអាច​ប្រព្រឹត្តទៅ​បានដែរ ពីព្រោះថា​ក្នុង​ខណៈនោះ​ប្រទេសជាតិ​កំពុងស្ថិត​នៅក្នុង​សង្គ្រាម​នៅឡើយ​។​

សម្តេចព្រះ នរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អមដំណើរដោយលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន បិទបញ្ចប់ជំនួបលើកដំបូងក្នុងឆ្នាំ១៩៨៧ ប្រកបដោយជោគជ័យ។រូបថត៖ ហូលីយ៉ូ អេ. ហែលឌ្រេស/បណ្ណាល័យសម្តេចម៉ែ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា) 

​ ​កិច្ចខិតខំ​ប្រឹងប្រែង​ឈានទៅ​សម្រេច​យុត្តិធម៌​ពិតប្រាកដ​មួយទៀត បាន​ប្រព្រឹត្តទៅ​តាមរយៈ​ការបង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ត្រូវបាន​ស្គាល់​ថា សាលាក្តី​ខ្មែរក្រហម នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០​។ វត្តមាន​នៃ​សាលាក្តី​ខ្មែរក្រហម ដែលជា​តុលាការ​រួមគ្នា​រវាង​អង្គការសហប្រជាជាតិ​និង​កម្ពុជា គឺជា​ជំហាន​ដ៏​ពិសេស​សម្រាប់​ប្រជាជន​កម្ពុជា ពីព្រោះ​តុលាការ​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងពិត​ប្រាកដ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​។ ទោះបីជា​យ៉ាងណាក្តី យើង​ចាំបាច់​ត្រូវ​ចងចាំ​ថា​ដំណើរការ​ឈានទៅ​សម្រេច​យុត្តិធម៌ ត្រូវតែ​ចាប់​ផ្តើមចេញពី​ដំណើរ​ស្វែងរក​ការពិត​ដ៏​ស្មោះត្រង់​មួយ​។​

​ ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅ​ដើមដំបូង​ត្រូវ​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៩៥ ជា​ការិយាល័យ​មួយ​របស់​សាកលវិទ្យាល័យ​យ៉ែ​ល បន្ទាប់ពី​សភា​សហរដ្ឋ​អាមេរិក​អនុម័ត​ឲ្យ​មានច្បាប់​ស្តីពី​យុត្តិធម៌​សម្រាប់​អំពើ​ប្រល័យពូជសាសន៍ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​ប្រទេស​កម្ពុជា​។ ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើរតួនាទី​ជា​ស្ថាប័ន​សង្គម​ស៊ីវិល​ឯករាជ្យ​មិន​លម្អៀង ដែល​ផ្តោតទៅលើ​ការចងចាំ យុត្តិធម៌ និង​ការផ្សះផ្សា​។ បេសកកម្ម​ស្នូល​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​ស្រាវជ្រាវ កត់ត្រា និង​ប្រមែប្រមូល​ឯកសារ​និង​វត្ថុតាង​ផ្សេងៗ ដែល​បន្សល់ទុក​ពីរ​បប​ខ្មែរក្រហម ដើម្បី​គាំទ្រ​ដល់​យុត្តិធម៌​និង​ការចងចាំ​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺជា​បណ្ណសារដ្ឋាន​នៃ​ឯកសារ​ទាក់ទង​នឹង​របប​ខ្មែរក្រហម​ធំជាងគេ​បង្អស់​នៅក្នុង​តំបន់​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ដល់​ដំណើរការ​ស្វែងរក​ការពិត និង​ឈានទៅ​សម្រេច​យុត្តិធម៌​ដែល​មិនមែន​តែ​នៅក្នុង​បន្ទប់​សវនាការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ, ស្រុកកំចាយមារ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៩២។ ដំណាក់កាលទីពីរនៃបទឈប់បាញ់នៅកម្ពុជាមានសុពលភាពចាប់ពីថ្ងៃនេះតទៅ។  នៅក្នុងដំណាក់កាលទីពីរនេះ ការទទួលខុសត្រូវរបស់ អ៊ុនតាក់ រួមមាន ការត្រួតពិនិត្យបទឈប់បាញ់ ការដាក់ទ័ពបណ្តោះអាសន្ន ការរំសាយទ័ពពីភាគីទាំងបួនរបស់កម្ពុជា។ អ៊ុនតាក់ ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ លេខ៧៤៥ (១៩៩២) និងត្រូវអនុវត្តនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩២។ អ៊ុនតាក់ មានភារកិច្ចដឹកនាំកម្ពុជាឆ្លងកាត់ដំណាក់កាលអន្តរកាលទៅរកការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលនឹងប្រព្រឹត្តទៅ នៅខែមេសា ឬឧសភា ឆ្នាំ១៩៩៣​ ក្នុងគោលបំណងបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យមួយ។ រូបថត៖ អង្គការសហប្រជាជាតិ/ប្រភព៖ Benny Widyono

​ ​យុត្តិធម៌​មិនមែន​មាន​សណ្ឋាន​តែ​មួយបែប​នោះឡើយ​។ យុត្តិធម៌​អាច​សម្រេចបាន​តាមរយៈ​ការកាត់ទោស​ឧក្រិដ្ឋជន និង​ផ្តន្ទាទោស​លើ​បុគ្គល​ទាំងឡាយ​ដែល​ទទួលខុសត្រូវ​ចំពោះ​ការប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​និង​ការសម្លាប់​រង្គាល ប៉ុន្តែ​យុត្តិធម៌​អាច​នឹង​រឹតតែ​ប្រសើរ នៅពេលដែល​ជនរងគ្រោះ​មួយរូប​បាន​រៀបរាប់​អំពី​រឿងរ៉ាវ​របស់ខ្លួន​នៅក្នុង​តុលាការ​។ យុត្តិធម៌​អាច​សម្រេចបាន​តាមរយៈ​ការ​ចងក្រង​នូវ​អ្វីដែល​បានកើត​ឡើង និង​មូល​ហេតុដែល​ហេតុការណ៍​នោះ​កើតឡើង​។ យុត្តិធម៌​អាច​លេច​ជា​រូបរាង​ឡើង​នៅពេលដែល​សាច់រឿង​របស់​អ្នក​រស់រានមានជីវិត​នានា ត្រូវបាន​រៀបរាប់​ម្តងទៀត​នៅក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​និង​នៅក្នុង​ថ្នាក់រៀន​។ យុត្តិធម៌​អាច​សម្រេចបាន​តាមរយៈ​ការ​សះស្បើយ​ផ្លូវចិត្ត ក៏ដូចជា​ការថែទាំ​ដល់​អ្នក​រស់រានមានជីវិត តាមរយៈ​តំហែទាំ​វេជ្ជសាស្ត្រ សេវាកម្ម​សុខភាព​និង​ប្រព័ន្ធ​គាំពារ​សង្គម​។ តាមរយៈ​ការលើកឡើង​ទាំងអស់នេះ យុត្តិធម៌​គឺមាន​ពហុ​សណ្ឋាន និង​គឺជា​ផ្នែក​មួយ​នៃ​ដំណើរការ​ស្តារឡើងវិញ​នូវ​អរិយធម៌​និង​មនុស្សធម៌​សម្រាប់​សង្គម​ក្រោយ​ជម្លោះ​មួយ​។​

​ ​បន្ទាប់ពី​មានការ​បង្កើត​សាលាក្តី​ខ្មែរក្រហម កម្ពុជា​មិន​ត្រឹមតែ​គាំពារ​ដល់​ការស្វែងរក​យុត្តិធម៌​នៅឯ​សាលាក្តី​នេះ​តាមរយៈ​ការផ្គត់ផ្គង់​ឯកសារ វត្ថុតាង និង​បទសម្ភាសន៍​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​គាំពារ​ដល់​ការសម្រេចបាន​យុត្តិធម៌​ក្នុងការ​អប់រំ ការចងចាំ សេវាកម្ម​សង្គម និង​ការ​ទំនុកបម្រុង​ដទៃទៀត​ដល់​អ្នក​រស់រាន​មានជីវិត​ពីរ​បប​ខ្មែរក្រហម​ថែម​ទៀតផង​។​

​ ​កម្ពុជា​បាន​បណ្តុះបណ្តាល​គ្រូបង្រៀន​មធ្យមសិក្សា សិស្សានុសិស្ស​កម្រិត​វិទ្យាល័យ និង​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម រាប់ពាន់នាក់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​សិក្សា​បែប​សិស្ស​មជ្ឈមណ្ឌល​។ កម្ពុជា​គាំទ្រ​ដល់​សិល្បៈ វប្បធម៌ និង​កិច្ច​ផ្តួចផ្តើម​អប់រំ​សាធារណៈ ដើម្បី​ធានាថា​ប្រវត្តិសាស្ត្រ​និង​បទពិសោធន៍​របស់​ជន​រងគ្រោះ​និង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម នឹងមិន​ត្រូវបាន​បំភ្លេចចោល​។ កម្ពុជា​កំពុង​អនុវត្ត​កម្មវិធី​ថែទាំ​សុខភាព និង​ទំនុកបម្រុង​ដល់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ដែល​ជួយ​ដល់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ឲ្យ​ទទួលបាន​ការថែទាំ​និង​ការ​គាំពារ​។ កម្ពុជា​បាន​ប្រតិបត្តិ​កម្មវិធី​មួយ​ដែល​រួមមាន​អ្នកស្ម័គ្រចិត្ត​ចំនួន​៥០០​នាក់ ដែលជា​អ្នកដឹកនាំ​យុវជន​ជំនាន់​ក្រោយ​ជាមួយនឹង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅក្នុង​សហគមន៍​របស់ខ្លួន​។ សកម្មភាព​នេះ​ផ្តល់ជូន​អ្នក​រស់រានមានជីវិត​នូវ​ការគាំទ្រ​បន្ថែម និង​បង្កើតជា​ឱកាស​បន្ថែម​សម្រាប់​យុវជន​-​យុវនារី​ដើម្បី​រៀនសូត្រ​។​

 អ្នកបើកម៉ូតូរឺម៉កដឹកមនុស្ស និងទំនិញទៅខេត្តកំពត នៅខែសីហា ឆ្នាំ១៩៩២។ រូបថត ៖ អ៊ុនតាក់/Pernaca Sudhakaran

​ ​ប្រទេស​កម្ពុជា​មានការ​លូតលាស់​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន ចាប់តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ ក៏ប៉ុន្តែ​កម្ពុជា​ត្រូវ​ឆ្លងកាត់​ការតស៊ូ​និង​ភាពឈឺចាប់​ជាច្រើន ដើម្បី​ឈាន​មកដល់​ចំណុច​នេះ​។ ទោះបីជា​យ៉ាងណាក្តី កម្ពុជា​មិនដែល​រួញរា​សោះឡើយ​។ បច្ចុប្បន្ន អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ប្រមាណ​ជាង​៥​លាន​នាក់​ទៀត រួមទាំង​ជនដៃដល់​ផង នៅ​រស់រានមានជីវិត ដើម្បី​រៀបរាប់​អំពី​រឿងរ៉ាវ​របស់ខ្លួន​ក្នុងអំឡុង​របប​ខ្មែរក្រហម​។
​ ​ដំណើរ​របស់​កម្ពុជា​ឆ្ពោះទៅកាន់​ការផ្សះផ្សា​មិនទាន់​បញ្ចប់ ហើយក៏​នឹង​គ្មាន​ទីបញ្ចប់​ដែរ​។ ការរារាំង​ទប់ស្កាត់ ទាមទារ​នូវ​ការប្តេជ្ញា​ដ៏​មោះមុត​ក្នុង​ការចងចាំ​អំពី​អតីតកាល​៕សរន
​ ​