ដោយៈ សុខ ចន្ទ្រា អ្នកស្ម័គ្រចិត្ត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ខេត្តស្វាយរៀង​/ភ្នំពេញៈសុខ ចន្ទ្រា គឺជា​អ្នកស្ម័គ្រចិត្ត​កម្ពុជា​នៃ​ម​ជ្ឃ​មណ្ឌល​ឯកសារ​កម្ពុជា នៅក្នុង​ខេត្តស្វាយរៀង​។ ថ្មីៗ​នេះ សុខ ចន្ទ្រា បាន​ទៅសួរសុខទុក្ខ​អ៊ំ គង់ សារិន ដែល​រស់នៅ​ក្បែរ​ផ្ទះ​របស់ខ្លួន និង​ស្តាប់​រឿងរ៉ាវ​របស់​អ៊ំ គង់ សារិន គឺជា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ដែល​បាន​រៀបរាប់​ដូចខាងក្រោម​៖

គង់ សារិន ផ្តល់​បទសម្ភាសន៍​ដល់ សុខ ចន្ទ្រា អ្នកស្ម័គ្រចិត្ត​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​។ ស្វាយរៀង ខែសីហា ឆ្នាំ​២០២១​។ (​សុខ ចន្ទ្រា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ ​ខ្ញុំ​ឈ្មោះ គង់ សារិន កើត​នៅ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​១៩៥៧ នៅ​ភូមិ​ចន្ទ្រា ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។ ខ្ញុំ​បាន​ផ្លាស់​មក​រស់នៅ​ក្នុងភូមិ​ស្វាយ​តា​ភ្ល ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​ឆ្នាំ​១៩៧៩​។ ឪពុក​របស់ខ្ញុំ​ឈ្មោះ ឈុន ស្រី ចំណែក​ម្តាយ​របស់ខ្ញុំ​ឈ្មោះ ហ៊ីង ភឿង​។ ខ្ញុំ​មាន​បងប្អូន​ពីរ​នាក់ ហើយ​ខ្ញុំ​គឺជា​កូន​ទី​ពីរ​។

​នៅ​អំឡុង​ឆ្នាំ​១៩៧២ ខ្ញុំ​រៀន​ថ្នាក់​ទី​ប្រាំបួន​។ នៅពេលនោះ​មានការ​ទម្លាក់​គ្រាប់បែក​បេ​៥២​យ៉ាងច្រើន ហើយ​ខ្ញុំ​ត្រូវ​រត់គេចខ្លួន ដូច្នេះ​ខ្ញុំ​រៀន​មិនបាន​ជាប់លាប់​ទេ​។ កាលនោះ​កងទ័ព​វៀត​កុង​បាន​ចូលមក​បាញ់​នៅ​ម្តុំ​ត្រ​ឡោ​ង​ខុស ដែល​ប្រជាជន​នៅ​ទីនោះ​ហៅ​ជាទូទៅ​ថា​សំ​យ៉ោ​ង ស្ថិតនៅ​ក្បែរៗ​ភូមិ​របស់ខ្ញុំ​។ ខ្ញុំ​ចូលដេក​នៅក្នុង​ស្រះ​ដើម្បី​លាក់ខ្លួន ចំណែក​ប្រជាជន​នៅក្នុង​ភូមិ​ជួបប្រទះ​នូវ​ការលំបាក​វេទនា និង​ស្លាប់​ជា​បន្តបន្ទាប់​។ ឪពុក​របស់ខ្ញុំ​គឺជា​ទាហាន លន់ នល់​។ កាលនោះ​ឪពុក​របស់ខ្ញុំ​មាន​ជំងឺ​។ ម្តាយ​របស់ខ្ញុំ​បាន​នាំ​ឪពុក​របស់ខ្ញុំ​ពី​ក្រុង​ស្វាយរៀង​ទៅ​ព្យាបាល​នៅ​ភូមិ​ទាហាន ស្ថិតនៅ​ខាងលិច​ផ្សារ​ប្រសូត្រ​។ ចំណែក​ខ្ញុំ​ស្នាក់នៅ​ជាមួយ​បង និង​ជីតា​របស់ខ្ញុំ​នៅផ្ទះ​នៅឯ​ស្រុកកំណើត​។ នៅពេលនោះ ទីតាំងនៅ​លិច​ភូមិ​ទាហាន​គ្រប់គ្រង​ដោយ​ទាហាន លន់ នល់ ហើយ​ទីតាំង​ចាប់ពី​ភូមិ​ទាហាន​ទៅ​ទិសខាងកើត​គ្រប់គ្រង​ដោយ​ចលនា​បដិវត្តន៍​ខ្មែរក្រហម​។ ឪពុក​របស់ខ្ញុំ​បាន​លាក់​កាំភ្លើងខ្លី​នៅក្នុង​អាវ ហើយ​និយាយប្រាប់​មេកង​នៅ​ភូមិ​ទាហាន តាម​ត្រង់​ថា «​អូន​អើយ បង​មក​ព្យាបាល​ជំងឺ ឥឡូវ​អូន​ឯង​ចង់​ធ្វើ​អ្វី​ក៏​ធ្វើទៅ​ព្រោះ​អូន​ដឹង​ប្រវត្តិ​បងហើយ​»​។ ឪពុក​របស់ខ្ញុំ​ហ៊ាន​និយាយ​ដូច្នេះ ដោយសារតែ​ឪពុក​របស់ខ្ញុំ​និង​មេកង​ស្គាល់គ្នា និង​ត្រូវជា​បងប្អូន​នឹង​គ្នា​។ មេកង​តប​ថា «​មិន​អី​ទេ​បង បើ​បង​មិន​ធ្វើ​អ្វី​ខ្ញុំ ខ្ញុំ​ក៏​មិន​ធ្វើ​អ្វី​បង​ឯង​ដែរ​» ទើប​ឪពុក​របស់ខ្ញុំ​រួចខ្លួន​នៅពេលនោះ​។ រហូតដល់​ឪពុក​ខ្ញុំ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​មើល​មិនជា ទើប​ឪពុក​ខ្ញុំ​សុំ​មេកង​ត្រឡប់មក​ក្រុង​ស្វាយរៀង​វិញ​។ មេកង​អនុញ្ញាត​ដោយ​ប្រាប់​ឪពុក​របស់ខ្ញុំ​ថា «​បង​ឯង​ទៅ​ក៏​ទៅ​ចុះៗ ប៉ុន្តែ​បង​កុំ​រាយការណ៍​ចេះ​ចុះ​ទៅបាន​ហើយ​» បន្ទាប់មក​ម្តាយ​របស់ខ្ញុំ​នាំ​ឪពុក​របស់ខ្ញុំ​ដើរកាត់​តាម​ភូមិ​បាសាក់ ឆ្លង​មក​វត្ត​កោះ​ជុំ​សំដៅ​ចូលមកក្នុង​ក្រុង​ស្វាយរៀង​វិញ​។ នៅ​ខណៈ​នោះដែរ ខ្ញុំ​បានស្នើ​សុំ​ប្រធាន​កងចល័ត​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​របស់ខ្ញុំ​ឆ្លង​ព្រែក​មក​ជូន​ដំណើរ​ឪពុកម្តាយ​របស់ខ្ញុំ​មកដល់​ត្រឹម​ភូមិ​ទាហាន​ក្រោម ព្រោះ​ខ្មែរក្រហម​មិន​អនុញ្ញាត​ឲ្យ​កងចល័ត​ចេញចូល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ឡើយ លើកលែងតែ​ចាស់ៗ​ទើប​ខ្មែរក្រហម​អនុញ្ញាត​ឲ្យ​ចេញចូល​នៅពេល​ឈឺ​ថ្កាត់​ម្តងៗ​។ ក្រោយមក​ឪពុក​របស់ខ្ញុំ​ទៅ​ព្យាបាល​ជំងឺ​បន្ត​នៅ​ភ្នំពេញ ហើយ​មិនយូរប៉ុន្មាន​គាត់​បាន​ស្លាប់​នៅ​ទីនោះ​។ ពេល​បូជាសព​ឪពុក​របស់ខ្ញុំ​រួចហើយ ម្តាយ​របស់ខ្ញុំ​យក​ធាតុ​ឪពុក​ខ្ញុំ​ត្រឡប់មក​ខេត្តស្វាយរៀង​វិញ​។ ក្រោយមក​ម្តាយ​របស់ខ្ញុំ​សុំ​អនុញ្ញាត​ពី​ខាង លន់ នល់ ដែល​គ្រប់គ្រង​នៅក្នុង​ក្រុង​ស្វាយរៀង​យក​ធាតុ​ប្តី​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​នៅ​ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់រោទិ៍​។ អ្នកគ្រប់គ្រង​បាន​យល់ព្រម​តាម​សំណើរ​របស់​ម្តាយ​ខ្ញុំ និង​ប្រាប់​ម្តាយ​ខ្ញុំ​ឲ្យ​ដើរ​តាម​ថ្នល់ជាតិ ព្រោះ​បើ​ដើរ​តាមផ្លូវ​វាង (​ផ្លូវ​កាត់​) គឺអាច​ជាន់មីន​ផ្ទុះ​ស្លាប់​។ ពេល​ម្តាយ​របស់ខ្ញុំ​ដើរ​ចេញមក ខាង លន់ នល់ ធ្វើជា​ស្រែកថា «​គ្នា​យើង​រត់​ចូល​ខ្មាំង​ហើយ​កនយើង​» ហើយក៏​នាំគ្នា​បាញ់កាំភ្លើង ប៉ុន្តែ​មិន​ឲ្យ​ចំ​ម្តាយ​របស់ខ្ញុំ​ឡើយ​។ នៅពេល​ម្តាយ​ខ្ញុំ​ចូលទៅ​ដល់​តំបន់​កងទ័ព​រំដោះ​ខ្មែរក្រហម​គ្រប់គ្រង ខ្មែរក្រហម​នាំគ្នា​ស្រែកថា មាន​ខ្មាំង​រត់​ចូលមក​ហើយ គឺ​ប្រពន្ធ​ទាហាន​រត់​ចូល ហើយក៏​នាំគ្នា​បាញ់​អបអរ​»​។ ខ្ញុំ​បារម្ភ​ពី​ម្តាយ​របស់ខ្ញុំ​ខ្លាំងណាស់​។ ក្រោយមក​ប្រជាជន​នៅក្នុង​ភូមិ​ប្រាប់ថា «​មិត្ត​នារី​ដែល​ត្រូវជា​ម្តាយ​របស់​មិត្ត​មកដល់​ហើយ​»​។ ពេលឮ​ដូច្នេះ ខ្ញុំ​ត្រេកអរ​យ៉ាងខ្លាំង​។ យើង​ជួបគ្នា និង​យំ​នៅពេល​ឃើញ​ធាតុ​ឪពុក​។ យើង​បាន​សុំ​កងទ័ព​រំដោះ​ខ្មែរក្រហម​ដើម្បី​ធ្វើបុណ្យ​ជូន​ឪពុក​របស់ខ្ញុំ ប៉ុន្តែ​មិនមាន​ព្រះសង្ឃ​ទេ​។

គង់ សារិន ផ្តល់​បទសម្ភាសន៍​ដល់ សុខ ចន្ទ្រា អ្នកស្ម័គ្រចិត្ត​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​។ ស្វាយរៀង ខែសីហា ឆ្នាំ​២០២១​។ (​សុខ ចន្ទ្រា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
​នៅ​អំឡុង​ឆ្នាំ​១៩៧៨ ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្តី​របស់ខ្ញុំ​ឈ្មោះ រាម សាវុធ​។ កាលនោះ​ខ្មែរក្រហម​រៀបចំ​ពិធី​រៀបការ​ឲ្យ​ខ្ញុំ​ដែល​សរុប​ទាំងអស់​ចំនួន​២៥​គូ​។ យើង​រៀបការ​ក្នុង​យប់​តែមួយ​ជាមួយគ្នា​។ នៅមុន​ពេល​ការ​ប្តី​របស់ខ្ញុំ​ស្នើ​ទៅសុំ​ទៅ​ប្រធាន​កង​របស់គាត់ ប៉ុន្តែ​គូ​ខ្លះ​ត្រូវបាន​ខ្មែរក្រហម​បង្ខិតបង្ខំ​។ គណអធិបតី​រៀបចំ​ឲ្យ​យុវជន​-​យុវនារី អង្គុយ​ទល់មុខ​គ្នា រួចហើយ​ហៅ​ឈ្មោះ​ឲ្យ​ឡើងកាន់​ដៃ​គ្នា និង​មាន​មេក្រុម​ម្នាក់​ឡើង​ស្រែក​ប្តេជ្ញា​។​

​នៅ​ឆ្នាំ​១៩៧៨ ដដែល ខ្មែរក្រហម​ជម្លៀស​គ្រួសារ​ខ្ញុំ​ទៅ​ក​ន្ទូ​ត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ខ្ញុំ​រែក​ដី ជីក​ប្រឡាយ​ដែលមាន​ជម្រៅ​២០​ម៉ែត្រ​។ ខ្ញុំ​ចូលធ្វើការ​នៅ​ម៉ោង​៧​ព្រឹក រហូតដល់​ថ្ងៃត្រង់​ទើប​សម្រាក​ហូបបាយ​។ នៅពេល​រសៀល​ខ្ញុំ​បន្ត​រែក​ដី​រហូតដល់​ម៉ោង​កំណត់​ទើប​ឈប់​ហូបបាយ​។ ខ្ញុំ​ពិបាក​ស្វែងរក​ទឹក​ងូត​ខ្លាំងណាស់​ព្រោះ​មនុស្ស​ច្រើន ហើយ​អណ្តូង​មានតែ​មួយ​។ ខ្ញុំ​ត្រូវ​រង់ចាំ​មួយ​ម៉ោង​ទៅ​ពីរ​ម៉ោង​ទម្រាំ​បាន​ទឹក​កន្លះ​ធុង​យកមក​ងូត​។ ខ្ញុំ​ស្លៀកពាក់​ខោអាវ​ដដែលៗ​បណ្តាល​ឲ្យ​កើតមាន​ចៃ​សាច់​នៅលើ​ក លើ​ខ្នង លើ​ក្លៀក និង​ចង្កេះ ព្រោះ​គ្មាន​ទឹក​ងូត​ជម្រះ​ខ្លួន​។ ពេល​ងូតទឹក​ហើយ ប្រធាន​កង​ផ្លុំ​កញ្ចែ​ឲ្យ​ខ្ញុំ​ទៅ​ចូលរួម​ប្រជុំ រហូតដល់​ម៉ោង​១២ ឬ​ម៉ោង​១​យប់​។ យើង​អង្គុយ​ងោក ហើយ​ព្រឹក​ឡើង​យើង​ធ្វើការ​ទាំង​ងងុយដេក​។ ពេលខ្លះ​យើង​ជំពប់ជើង​បណ្តាល​ឲ្យ​ខ្ចាយ​ដី​ពី​បង្គី​។ ចំណែក​អាហារ គឺ​ខ្ញុំ​ទទួល​បបរ​ខាប់​មួយ​វែក និង​សម្ល​មួយ​ចាន​ចែកគ្នា​៥​នាក់​។ ខ្ញុំ​ហូប​មិន​គ្រាន់​ទេ ដូច្នេះ​ខ្ញុំ​លួចខ្សឹប​ប្រាប់​សមាជិក​ក្នុង​កង​ជាមួយគ្នា​ឲ្យ​លួច​បេះ​ស្លឹក និង​បន្លែ​ពេល​ចេញពី​ប្រជុំ​ដើម្បី​យក​ឲ្យ​ខ្ញុំ​ស្ល​ឲ្យ​ហូប​។ ខ្ញុំ​មិន​ហ៊ាន​ស្ល​ឲ្យ​ប្រធាន​កង​ដឹង​ទេ​។ ប្រសិនបើ​ប្រធាន​កង​ដឹង យើង​ប្រាកដជា​ស្លាប់​ទាំងអស់គ្នា​មិន​ខាន​។ ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​នៅក្នុង​កង​ជាមួយ​ចាំមើល​ផ្លូវ ចំណែក​ខ្ញុំ​គឺជា​អ្នក​ដាំ​ស្ល​។ ពេល​សម្ល​កំពុងតែ​ពុះ ហើយ​ប្រធាន​កងចល័ត​ជិះ​កង់​មក អ្នក​ចាំមើល​ផ្លូវត្រូវ​ស្រែក​ប្រាប់ថា មកហើយ​វើ​យ​! នៅពេល​ខ្ញុំ​ឮដូច្នេះ ខ្ញុំ​ត្រូវ​ចាក់ទឹក​រំលត់ភ្លើង​។ នៅពេល​ខ្លះ​ប្រធាន​កងចល័ត​ស្រែក​សួរថា នារី​អើយ​កំពុង​ធ្វើ ខ្ញុំ​ឆ្លើយតប​វិញ​ថា គ្មាន​ធ្វើ​អី​ទេ​បង ខ្ញុំ​រៀប​ចូលដេក​ហើយ​។ ឮដូច្នេះ​ប្រធាន​កងចល័ត​ក៏​ជិះ​ផុត​ទៅ ទើប​ខ្ញុំ​បង្កាត់ភ្លើង​ស្ល​ម្តង​។ យើង​ឃ្លាន​យ៉ាងខ្លាំង និង​ភិតភ័យ​ផង ទម្រាំ​តែ​សម្ល​ឆ្អិន​។ ខ្មែរក្រហម​បាន​ចែក​ចំនួន​មនុស្ស​ទៅតាម​ក្រុម រួមមាន ៖ «​ក​», «​ខ​», «​គ​», និង «​ឃ​»​។ ក្រុម «​ក​» មាន​ចំនួន​សមាជិក​តិចជាងគេ គឺ​១០​នាក់​។ ក្រុម «​ខ​» មាន​សមាជិក​ចំនួន ៣០​នាក់ ហើយ​ក្នុង​មួយ «​គ​» មាន​៣ «​ខ​» មាន​សមាជិក​ចាប់ពី​៩០​នាក់ ទៅមួយ​រយ​នាក់​ជាង​។ ខ្ញុំ​នៅក្នុង​ក្រុម «​ខ​»​។

ទីធ្លា​ខាងមុខផ្ទះ​របស់ គង់ សារិន នៅ​ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ ខែសីហា ឆ្នាំ​២០២១​។ (​សុខ ចន្ទ្រា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

 

​នៅពេលដែល​នរណាម្នាក់​ប្រព្រឹត្ត​ខុស ដំបូង​ខ្មែរក្រហម​យក​អ្នកនោះ​ទៅ​ព្រមាន​និង​ធ្វើ​ការទិតៀន​ក្នុងចំណោម​ប្រជាជន​នៅក្នុង​ឃុំ​ដែល​អង្គុយ​ជា​រង្វង់ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ខ្មែរក្រហម​ឲ្យ​អង្គុយ​នៅ​ចំ​កណ្តាល​។ ខ្មែរក្រហម​ឲ្យ​ប្រជាជន​មើល​អ្នកប្រព្រឹត្ត​ខុស ហើយ​កុំ​ឲ្យ​ប្រជាជន​យក​គំរូ​តាម​។ នៅពេលនោះ​មាន​មន្ទីរ​សន្តិសុខ​មួយ​ស្ថិតនៅ​ម្តុំ​ស្ពាន​អូរ​ក្រញូង ឬ​វត្ត​ឫស្សី​សាញ់​។ ខ្មែរក្រហម​នាំ​អ្នកទោស​នៅ​ស្រុក​កំពង់រោទិ៍​មក​ឃុំ​នៅ​មន្ទីរ​សន្តិសុខ​វត្ត​ឫស្សី​សាញ់​។ ខ្ញុំ​ធ្លាប់​ឃើញ​កងចល័ត​ឈ្មោះ ក្រឹ​ង អតីត​ទាហាន លន់ នល់ ដែល​នៅ​លីវ​។ ក្រឹ​ង ឃើញ​កន្ទុយបារី​ដែល​គេ​បោះចោល​លើដី ក៏​ទៅ​រើស​យកមក​ជក់​។ ពេលនោះ​មាន​កងចល័ត​ម្នាក់​ស្រែក​ប្រាប់ថា «​អ្ហែង​ប្រយ័ត្ន​តែ​គេ​ឃើញ​ដឹង​តែមាន​ទោស​ហើយ​»​។ ច្រឹង តប​វិញ​ថា «​ស្អី​វើ​យ​គ្រាន់តែ​បារី​បោះចោល​ចឹ​ង​គ្នា​រើស​ជក់​ម៉ា​ហឺត​ចឹ​ង​ក៏មាន​ទោស​ដែរ​» ស្រប​ពេលដែល​ប្រធាន​សន្តិសុខ​ជិះ​កង់​មកពី​ក្រោយ ចំណែក​ប្រធាន​កង​មិន​មាត់ក​ទេ​។ លុះ​ដល់ពេល​ល្ងាច ខ្មែរក្រហម​ហៅ​ឈ្មោះ ក្រឹ​ង មក​អង្គុយ​កណ្តាល​ហ្វូង​ប្រជុំ​។ ប្រធាន​អង្គប្រជុំ​លើកឡើងថា «​មិត្តឯង​សាហាវ​ណាស់ មិត្តឯង​ឃ្លាន​ណាស់ ឥឡូវ​យើង​យក​ថ្នាំជក់​ដែល​ដាំ​បានមក​មូរ​ជាមួយ​សន្លឹក​សៀវភៅ​ពីរ​សន្លឹក​ឲ្យ​មិត្តឯង​ជក់​ឲ្យ​ឆ្អែត​។ មិត្តឯង​មិនត្រូវ​បង្ហុយផ្សែង​ចោល​ទេ គឺ​បឺត​ផ្សែង​ចូលក្នុង​ពោះ​»​។ នៅពេល​ប្រធាន​អង្គប្រជុំ​និយាយ​ចប់ កងឈ្លប​យក​បារី​ឲ្យ ក្រឹ​ង បឺត​។ គ្រាន់តែ ក្រឹ​ង បឺត​តែមួយ​ភ្លែត​ក៏​ប្រកាច់​នៅ​នឹង​មុខ​អង្គប្រជុំ​។ ប្រជាជន​ផ្អើល​ឈូរ​ឆរ ខណៈនោះ​ប្រធាន​កង​ស្រែកថា «​មិត្តៗ​ត្រូវ​នៅ​ឲ្យ​ស្ងៀម​» គ្រាន់តែ​ឮដូច្នេះ​ប្រជាជន​ក៏​អង្គុយ​ចុះ​វិញ​។ មួយសន្ទុះ​ក្រោយមក ក្រឹ​ង ដឹងខ្លួន​ឡើងវិញ រួច​កងឈ្លប​យក​គា​ត់ទៅ​ដាក់​នៅ​មួយកន្លែង​ដោយមាន​ឆ្មាំ​ម្នាក់​ចាំ​យាម​។ ព្រលឹម​ឡើង​ខ្មែរក្រហម​យក ក្រឹ​ង ចេញទៅ ហើយ​ចាប់តាំងពី​ថ្ងៃ​នោះមក​បាត់ ក្រឹ​ង រហូត​។​

​វេលា​ថ្ងៃមួយ ខ្ញុំ​ឈឺ​គ្រុន​ហើយ​លេបថ្នាំ​ដែល​ខ្មែរក្រហម​ចែក​ឲ្យ​មិនបាន​ធូរស្បើយ ខ្ញុំ​ក៏​ទៅរក​អ្នក​នៅក្នុង​កង​ជាមួយ​កោសខ្យល់​ឲ្យ​។ កាលនោះ ខ្ញុំ​កោសខ្យល់​តែ​ជាមួយ​ទឹក​ប៉ុណ្ណោះ ព្រោះ​គ្មាន​ប្រេង​។ ពីរ​ថ្ងៃ​ក្រោយមក ខ្ញុំ​ចេញទៅ​ធ្វើការ​វិញ ព្រោះ​មាន​កងឈ្លប​ខ្មែរក្រហម​តាម​សង្កេតមើល អ្នកណា​ឈឺ​ពិតប្រាកដ​ឬ​ធ្វើ​ពុត ប្រសិនបើ​ធ្វើ​ពុត​ជា​ឈឺ​កងឈ្លប​នឹង​កត់​ឈ្មោះ រួច​យក​អ្នកជំងឺ​នោះ​ទៅ​ដាក់​មួយ​ឡែក​។ នៅពេលដែល​កងឈ្លប​យក​ទៅហើយ​អ្នកជំងឺ​នោះ​ដឹង​តែ​បាត់​ដំណឹង​ហើយ​។

ផ្ទះ​របស់ គង់ សារិន នៅ​ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ ខែសីហា ឆ្នាំ​២០២១​។ (​សុខ ចន្ទ្រា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅ​រដូវ​ច្រូតស្រូវ ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ក្រុម​នារី និង​យុវជន ទៅ​ច្រូតស្រូវ​នៅ​ព្រំដែន​វៀតណាម​។ យើង​ច្រូតស្រូវ​ទាំងយប់​ងងឹត​ដោយ​មិន​ហ៊ាន​តមាត់​ឡើយ​។ យើង​ពិបាក​ចង​កណ្តាប់​ណាស់​ដោយសារ​យប់​ងងឹត​មើលមិនឃើញ ដូច្នេះ​យើង​ប្រមូលស្រូវ​ដែល​ច្រូត​បានដាក់​ចូលគ្នា​ដើម្បី​ចង​ជា​កណ្តាប់ រួចហើយ​ទើប​បែងចែក​កណ្តាប់​គ្នា​។ នៅពេល​ប្រធាន​ក្រុម​សួរថា តើ​មិត្ត​ច្រូត​បាន​ប៉ុន្មាន​ក្តាប់​? ខ្ញុំ​ឆ្លើយតប​ថា ច្រូត​បាន​ពីរ​កណ្តាប់​។ ប្រធាន​ក្រុម​បញ្ជា​ខ្ញុំ​ឲ្យ​ច្រូតស្រូវ​ថែមទៀត​ដើម្បី​បាន​ត្រឡប់ទៅផ្ទះ​វិញ​។ នៅ​យប់​ទី​ពីរ​ខ្មែរក្រហម​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅ​ច្រូតស្រូវ​នៅ​កន្លែង​ដដែល យប់នោះ​វៀតណាម​បានដឹង និង​បាញ់​ត្រូវ​កងចល័ត​ម្នាក់​ឈ្មោះ ណិ ធ្លុះ​ភ្លៅ​។ កងចល័ត​បាននាំគ្នារ​ត់ ចំណែក​ឈ្មោះ ណិ បាន​ស្រែកហៅ​ខ្ញុំ​ឲ្យ​ជួយ «​បងៗ​ជួយ​ខ្ញុំ​ផងៗ​» ព្រោះ​ត្រូវ​គ្រាប់​រត់​មិន​រួច​។ ខ្ញុំ​ទៅ​ជួយ​គ្រា​គាត់​។ ពេលនោះ​វៀតណាម​នៅតែ​បន្ត​បាញ់​ក្បែរៗ​ជើង​របស់ខ្ញុំ​។ ខ្ញុំ​គ្រា ណិ ដើរ​បាន​ចម្ងាយ​ប្រហែល​បាន​១៥០​ម៉ែត្រ ប្រធាន «​ខ​» មកជួយ​គ្រា​បន្តទៀត ហើយ ណិ នៅតែ​អរគុណ​ខ្ញុំ​មកដល់​បច្ចុប្បន្ន​។
​មាន​ថ្ងៃមួយ ប្រពន្ធ​ពូ មុន្នី ទៅ​ស្ទួ​ង​នៅ​កន្លែង​ខ្ញុំ​ដែរ​។ គាត់​មាត់រអិល​ណាស់ នៅពេល​ឃើញ​មេឃ​ស្រទំ​និង​ពពក​ខ្មៅ គាត់​និយាយថា «​ឱ​លោក​អើយ លោក​ភ្លៀង​មក​ឲ្យ​ច្រើន​មក ហើយ​រន្ទះបាញ់​ពួក​អា​យួន​ឲ្យ​ងាប់​ឲ្យ​អស់​ទៅ កុំ​ឲ្យ​វា​បាញ់​ខ្មែរ​» ស្រាប់តែ​ផ្លេកបន្ទោរ​ច្រាវ​មក​បាញ់​ចំ​គាត់​ស្លាប់​តែម្តង​។ ប្រជាជន​នាំគ្នា​និយាយថា នៅ​កន្លែង​នៅ​នោះ​មាន​អ្នកថែរក្សា​។ នៅពេល​យប់ ខ្មោច​ប្រពន្ធ ពូ​មុន្នី លងបន្លាច​អ្នកភូមិ​សឹង​គ្រប់គ្នា​។ ខ្ញុំ​ក៏​ធ្លាប់​ខ្មោច​ប្រពន្ធ ពូ​មុន្នី លងបន្លាច​ដែរ ហើយ​ចាប់តាំងពី​ពេល​នោះមក​ទើប​ខ្ញុំ​ជឿថា មាន​ខ្មោចលង​។

​ពូ​របស់ខ្ញុំ​ម្នាក់​គឺជា​ទាហាន លន់ នល់ ត្រូវបាន​ខ្មែរក្រហម​យកទៅ​រៀនសូត្រ ហើយ​បាត់​ដំណឹង​រហូត​។ តាម​ការពិត​ខ្មែរក្រហម​យក​គាត់​ទៅ​វាយ​សម្លាប់ចោល ព្រោះ​ខ្ញុំ​ឃើញ​សាកសព​មនុស្ស​ជាច្រើន​នៅក្នុង​អណ្តូង​។ ខ្ញុំ​ធ្លាប់​ឃើញ​ឈ្លប​ខ្មែរក្រហម​វាយ​សម្លាប់​ឈ្មោះ សារិន ជាប់​និន្នាការ​ជា​គ្រូបង្រៀន និង​ប្រពន្ធ​របស់គាត់​នៅ​ក្រោលគោ​ដែរ​។ កងឈ្លប​យក​គា​ត់ទៅ​វាយ​ទាំងយប់ ព្រោះ​ខ្ញុំ​ឮសូរ​សម្រែក​ស្រែក​អូយៗ​។ ព្រឹក​ឡើង​បាត់​គ្រូ សារិន និង​ប្រពន្ធ​របស់គាត់ រួមទាំង​កូន​ពីរ​នាក់​ទៀត​ឈ្មោះ សូរិយា និង ចន្ទ្រា គឺ​នៅរស់​តែ​កូនច្បង​ឈ្មោះ ង៉ោ​ល ម្នាក់​ប៉ុណ្ណោះ ព្រោះ ង៉ោ​ល ធ្វើការ​នៅ​កងចល័ត​ផ្សេង​។ ព្រឹក​ឡើង ង៉ោ​ល មករក​ឪពុកម្តាយ​និង​ប្អូនៗ​អត់​ឃើញ​ក៏​យំ​។ ង៉ោ​ល យំ​មិន​ហ៊ាន​ឲ្យ​ប្រធាន​កង​ដឹង​ឡើយ ព្រោះ​ខ្លាច​ខ្មែរក្រហម​យកទៅ​សម្លាប់​ទៀត​។
​នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​នាំ​គ្រួសារ​ដើរ​ត្រឡប់មក​ស្រុកកំណើត​វិញ​។ ខ្ញុំ​ធ្វើដំណើរ​បាន​ចម្ងាយ​២០​គីឡូម៉ែត្រ​ក៏​នាំគ្នា​សម្រាក បន្ទាប់មក​ទើប​បន្តដំណើរ​ទៀត​។ ខ្ញុំ​មកដល់​ភូមិ​ស្វាយ​តា​ភ្ល​ដំបូង​មិនទាន់មាន​ប្រជាជន​មក​រស់នៅ​ច្រើន​ទេ ព្រោះ​ម្ចាស់ផ្ទះ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ទៅ​ស្រុក​ឆ្ងាយ​មិនទាន់​ត្រឡប់មកវិញ ចំណែក​ប្រជាជន​ខ្លះ​ក៏​មិន​ត្រឡប់មក​ស្រុក​ដែរ​។ ខ្ញុំ​និង​គ្រួសារ​នាំគ្នា​ធ្វើស្រែ​ចម្ការ និង​បន្ត​រស់នៅ​ភូមិ​ស្វាយ​តា​ភ្ល​រហូតមកដល់​បច្ចុប្បន្ន​៕សរន​