​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់​អះអាង​ថា​មាន​កូន​ដំបូង​នៅ​អាយុ ៧០​ឆ្នាំ​ដែល​ធ្វើឱ្យ​គាត់​ក្លាយ​ជា​ម្តាយ​កូន​ដំបូង​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​បំផុត​​នៅលើ​ពិភពលោក​។​

​លោកយាយ ជី​វុន​បិ​ន រ៉ា​បារី និង និង​ស្វាមី​ឈ្មោះ ម៉ាល់​ដារី អាយុ ៧៥ ឆ្នាំ​បាន​បង្ហាញ​កូន​ប្រុស​មិន​បញ្ចេញ​ឈ្មោះ​របស់​ពួកគាត់​យ៉ាង​មាន​មោទនភាព​ដល់​អ្នកយកព័ត៌មាន នៅ​ពេល​ពួកគាត់​និយាយថា​គាត់​មាន​ផ្ទៃពោះ​តាមរយៈ​វិធីសាស្ត្រ IVF (​ចិញ្ចឹម​មេ​ជីវិត​ឈ្មោល​និង​ញី​នៅក្នុង​កែវ​)​។​

​លោក​ស្រី​រ៉ា​បារី​បាន​និយាយថា​លោកស្រី​មិន​មាន​អត្តសញ្ញាណប័ណ្ណ​ដើម្បី​បញ្ជាក់​អាយុ​របស់​គាត់​ទេ​ប៉ុន្តែ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​គាត់​មាន​អាយុ ៧០​ឆ្នាំ​ដែល​នឹង​ធ្វើឱ្យ​គាត់​ក្លាយ​ជា​ម្តាយ​​កូន​ដំបូង​នៅលើ​ពិភពលោក​ដែល​ចាស់​ជាង​គេ​បំផុត​។ ទោះយ៉ាងណា ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់ទៀត​ឈ្មោះ អឺ​រ៉ា​ម៉ា​តទី ម៉ា​ន់ហ្គា​យ៉ាម​ម៉ាត្រូវ​គេ​ជឿ​ថា​ចាស់​ជាងគេ​បន្ទាប់​ពី​សម្រាលកូន​ស្រី​ភ្លោះ​នៅ​​ខែ​កញ្ញា​ឆ្នាំ ២០១៩ នៅ​អាយុ ៧៤ ឆ្នាំ​។​

​រ៉ា​បារី​និង​ម៉ាល់​ដារី​មកពី​ភូមិតូច​មួយ​ឈ្មោះ​ម៉ូ​រ៉ា​ក្នុង​រដ្ឋ​គូ​ចា​រ៉ាត់​ប្រទេស​ឥណ្ឌា​បាន​រៀបការ​អស់​រយៈពេល ៤៥ ឆ្នាំ​ហើយ ហើយ​បាន​ព្យាយាម​យក​កូន​មិន​ជោគជ័យ​អស់​ជាច្រើន​ទសវត្សរ៍​។​

​ពួកគាត់​អាច​មាន​កូន​តាមរយៈ​វិធីសាស្ត្រ IVF​ដែល​អាច​មាន​ប្រសិទ្ធភាព​បន្ទាប់​ពី​អស់​រដូវ​។​

​វេជ្ជបណ្ឌិត ណា​រ៉េ​ស បា​នូ​សាលី បាន​និយាយថា “​វា​ជា​ករណី​មួយ​ក្នុងចំណោម​ករណី​កម្រ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បានឃើញ​”​។​

​វេជ្ជបណ្ឌិត​បា​នូ​សាលី​និយាយថា “​ពេល​ពួកគាត់​មក​រក​យើង​ដំបូង យើង​បាន​ប្រាប់​ពួកគាត់​ថា​ពួកគាត់​មិន​អាច​មាន​កូន​នៅ​អាយុ​ចាស់​បែបនេះ​បានទេ ប៉ុន្តែ​ពួកគេ​ទទូច​ចង់បាន​កូន​។ ពួកគាត់​និយាយថា សមាជិក​ជា​ច្រើន​របស់​គ្រួសារ​គាត់​បានធ្វើ​ដូច្នេះ​ដែរ​។ វា​ជា​ករណី​កម្រ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បានឃើញ​”៕

​លោកយាយ ជី​វុន​បិ​ន រ៉ា​បារី មាន​កូន​នៅ​អាយុ ៧០ ឆ្នាំ