​ដោយ​៖​សុផល​/​ភ្នំពេញ​៖​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង និង​អ្នកជំនាញ​ពាក់ព័ន្ធ​ចូលរួម​កិច្ចប្រជុំ​ស្តីពី​ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​(SEA GAMES) និង​កីឡា​ជនពិការ អាស៊ាន​ប៉ា​រ៉ា​ហ្គេម (ASEAN PARA GAMES) ឆ្នាំ​២០២៣ តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ (CAMSOC) ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​។​

​សូម​ជម្រាបជូន​ថា​៖ ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ខាងមុខ ក្នុងនោះ​រួមមាន​៖ ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ការកសាង​សមត្ថភាព​អត្ត​ព​លិ​ក ការត្រៀម​រៀបចំ​កញ្ចប់​ថវិកាជាតិ ក្រសួង​-​ស្ថាប័ន​ទទួលបន្ទុក​ការងារ​រៀបចំ ដើម្បី​ឈានទៅ​សម្រេច​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​របស់ខ្លួន​ក្នុង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ធាតុ​ចូល ក៏ដូចជា​មតិយោបល់​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​ផ្តោត​ការពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​រួមមាន​៖ ការដឹកជញ្ជូន​ក្នុងអំឡុងពេល ព្រឹត្តិការណ៍​កីឡា ទីតាំង​ប្រកួត តម្រាយ​ផ្លូវ​ដឹកជញ្ជូន​កីឡាករ​ក្នុងការ​ចូលរួម​កម្មវិធី​បើក​និង​កម្មវិធី​បិទ កន្លែង​ស្នាក់នៅ​សម្រាប់​កីឡាករ តម្រូវការ​ប្រើប្រាស់​រថ​យន្ត​និង​ប្រភេទ​រថយន្ត ការសាងសង់​ភូមិ​កីឡា ការ​ស្នាក់នៅ និង​ការផ្គត់ផ្គង់​ម្ហូបអាហារ​សម្រាប់​កីឡាករ ភ្ញៀវ​VVIP និង​VIP អាជ្ញាកណ្តាល ចៅក្រម និង​អ្នកបច្ចេកទេស​កីឡា ការដឹកជញ្ជូន​មុន និង​ក្រោយ​ព្រឹ​ត្ត​ការណ៍​កីឡា បញ្ហា​ប្រឈម ដំណោះស្រាយ និង​សំណូមពរ​៕​