ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ប៉ា សុជាតិ​វង្ស សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ប្រកាស​ផ្ទេរ​ភារកិច្ច ប្រធាន​គណៈកម្មាធិការ​គណបក្ស ប្រជាជន​កម្ពុជា ខណ្ឌទួលគោក និង​ខណ្ឌឫស្សីកែវ នា​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​១៩ ខែតុលា ឆ្នាំ​២០២១ នេះ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​។​

​លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា ណ្ឌ​ទួលគោក ហើយ​លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ឫស្សីកែវ ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌឫស្សីកែវ​វិញ​។​

​គួរ​បញ្ជាក់ថា កន្លងមក លោក ឯក ឃុន​ដឿ​ន ជា​អតីត​អភិបាលខណ្ឌ​ទួលគោក និង​ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌទួលគោក ឥឡូវ​ទៅ ជា​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌឫស្សីកែវ​វិញ​។ ចំណែក​លោក ជា ពិសី អតីត​អភិបាល​ប្ញ​ស្សី​កែវ ទៅជា​អភិបាល​ខណ្ឌទួលគោក និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា ខណ្ឌទួលគោក​វិញ​។​

​នៅក្នុង​ឱកាស​នោះ លោក ប៉ា សុជាតិ​វង្ស បាន​ផ្តោត​សំខាន់ ទៅលើ​ការដឹកនាំ​ចំពោះមុខ ត្រូវ​ក្តាប់​ឱ្យ​ជាប់​នូវ​លក្ខន្តិកៈ​បក្ស កម្មវិធី​នយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេច​រប​ស់ប​ក្ស ច្បាប់​របស់​រដ្ឋ ចាត់តាំង​អនុវត្តន៍ ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ប្រកាន់​ភ្ជាប់ នូវ​គោលការណ៍ ជា​មូលដ្ឋាន សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ ភាគតិច​គោរព​ភាគច្រើន​។ ដឹកនាំ​ល្អ​ត្រូវ​គិតគូរ ខាង​អាកប្បកិរិយា ពាក្យសម្តី​សុភាពរាបសារ ចាស់ទុំ​នយោបាយ តែ​ត្រូវ​ម៉ឺងម៉ាត់ ខាង​គោលជំហរ​។ អ្នកដឹកនាំ ត្រូវធ្វើ​ភាពជា​គម្រូ ដល់​អ្នក​ដែល​នៅក្រោម​ការដឹកនាំ​របស់​យើង ក្នុងនោះ​គម្រូ​អនុវត្តន៍​ដីកា​ច្បាប់ ក្នុង​ជីវភាព រស់នៅ ក្នុង​ការងារ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​គោរព​អង្គការ​វិន័យ​របស់​ប​ក្ស​។​

​លោក​បាន​បន្តទៀតថាៈ ការដឹកនាំ​ល្អ ត្រូវគោរព និង​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ របប​ធ្វើ​ការងារ របស់​គណបក្ស នោះ​គឺ​ប្រជុំ​សន្និបាត ចុះ​មូលដ្ឋាន ត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និង​សុំ​យោបល់ ហើយ​ត្រូវ​ចងចាំ​ថា សូមកុំ​មើលរំលង របប​មួយណា​ឱ្យសោះ​។​

​លោក​ក៏បាន​ផ្តាំ​ផ្ញើឱ្យ​ជំរុញ ដល់​សមាជិក សមាជិកា​របស់​បក្ស ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ធ្វើ​អត្តសញ្ញាណប័ណ្ណ ដល់​អ្នក​ដែល​គ្រប់​អាយុ ដើម្បី​ឈានទៅរក​ភាពជោគជ័យ ទៅ​ថ្ងៃ​ខាងមុខ​៕/V​