ប្រែ​សម្រួលៈ​វាសនា​៖ វៀតណាម​បាន​ចំណាយ​ថវិការដ្ឋ​អស់​ជាង​៣០​ទ្រី​លាន​ដុង​(១,៣២​ពាន់​លាន​ដុល្លារ​) លើ​ការប្រយុទ្ធប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩ នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩​។​

​ក្នុង​ចំនួន​ទឹកប្រាក់​នេះ ក្រសួង​សុខាភិបាល​ទទួល​បាន​២១,២​ទ្រី​លាន​ដុង​ដើម្បី​ទិញ​វ៉ាក់សាំង សង់​បន្ទប់​និង​ព្យាបាល​អ្នកជំងឺ​។​ក្រសួង​សន្តិសុខ​សាធារណៈ​ទទួលបាន​១,៤​ទ្រី​លាន​ដុង​និង​ក្រសួង​​ការពារជាតិ​ទទួលបាន​២,៧​ទ្រី​លាន​ដុង ហើយ​៥,២​ទ្រី​លាន​ដុង​ទៀត​ត្រូវបាន​ផ្តល់​ទៅ​ទីតាំង​ដែល​កើន​មាន​ជំងឺ​កូវី​ដ​១៩​ខ្លាំង រួមមាន​ទីក្រុង​ហូជីមិញ និង​ខេត្ត​មួយចំនួន​។​

​អង្ករ​បំរុង​របស់​រដ្ឋ​ចំនួន​១៣៧.០០០​តោន​ក៏​ត្រូវបាន​ចែក​ទៅកាន់​៣១​ទីតាំង​ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ក្នុងអំឡុងពេល​ផ្ទុះ​កូវី​ដ​១៩​។​ក្រុមហ៊ុន​ជំនួញ​និង​អង្គការ​ជាច្រើន​ទាំង​នៅក្នុង​និង​ក្រៅ​​ប្រទេស​វៀតណាម រួមទាំង​រដ្ឋាភិបាល​ប​រទេស​បាន​ជួយ​ឧបករណ៍​ជំនួយ​ដង្ហើម ម៉ាស់ ឧបករណ៍​ធ្វើតេស្តិ៍​រហ័ស​និង​ឧបករណ៍​សម្ភារ​ដទៃ​ទៀត​រាប់ពាន់​សំរាប់​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩​នេះ​បាន​បន្ថែមថា បុគ្គលិក​វេជ្ជសាស្ត្រ យោធា​និង​ប៉ូលិស​ប្រមាណ​៣០០.០០០​នាក់​ត្រូវបាន​បញ្ជូន​ទៅ​ជួយ​ការងារ​ប្រឆាំង​កូវី​ដ​១៩​នេះ​នៅ​ទូទាំង​ប្រទេស​។​

​សូមបញ្ជាក់​ថា វៀតណាម​បាន​ឆ្លងកាត់​ការផ្ទុះកូ​វីដ​១៩​ក្នុង​សហគមន៍​ចំនួន​៤​លើក​ចាប់​តាំងពី​ឆ្នាំមុន ដោយ​មនុស្ស​៨៦៧.០០០​នាក់​បាន​ឆ្លង និង​២១.២៦៩​នាក់​បាន​ស្លាប់​។​

​ឥឡូវ​ជំងឺឆ្លង​នេះ​ត្រូវបាន​គ្រប់គ្រង​បាន​ភាគច្រើន ដោយ​មជ្ឈមណ្ឌល​ផ្ទុះ​កូវី​ដ​១៩ ដូច​ជា​ក្រុង​ហូជីមិញ ឬ​ខេត្ត​ប៊ិញ​ហ្វឿង​បាន​កត់ត្រា​ឃើញ​អ្នក​ឆ្លង​ថ្មី​ធ្លាក់ចុះ​ជាខ្លាំង​។​កាលពី​យប់​ថ្ងៃ​ចន្ទ អាជ្ញា​​ធរ​សុខាភិបាល​បានប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៣.១៥៩​នាក់ ដោយ​ចុះ​ចំនួន​១៦​នាក់​ពី​ចំនួន​ឆ្លង​កាល​ពី​មួយ​ថ្ងៃមុន​។​ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​២១.២៦៩​នាក់​ក្រោយ​អ្នកជំងឺ​៧៥​នាក់​​ទៀយ​បាន​ស្លាប់​។​

​ប្រជាជន​វៀតណាម​៤៥,៣​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច​ម្នាក់​មួយ​ដូស និង​ប្រមាណ​១៨,២​លាន​នាក់​បាន​ចាក់​២​ដូសពេញ​លេញ​៕

​ការរកស៊ី​បើក​ដំណើរ​ឡើង​វិញ​ក្នុង​ក្រុង​ហូជីមិញ​នៅ​ខែ​នេះ ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​ប្រឆាំង​កូវី​ដ​១៩