ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា​ការស្នើ សុំ​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា ឲ្យ​បញ្ចប់​ការឃុំខ្លួន​លោក​កឹម សុខា គឺ​មិនអាច​ទៅរួច​ទេ​ដោយហេតុថា សំណុំ​រឿងនេះ​កំពុងតែ​ដំណើរការ​ទៅមុខ​ដល់​ដំណាក់កាល​នៃ​ការជំនុំជម្រះ​ហើយ​។​ប៉ុន្តែ​ការស្នើសុំ​វា​គឺជា​សិទ្ធិ​របស់​មេធាវី​។

​អ្នកនាំពាក្យ​ថ្លែង​បែបនេះ​បន្ទាប់ពី​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា​បាន​ជំរុញ​ជាថ្មីទៀត​ឱ្យ​តុលាការ​ពិចារណា​ក្នុងការ ចេញ​ដីកា​បញ្ឈប់​ជា​អចិន្ត្រៃយ៍​នូវ​ដំណើរការ​នីតិវិធី​នៃ​ការឃុំខ្លួន​ប្រឆាំងនឹង​កូនក្ដី​របស់ខ្លួន​និង​ផ្ដល់​នីតិសម្បទា​សម្រាប់​អតីត មេបក្ស​ប្រឆាំង​រូបនេះ​ឱ្យបាន​ពេញលេញ​ឡើងវិញ​។​

​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍ប្រាប់ AMS​កាល​ព្រឹក ថ្ងៃទី​១៩ ខែតុលា​នេះ​ថា​ការស្នើសុំ​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​កឹម​សុខា​ឱ្យ​តុលាការ​ពិចារណា​ក្នុង​ការចេញ​ដីកា​បញ្ឈប់ ជា​អចិន្ត្រៃយ៍​នូវ​ដំណើរការ​នីតិវិធី​នៃ​ការឃុំខ្លួន​ប្រឆាំងនឹង​កូនក្ដី​របស់ខ្លួន និង​ផ្ដល់​នីតិសម្បទា​ឱ្យបាន​ពេញលេញ​ឡើងវិញ គឺជា​សិទ្ធិ​របស់​មេធាវី ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ វា​អាស្រ័យទៅលើ​តុលាការ​។ ម្យ៉ាងវិញទៀត​ដំណើរ​រឿងនេះ កំពុងតែ​ដំណើរការ​ទៅមុខ​ដល់​ដំណាក់កាល​នៃ​ការជំនុំជម្រះ ដែល​ត្រូវ​បញ្ជាក់ថា តើ​គាត់ (​លោក​កឹម សុខា​) មានទោស ឬក៏​គ្មាន​ទោស​ឬ​បាន​ប្រព្រឹត្ត​ល​ល្មើស​ឬក៏​មិនបាន​គឺ​វា​ឈានដល់​ការជំនុំជម្រះ​ហើយ​ទៅ​សម្រេច​បញ្ចប់​ការឃុំខ្លួន​យ៉ាងម៉េច​កើត ជា​នីតិវិធី​ច្បាប់​។​

​សូមជម្រាបថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំរឿង លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​បញ្ជូនទៅ​ជំនុំជម្រះ​។​នេះ​បើ​យោង តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​។​

​កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ​បានទទួល​ចាត់ការ​ស៊ើបសួរ​លើ​សំណុំរឿង ព្រហ្មទណ្ឌ​លេខ ៥៦៤២ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ កើត​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៥៣ ត្រូវបាន​ចោទប្រកាន់​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​ប្រព្រឹត្ត​នៅ ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ ក្រោយពី​បាន​ស្រាវជ្រាវ និង​ស៊ើបសួរ​ចប់សព្វគ្រប់ ចៅក្រម​ស៊ើបសួរ​ពិនិត្យឃើញថា​មាន​ភស្តុតាង ដាក់បន្ទុក​គ្រប់គ្រាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ​កឹម​សុខា​ពីបទ​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​ហើយ​ចៅក្រម​ស៊ើបសួរ​បានសម្រេច បិទ​បញ្ចប់​ការ​ស៊ើបសួរ​នេះ ដោយ​បញ្ជូន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ទៅ​តុលាការ​ជំនុំជម្រះ​តាម​ដីកា​បញ្ជូនទៅ ជំនុំជម្រះ​លេខ ៦៤០០ «​គ​» ដ​.​ដ ចុះ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក​គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានចេញ​លិខិត​ជូនដំណឹង​ស្តីពី​ការបិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​លោក​កឹម សុខា ដែល​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បិទ​ការ​ស៊ើបសួរ​ចាប់ពីពេលនេះ​តទៅ​។ ការសម្រេច​បិទ​ការ​ស៊ើបសួរ​ល​សំណុំរឿង​លោក​កឹម សុខា គឺ​បន្ទាប់ពី​ដំណើរការ​នីតិវិធី​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​។ នៅក្នុង​សំណុំ​រឿងនេះ លោក​កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​បានសម្រេច​ដាក់​លោក កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល តែ​បាន​កែប្រែ​លក្ខខណ្ឌ​មួយចំនួន ដែល​ក្នុងនោះ​រួមមាន​លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ​របស់លោក​ផងដែរ ពោលគឺ​លោក​អាចធ្វើ​ដំណើរ​បាន​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការសម្រេច​នេះ ដោយ​ផ្អែកលើ​ស្ថានភាព​សុខភាព​និង​កិច្ចសហការ​ល្អ​របស់ លោក កឹម សុខា ជាមួយ​សមត្ថកិច្ច​នាពេល​កន្លងមក​។ ប៉ុន្តែ​លោក​ត្រូវ​ហាមឃាត់​មិនឱ្យ​ចេញទៅ​បរទេស មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​៕​សរន​