ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ដោយ​មើលឃើញ​ទុក្ខលំបាក របស់​ក្មេង​កំព្រា​ចំនួន ៥ នាក់ ដែល​ត្រូវបាន​ម្ដាយ ជា​ស្រី​មេម៉ាយ ស្លាប់ចោល កាលពីពេល​ថ្មីៗ​នេះ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ចាត់​ឱ្យ លោក ខឹម ចាន់​នឿន នាយករង រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង នាំយក​អំណោយ ទៅ​ប្រគល់ជូន​កុមារកំព្រា ទាំង ៥ នាក់ នៅក្នុង​លំនៅដ្ឋាន ភូមិ​ឧទុម្ពរ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ។​

​តាម​ការបញ្ជាក់​របស់ លោក សេង វិចិត្រ អភិបាលរង​ស្រុក​រលាប្អៀរ បានឱ្យដឹងថាៈ ស្ត្រី​មេម៉ាយ ដែល​បាន​ស្លាប់ បន្សល់ទុក​កូន ៥ នាក់ ឱ្យនៅ​កំព្រា មានឈ្មោះ ចាប សុ​ថុ​ន អាយុ ៤២ ឆ្នាំ មានកូន ៥ នាក់​ស្រី ៣ នាក់ បាន​ស្លាប់ កាលពី​ថ្មីៗ​នេះ ដោយ​ជំងឺលើសឈាម និង​ជំងឺ​រ៉ាំ​រៃ​។​

​នៅក្នុង​ឱកាស​នោះ លោក ខឹម ចាន់​នឿន បានបញ្ជាក់​ថាៈ អំណោយ​ដែល​លោក យកមក​ប្រគល់ជូន ក្មេង​កំព្រា​ទាំង ៥ នាក់​នេះ មាន​អង្ករ ២០០ គីឡូក្រាម មី​៥​កេស ទឹក​សុទ្ធ ៥​កេស ត្រីខ ៥ យួរ និង​ថវិកា ៦០ ម៉ឺន​រៀល​៕/V