ដោយ​: សម្បត្តិ / ភ្នំពេញ​: ខណ្ឌ​កំបូល បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម ប្រចាំ​ខែតុលា​និង​លើក​ទិសដៅ​ការងារ​ប្រចាំខែ​វិច្ឆិកា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ ក្នុងនោះ​ក៏បាន​បង្ហាញ​នូវ​កត្តា​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​រយៈពេល​០១​ខែ​ចុង​ក្រោយនេះ គេ​មើលឃើញថា​បន្ត​ទប់ស្កាត់បាន​ទាំងស្រុង​នូវ​បទល្មើស​ឧក្រិដ្ឋ ដែលជា​បទល្មើស​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច ប៉ុន្តែ​កើតឡើង​បទល្មើស​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ចំនួន​០៦​លើក ជា​លទ្ធផល​ប្រតិបត្តិការ​ទៅលើ​បទល្មើស​លួច​ទាំងនេះ ជនសង្ស័យ​០៧​នាក់ ត្រូវបាន​នគរបាល​ខ​ណ្ឌ​កំបូល​បង្ក្រាប នឹង​ចាប់​ឃាត់ខ្លួន​យកទៅអនុវត្ត​តាម​នីតិ​វិធី​។

​ខណ្ឌ​កំបូល​សេចក្តីរាយការណ៍​ឱ្យដឹងថា ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​បច្ចុប្បន្ន​ជាង​១​ម៉ឺ​៧​ពាន់​គ្រួសារ ការងារ​ផ្តល់​សេវាសាធារណៈ និង​សេវា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ត្រូវបាន​លើកកម្ពស់​ពុំមាន​បាតុភាព​អ្វី​កើតឡើង​ធំដុំ​គួរឱ្យកត់សម្គាល់​នោះឡើយ​។ ក្នុង​រយៈពេល​កន្លងមក​ធ្លាប់​កើតមាន​បទល្មើស​ឧក្រិដ្ឋ​ចំនួន​០៤​លើក តែ​ត្រូវបាន​នគរបាល​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​បាន​ទាំងអស់ នឹង​បាន​បញ្ជូន​យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​នោះ​ហើយ​។

​ការពង្រឹង​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​នៅក្នុង​ខណ្ឌ​កំបូល​ទប់ស្កាត់​បទល្មើស​ព្រហ្មទណ្ឌ​ទទួលបាន​លទ្ធផល​ល្អ​បែបនេះ ត្រូវបាន​លោក​វរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាល​ខ​ណ្ឌ​កំបូល ប្រាប់​ឱ្យដឹងថា ដោយ​កម្លាំង​នគរបាល​ខណ្ឌ​កំបូល​សហការ​យ៉ាង​ល្អ ជាមួយ​កម្លាំង​ពាក់ព័ន្ធ​គ្រប់​ប្រភេទ​ទាំង​នៅក្នុង​ភូមិសាស្ត្រ និង​នៅក្រៅ​ភូមិសាស្ត្រ​ជាប់​ព្រំប្រទល់​ខណ្ឌ​កំបូល និង​ការដាក់ចេញ​នូវ​វិធានការ​ល្បាត​ត្រួតពិនិត្យ ពួនស្ទាក់​នៅ​តំបន់​ដែល​ងាយ​រងគ្រោះ​កើតឡើង​បទល្មើស​និង ការគ្រប់គ្រង​មុខសញ្ញា ជាពិសេស​ការចុះ​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាពលរដ្ឋ​ឱ្យ​នាំគ្នា​យល់ដឹង​ក្នុងការ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក្នុង​ការបង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហម វ៉ាន់​ថា ស្នងការរង​ទទួល​ផែនការ​ងារ​អត្តសញ្ញាណ​កម្ម និង​ទទួល​ដឹកនាំ​បញ្ជា​ពង្រឹង​ការងារ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល តំណាង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​នូវ​ទិសដៅ​និង​ផែនការ​ការងារ​មួយចំនួន​របស់​ឯកឧត្តម អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជូន​ដល់​កម្លាំង​នគរបាល​ខណ្ឌ​កំបូល​ដើម្បី​យកទៅ​អនុវត្តតាម​តួនាទី​ភារកិច្ច​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការផ្តល់​សេវាសាធារណៈ​។​ដោយ​ជម្រុញ​លើ​ការងារ​ការផ្តល់សេវា​អត្តសញ្ញាណ​កម្ម​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​ឆាប់រហ័ស និង​មិន​ត្រូវយក​ឯកសារ​រប​ស់​ប្រជាពលរដ្ឋ​មក​ទុកចោល​ដើម្បី​ជា​ថ្នូរ​ទាមទារ​ប្រាក់​ខុសច្បាប់​ណា​នោះឡើយ​។​ជាង​នេះ​ពង្រឹង​ការងារ​អនុវត្តតាម​ដីការ​តុលាការ​លើ​មុខសញ្ញា​ដែល​ត្រូវ​តាម​ចាប់ខ្លួន ការងារ​ការពារ​កន្លែង​ចុះឈ្មោះ​បោះឆ្នោត និង​ជម្រុញ​មន្ត្រី​ទៅពិនិត្យ​និង​ទៅ​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០២១​នេះ​ឱ្យបាន​គ្រប់គ្នា ពង្រឹង​ការងារ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​សម្រាប់​មន្ត្រី​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋបាល​ទាំង​៧​សង្កាត់ និង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ត្រៀម​ដោះស្រាយ​លើ​ការងារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​ឆាប់រហ័ស​។ ពង្រឹង​នៃ​ការ​គ្រប់​មុខសញ្ញា​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​ឱ្យ​ម៉ឺងម៉ាត់ ពង្រឹង​ការងារ​ទប់ស្កាត់​បញ្ហា​ក្មេង​ទំនើង​ដែល​បង្ក​អុកឡុក​ប៉ះពាល់​អសន្តិសុខ​នៅក្នុង​មូលដ្ឋាន ពង្រឹង​ការងារ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ ការងារ​គ្រប់គ្រង​កម្លាំង​ឱ្យ​បានល្អ​ពង្រឹង​ការងារ​ប្រជុំ​ឱ្យបាន​ទៀងទាត់​ដើម្បី​ត្រួតពិនិត្យ​និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ ពង្រឹង​ការងារ​ល្បាត​ត្រួតពិនិត្យ​នៅ​គ្រប់​គោលដៅ ដែល​ងាយ​កើតឡើង​បទល្មើស​ផ្សេងៗ និង​ការគ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​ឱ្យបាន​គត់មត់​ផងដែរ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង​ក៏បាន​លើកឡើង និង​វាយតម្លៃ​ខ្ពស់​នូវ​ការខិតខំ​បំពេញភារកិច្ច​របស់​ក​ង​កម្លាំង​នគរបាល​ខណ្ឌ​កំបូល ដែល​កន្លងមក​អនុវត្ត​ភារកិច្ច​បានល្អ​នាំឱ្យ​បទល្មើស​គ្រប់​ប្រភេទ​មានការ​ថយចុះ និង​ធានាបាន​សន្តិសុខ​នាំមក​នូវ​សុខ​សុវត្ថិភាព​គ្រប់គ្រាន់​ជូន​ប្រជាពលរដ្ឋ រស់នៅ​និង​ការប្រកបមុខរបរ ទន្ទឹម​នោះ​ក៏បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​គ្រប់ផ្នែក​ជំនាញ​ត្រូវ​លើ​កម្ពស់​អនុវត្ត​វិន័យ​នគរបាលជាតិ​ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​លើក​គុណ​តម្លៃ​និង​សេចក្តី​ថ្នៃ​ថ្នូរ​របស់​នគរបាលជាតិ មិនត្រូវ​ធ្វើ​អ្វី​ខុសច្បាប់​និង​ល្មើស​វិន័យ​នគរបាលជាតិ​នោះឡើយ​ជាពិសេស ត្រូវមាន​អាកប្បកិរិយា​សុភាព​ទន់ភ្លន់​ជាមួយ​ប្រជាពលរដ្ឋ ដោយ​មិនត្រូវ​ប្រើពាក្យ​អសុរោះ​ណាមួយ​ទៅកាន់​ប្រជាពលរដ្ឋ​នោះឡើយ​។​

​សូមបញ្ជាក់ថា​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​ដែលមាន​ការចូល​រួម​ពី​លោកនាយ​នាយរង​ការិយាល័យ​ជំនាញ​ផែនការ​ងារ​ការ​អត្តសញ្ញាណ​កម្ម លោក​អធិការនគរបាល​ខណ្ឌ​កំបូល លោក​លោកស្រី​អធិការរង លោកនាយ​ផ្នែក និង​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​០៧​សង្កាត់ ក៏បាន​លើកឡើង​បញ្ហា​ប្រឈម​មួយចំនួន​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការងារ​ផ្តល់​សេវាសាធារណៈ​មួយចំនួន​ដើម្បី​លើក​យកមក​ពិភាក្សា​ហើយក៏​បានដាក់​ចេញ​នូវ​វិធានការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះបាន​មួយចំនួន​ផងដែរ​៕​