ដោយ:បូកគោ/កំពត:កុមារាពីរនាក់បានស្លាប់ដោយសារលង់ទឹកស្រះក្រោយផ្ទះក្នុងពេលសមាជិកគ្រួសារកំពុងជាប់រវល់ការងារ រៀងខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅភូមិចម្ការមន ឃុំតាកែន ស្រុកឈូក។

លោក ខៀវ ឫទ្ធិភ័ណ្ឌ អភិបាលស្រុកឈូកបានប្រាប់ឱ្យដឹងថាកាលពីល្ងាចថ្ងៃទី១៨ខែតុលាមានករណីក្មេងប្រុសពីរនាក់ ស្ថិតក្នុងគ្រួសារតែមួយរស់នៅភូមិចម្ការមនឃុំតាកែនស្រុកឈូកបានលង់ទឹកស្រះក្រោយផ្ទះរហូតដល់បាត់បង់ជីវិតព្រោះតែគ្មានអ្នកណាបានឃើញ។ កុមាររងគ្រោះទាំងពីរត្រូវជាពូ និងក្មួយ ដោយម្នាក់មានអាយុពីរឆ្នាំ។ឯម្នាក់ទៀត អាយុជាងមួយឆ្នាំ។

លោកអភិបាលស្រុកបានបន្តថានាពេលកើតហេតុ សមាជិកគ្រួសារសុទ្ធតែជាប់រវល់ធ្វើការងាររៀងៗខ្លួន។ ក្រោយចូលដល់ក្នុងផ្ទះគ្រប់គ្នាស្រាប់តែបាត់កុមារទាំងពីរនាក់ទើបស្វែងរកក៏ប្រទះឃើញកុមារទាំងពីរនាក់ស្លាប់អណ្តែតក្នុងស្រះទឹកខាងក្រោយផ្ទះ។

លោកខៀវឫទ្ធិភ័ណ្ឌបានបញ្ជាក់ថាតាមរយ:ព័ត៌មាននោះមន្ត្រីជំនាញបានចុះធ្វើកោសល្យវិច័យរកឃើញថាកុមាររងគ្រោះទាំងពីរនាក់ពិតជាបានស្លាប់ព្រោះតែលង់ទឹកប្រាកដមែន ។
លោកអភិបាលស្រុកបានប្រាប់ឱ្យដឹងទៀតថាជាមួយភាពសោកសៅខាងលើ ក្នុងនាមអនុសាខាកាកបាទក្រហមស្រុក លោកបាននាំយកអំណោយឧបត្ថម្ភមួយចំនួន រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ាស និងថវិកាចំនួនប្រាំសែនម៉ឺនរៀលទៅចូលបុណ្យផងដែរ៕