ដោយ​: ពៅ​និមល​/​ភ្នំពេញ​៖ លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​១៩ តុលា ឆ្នាំ​២០២១​នេះ បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ពិនិត្យ​និង​អនុម័ត​លើ​សេចក្ដីប្រកាស​នៃ​ប្រទេស​អភិវឌ្ឍន៍​តិចតួច សម្រាប់​ដាក់ជូន​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១២ នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣ ខែធ្នូខាងមុខ។​

នៅក្នុង​កិច្ចប្រជុំ​ដែល​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​វីដេអូ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​អំពី​គោលការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ក្រោម​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដោយ​កម្ពុជា​បានទទួល​នូវ​ផលប្រយោជន៍​ជាច្រើន តាមរយៈ​ប្រព្រឹត្ត​កម្ម​ពិសេស និង​ដោយឡែក​ក្រោម​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​នេះ​។ លោក​បាន​បន្តថា សេចក្ដីប្រកាស​នៃ​រដ្ឋមន្ត្រី​ប្រទេស​អភិវឌ្ឍន៍​តិចតួច បានដាក់​ចេញ​នូវ​គោលការណ៍ និង​ជំហរ​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ជូន​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងអស់ ពិនិត្យ និង​សម្រេច​លើ​ការចរចា​ទៅលើ​ប្រធានបទ​អាទិភាព​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដើម្បី​លើកកម្ពស់​ការនាំចេញរ​បស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទៅក្នុង​ទីផ្សារ​ពិភពលោក​។ លោក​សង្ឃឹមថា គោលការណ៍ និង​ជំហរ​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែល​បាន​ដាក់ចេញ​នៅក្នុង​សេចក្ដីប្រកាស​នេះ នឹង​ត្រូវបាន​សមាជិក​ដទៃទៀត​យកទៅ​ពិចារណា​យ៉ាង​ល្អិតល្អន់ ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ដែលមាន​សមតុល្យ និង​ផលប្រយោជន៍​ជារួម សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​សម្រាប់​សមាជិក​ដទៃទៀត ក៏ដូចជា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផងដែរ​។​

សេចក្ដីប្រកាស​នៃ​រដ្ឋមន្ត្រី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បានដាក់​ចេញ​នូវ​គោលការណ៍ និង​ជំហរ​លើ​ប្រធានបទ ដូចជា​វិធាន​ដើមកំណើត​ទំនិញ ការលើកលែង​សេវា​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ទីផ្សារ​មិនជា​ប់​កូតា និង​មិន​ជាប់​ពន្ធគយ សេចក្ដីសម្រេច​លើ​ការចាកចេញ​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច ការចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ការឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ ឧបត្ថម្ភ​ធន​ក្នុង​វិស័យ​ជលផល ការចរចា​លើ​កសិកម្ម ប្រព្រឹត្ត​កម្ម​ពិសេស​និង​ដោយឡែក កំណែទម្រង់​អង្គ​ឧទ្ធរណ៍​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក កិច្ចព្រមព្រៀង​ស្តីពី​ទិដ្ឋភាព​ទាក់ទង​នឹង​ពាណិជ្ជកម្ម​នៃ​កម្មសិទ្ធិបញ្ញា កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម កម្មវិធី​ក្របខណ្ឌ​ពង្រឹង​សមាហរណកម្ម និង​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​៕​សរន