​ប្រែ​សម្រួលៈ​វាសនា​៖​មនុស្ស​យ៉ាង​តិច​២២​នាក់​បាន​ស្លាប់​និង​ជា​ច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅក្នុង​ទឹកជំនន់​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅក្នុង​រដ្ឋ​អ៊ុត​តា​រ៉ា​ខាន់​ភាគ​ខាងជើង​​របស់​ឥណ្ឌា​។​

​នាយកដ្ឋាន​ឧតុនិយម​ឥណ្ឌា បាន​ព្យាករណ៍​ថា ការ​ធ្លាក់ភ្លៀង​ខ្លាំង​ទៅ​ខ្លាំង​បំផុត​នៅក្នុង​រដ្ឋ​នេះ​នឹង​បន្ត​២​ថ្ងៃ​ទៀត​។​

​យ៉ូ​ទី ណេ​ហ្គី មន្ត្រី​នៅ​មណ្ឌល​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​រដ្ឋ បាន​និយាយថា​មនុស្ស​១៨​នាក់​ស្លាប់​នៅ​ទីប្រជុំជន ណាយ​នូ​តាល់ ២​នាក់​នៅ​ស្រុក​អាល់​ម៉ូ​រ៉ា ម្នាក់​នៅ​ចាំ​ប៉ា​វ៉ាត​និង​ម្នាក់​ទៀត​នៅ​ស្រុក​​ស៊ី​ង ណាហ្កា​។​មនុស្ស​យ៉ាង​តិច​៨​នាក់​ទៀត​កំពុង​បាត់​ខ្លួន​និង​ជា​ច្រើន​ទៀត​នៅ​ជាប់​ក្នុង​គំនរ​បាក់បែក​នៃ​ដី​បាក់​។​

​យោធា​ក៏​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅ​ជួយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​។​

​សូមបញ្ជាក់​ថា ការ​ធ្លាក់ភ្លៀង​ខ្លាំង​អស់​ពេល​ជាច្រើន​ថ្ងៃ​មកនេះ នាំ​អោយ​ជន់​លិច​ផ្លូវថ្នល់ និង​បំផ្លាញ​ស្ពាន​នៅក្នុង​រដ្ឋ​អ៊ុត​តា​រ៉ា​ខាន់​។​ក្រុង ណាយ​នី​តាល់​នៅ​កាត់ផ្តាច់​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រដ្ឋ​នៅ​​ពេល​ផ្លូវថ្នល់​មកកាន់​រដ្ឋ​នេះ​ត្រូវ​ជន់​លិច​ឬ​រារាំង​ដោយ​ដី​បាក់​និង​បាក់​ផ្លូវ​។​

​ទឹកជំនន់​និង​ការបា​ក់ដី​ក៏​បាន​សម្លាប់​មនុស្ស​២៨​នាក់​រួច​ជា​ស្រេច​ហើយ​នៅក្នុង​រដ្ឋ កេ​រ៉ា​ឡា​ភាគខាងត្បូង​កាលពី​សប្តាហ៍​មុន​។​

​ការបា​ក់ដី​និង​ទឹកជំនន់​កើតមាន​ជា​ធម្មតា​នៅ​តំបន់​ហេមពាន្ត​ឥណ្ឌា តែ​អ្នកវិទ្យាសាស្ត្រ​និយាយថា វា​នឹង​មាន​ចំនួន​កាន់តែ​កើន​ឡើង​ដោយសារតែ​ផែនដី​ឡើង​កំដៅ​នាំអោយ​ផែន​ទឹកកក​​រលាយ​នៅ​ទីនោះ​។​កាលពី​ខែ​កុម្ភៈ ជំនន់​ទឹកភ្លៀង​បាន​សម្លាប់​មនុស្ស​ជិត​២០០​នាក់​និង​នាំ​ផ្ទះ​ជាច្រើន​យកទៅ​នៅក្នុង​រដ្ឋ​អ៊ុត​តា​រ៉ា​ខាន់​៕

​ជំនន់​ទឹកភ្លៀង​ក្នុង​រដ្ឋ​អ៊ុត​តា​រ៉ា​ខាន់​នាំអោយ​លិច​ផ្លូវ ពន្លិច​រថយន្ត​និង​សម្លាប់​មនុស្ស​យ៉ាង​តិច​២២​នាក់​