ដោយៈម៉េងឆៃ / ភ្នំពេញៈ គ្មានអ្វីត្រូវខ្លាចបារម្ភ ចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ នោះទេ។ តែអ្វីដែលត្រូវខ្លាច ត្រូវបារម្ភ គឺខ្លាចតែមិនមានវ៉ាក់សាំងចាក់។ សូម្បីតែកុមារអាយុចាប់ពី ៦ឆ្នាំឡើង បានចាក់វ៉ាក់សាំង តាមផែនការ ស្ទើរតែទាំងអស់ហើយ។ ចុះអ្នកពេញវ័យ ចាប់ពី ១៨ឆ្នាំឡើងទៅ នៅរារែកអ្វីទៀត?។
ក្នុងសារពិសេសជូនជនរួមជាតិ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាការសាកល្បងដ៏ធំ បើកឲ្យមានអ្នកធ្វើដំណើរច្រើន ទៅស្រុកកំណើត និងដើរលេងច្រើនពេញផ្ទៃប្រទេស គឺអត្រាអ្នកឆ្លងកូវីដ១៩ បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលអាចឈានទៅបើកប្រទេសឡើងវិញ នាពេលឆាប់ៗនេះ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការឆ្លងកូវីដ ក្នុងកម្រិតបច្ចុប្បន្ន ទោះជាធ្លាក់ចុះ មិនដល់សូន្យកូវីដ តែយើងត្រូវបន្តធ្វើឲ្យធ្លាក់ចុះ ដើម្បីឈានទៅបើកប្រទេសឡើងវិញ ជាមួយនឹងវិធានការ ៣ការពារ និង៣កុំ ព្រមទាំងត្រូវទៅទទួលយកវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងបំបាត់ចោលនូវជំងឺរើសអើងអ្នកជំងឺកូវីដ ដោយបង្កើតនូវវប្បធម៌ជួយគ្នា ក្នុងគ្រាដ៏លំបាកនេះ។
សម្តេចតេជោ ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ក្នុងនោះ សម្តេច ក៏បានណែនាំដល់គ្រូពេទ្យ ត្រូវរៀបចំពិនិត្យមើលនៅភូមិសាស្ត្រឆ្ងាយៗ ដែលមានអ្នកមិនទាន់ចាក់វ៉ាក់សាំង ឬជនពិការ ត្រូវរៀបចំទៅចាក់ដល់ភូមិ និងដល់ផ្ទះតែម្តង។
សម្តេចតេជោ លើកឡើងថា មកដល់ពេលនេះ កុមារ អាយុពី ៦ឆ្នាំ ទៅក្រោម ១៨ឆ្នាំ ចាក់បានលឿន ដល់ជាង ៩០%ហើយ ខណៈចំនួនអ្នកចាក់វ៉ាក់សាំងសរុបទូទាំងប្រទេស ចាក់បានជាង ១៣លាននាក់ហើយ។ ដូច្នេះសូមកុំរារែកជាមួយនឹងការចាក់វ៉ាក់សាំង ព្រោះបើតាមសម្តេចតេជោសែន មកដល់ពេលនេះ មិនទាន់មានអ្នករងគ្រោះណាម្នាក់ទេ ដោយសារតែការចាក់វ៉ាក់សាំង។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសណែនាំ ឈប់ឲ្យបញ្ជូនអ្នកជំងឺកូវីដ១៩ មកកាន់មន្ទីរពេទ្យ នៅភ្នំពេញ ព្រោះអាចធ្វើអោយមានគ្រោះថ្នាក់ដល់អ្នកជំងឺទៅវិញ ក្នុងពេលធ្វើដំណើរ។ ប្រជាពលរដ្ឋ គួរជឿទុកចិត្តលើមន្ទីរពេទ្យខេត្ត ដែលរាជរដ្ឋាភិបាល បានខិតខំកសាងសមត្ថភាព ក្នុងការព្យាបាលជំងឺកូវីដ-១៩ រយៈពេលជាងមួយឆ្នាំកន្លងមកនេះ។
ចំណែកក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែតុលានេះ ក៏បានប្រកាស ជំរុញឱ្យក្រុមគោលដៅ ដែលប្រឈមនឹងឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរ ទៅចាក់វ៉ាក់សាំង។ ក្រុមគោលដៅ ដែលប្រឈមនឹងឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរ រួមមាន អ្នកដែលមានវ័យចាស់ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន អ្នកជាសះស្បើយពីជំងឺផ្សេងៗ និងអ្នកមានជំងឺប្រចាំកាយ។
សេចក្តីប្រកាសលើកឡើងថា កន្លងមក មានពលរដ្ឋមួយចំនួនតូច នៅមិនទាន់បានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ១៩ ដោយមានមូលហេតុផ្សេងៗគ្នា ខណៈប្រជាពលរដ្ឋ និងកុមារចាប់ពីអាយុ ៦ឆ្នាំឡើង បានស្ម័គ្រចិត្តចាក់វ៉ាក់សាំង បានច្រើន។ ក្នុងនោះ ក៏មានលោកតា លោកយាយ ដែលមានអាយុលើសពី ១០០ឆ្នាំ ក៏បានចូលរួមចាក់វ៉ាក់សាំង ប្រកបដោយសុវត្ថិភាពផងដែរ។
ដូច្នេះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង សូមអញ្ជើញទៅចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីកាត់បន្ថយនូវសភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ខណៈក្រសួងសុខាភិបាល សង្កេតឃើញថា អាត្រានៃអ្នកស្លាប់ ដោយសារជំងឺកូវីដកន្លងមក ភាគច្រើន ជាអ្នកដែលមិនបានចាក់វ៉ាក់សាំង។
ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក៏បានណែនាំដល់មន្ត្រី ដែលទទួលបន្ទុកការងារចាក់វ៉ាក់សាំង ត្រូវស្រង់ចំនួនឱ្យបានច្បាស់លាស់ នៅតាមផ្ទះនីមួយៗ ចំពោះអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង និងមូលហេតុជាក់លាក់ ដើម្បីជំរុញឱ្យមានការអប់រំដល់ពួកគាត់ ឱ្យយល់ពីសារប្រយោជន៍របស់វ៉ាក់សាំងកូវីដ១៩នេះ និងសម្រេចចិត្តចាក់ឱ្យបានគ្រប់គ្នា បើទោះជាមានវ័យចាស់ក៏ដោយ។
ចូរកុំភ្លេចថា ក្នុងបរិបទក្នុងពេលបច្ចុប្បន្ន ដែលកំពុងមានការរាតត្បាត នៅលើពិភពលោក ក៏ដូចជា នៅតាមបណ្តាប្រទេសនីមួយៗ ពីវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីៗ ជាពិសេសវីរុសបំប្លែងខ្លួនថ្មី ប្រភេទដែលតា ដែលកំពុងចរាចរយ៉ាងសកម្មនៅប្រទេសជាច្រើន ក៏ដូចជាប្រទេសកម្ពុជាផងដែរ។ ដូច្នេះអ្នក ដែលមិនទាន់ចាក់វ៉ាក់សាំង ចាប់ពីអាយុ ៦ឆ្នាំឡើងទាំងអស់ សូមរួសរាន់ស្ម័គ្រចិត្ត ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំក្នុងខ្លួន និងភាពសាំក្នុងសហគមន៍ សម្រាប់ទប់ទល់ពីការវាយលុកនៃវីរុសកូវីដ-១៩ សំដៅកាត់បន្ថយភាពធ្ងន់ធ្ងរអ្នកជំងឺកូវីដ-១៩ និងកាត់បន្ថយនូវអត្រាសម្រាក ពេទ្យ ក៏ដូចជាកាត់បន្ថយជាអតិបរមានូវអត្រាស្លាប់ ដែលបណ្តាលមកពីជំងឺកូវីដ-១៩។
របាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងរយៈពេល ២ថ្ងៃចុងក្រោយ គឺនៅថ្ងៃទី១៧តុលា និងថ្ងៃទី១៨តុលា ចំនួនអ្នកឆ្លងកូវីដ១៩ បានធ្លាក់ចុះ ពីជាង ២០០នាក់ មកនៅត្រឹមជាង ១០០នាក់។ ក្នុងនោះ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក៏ធ្លាក់ចុះពីជាង ២០នាក់ មកនៅត្រឹមជាង ១០នាក់ ក្នុង ១ថ្ងៃ។ ប៉ុន្តែចំនួនអ្នកស្លាប់ដោយកូវីដ១៩ នៅថ្ងៃទី១៧តុលា មានចំនួន ១២នាក់ គឺមាន ៨នាក់ ជាអ្នកមិនបានចាក់វ៉ាក់សាំង។ រីឯនៅថ្ងៃទី១៨តុលា នៅទូទាំងប្រទេស មានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន ១១នាក់ ក៏ក្នុងនោះ មាន ៨នាក់ ជាអ្នក ដែលមិនបានចាក់វ៉ាក់សាំងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។
ដូច្នេះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាល ផ្តល់ជូនដោយឥតគិតថ្លៃនេះ ពិតសំខាន់ ដើម្បីប្រឆាំងនឹងកូវីដ១៩។ ម្យ៉ាងចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ខែតុលានេះ ក៏មិនមាននរណា ចាក់វ៉ាក់សាំងរួចហើយ មានបញ្ហាប្រតិកម្ម ប៉ះពាល់ដល់អាយុជីវិតនោះឡើយ។
រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅទូទាំងប្រទេស ចាក់វ៉ាក់សាំងសរុបបានចំនួនជាង ១៣លាន ៦០ម៉ឺននាក់ ស្មើនឹងជាង ៨៥ភាគរយ នៃប្រជាជនកម្ពុជាសរុប ១៦លាននាក់។
ក្រៅពីនេះ អ្នកមិនចាក់វ៉ាក់សាំង ក៏មិនត្រូវបានអនុញ្ញាតឲ្យចូលសាលារៀន មិនអនុញ្ញាតឲ្យចូលផ្សារ និងកន្លែងធ្វើការ ឬអាជីវកម្មផ្សេងទៀត។ ការធ្វើដំណើរទៅក្រៅប្រទេស នៅប្រទេសមួយចំនួន ក៏អនុញ្ញាតសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ៕សរន