គំនូស​របស់លោក​ហង់​រី​ម៉ូ​ហ្សេ​ប្រាសាទបាយ៉ង់​នៅ​ឆ្នាំ​១៩៣៧

2149
ចែករម្លែក
  • 1
    Share

​ដោយសារតែ​រហូតដល់បច្ចុប្បន្នមិនទាន់មាន​ការស្រាវជ្រាវ ណាមួយ​បន្ត​ពី​កិច្ចការ​របស់លោកហង់​រី ម៉ូ​ហ្សេ ជនជាតិ​បារាំង​ស្តីពី ប្រាសាទភ្នំ​បា​យ៉ង់់ (Cf. H. Mauger, Le Phnom Bayan ,BEFEO, t.XXXVII 1937) ហើយ​មួយវិញទៀត​សោត សំណង់​ស្ថាបត្យកម្ម​ដ៏​សំខាន់ នា​សម័យ ចេនឡា​ខាងលើនេះ កំពុងស្ថិត​ក្នុង ស្ថានភាព​គ្រោះថ្នាក់​គួរឱ្យ​សង្វេគ​ផង នោះ ទើប​យើង​សូម​អនុញ្ញាត​បង្ហាញជូន មហាជន​ខ្មែរ​នូវ​គំនូស​ពាក់ព័ន្ធ​មួយ ចំនួន​។ សូម​ជម្រាប​ផង ដែរ​ថា ឯកសារ ជា​រូបភាព​ដែល​យើង​សូម​បង្ហាញ​នៅ ខាងក្រោម​នេះ គឺជា​ឯកសារ​មួយ​ដ៏​កម្រ ដែល​ពុំមាន​ក្នុង​បណ្ណាល័យ​នានា​នៃ ប្រទេស​កម្ពុជា​យើង​នោះទេ​។​
​ ​
​ជាបឋម ឆ្លៀតឱកាស​នេះ យើង ក៏​សូម​អនុញ្ញាត​រំលឹក​ឡើងវិញ​នូវ ព័ត៌មាន​សំខាន់ៗ​ទាក់ទិន​ទៅនឹង ប្រាសាទភ្នំ​បា​យ៉ង់ ។​
​ ​
​សូមបញ្ជាក់ថា ការដែល ព្រះបាទ​ឥសាន​វរ្ម័នទី​១ ដែល​គ្រង​រាជ ក្នុងអំឡុង​ពី​ឆ្នាំ​៦១៥​ដល់​ឆ្នាំ​៦៣៧​នៃ គ្រិស្តសករាជ បានជ្រើសរើស​ទីតាំង កំពូលភ្នំ​បា​យ៉ង់ ដើម្បី​ស្ថាបនា​ប្រាសាទ បា​យ៉ង់ ដែលជា បូជនីយដ្ឋាន​មួយ​ដ៏ សំខាន់​ជាងគេ ក្នុងចំណោម​បូជនីយដ្ឋាន ផ្សេងៗ​ទៀត ក្នុង​ខេត្តតាកែវ​បច្ចុប្បន្ន មិនមែន​ជាការ​ចៃដន្យ​ឡើយ ក៏ប៉ុន្តែ ដោយសារ​កត្តា​ភូមិសាស្ត្រ​ប្រកបដោយ ទេសភាព​ដ៏​ស្រស់បំព្រង ជុំវិញ​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក ប្រៀបផ្ទឹម​នឹង ទេព​ឋាន​គួរឱ្យ​ត្រេកត្រអាល ។
​ ​
​ប្រាសាទបាយ៉ង់ ស្ថិតនៅក្នុង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្ត តាកែវ មាន​ចម្ងាយ​ប្រមាណ​ជា​៥០ គីឡូម៉ែត្រ ខាងត្បូង​នៃ​ទី​រួម​ខេត្តតាកែវ និង​១២០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ បច្ចុប្បន្ន ។ ដូច​ប្រាសាទ ផ្សេងៗ​នៅ ឦសាន​បុ​រៈដែរ ប្រាសាទបាយ៉ង់ សាងសង់​អំពី​ឥដ្ឋ នៅលើ​កំពូលភ្នំ​មួយ ដែលមាន កម្ពស់​ប្រមាណ​ជា​៨០០​ម៉ែត្រ ហើយ​មាន​ចម្ងាយ​ប្រមាណ​ជា​១,៧ គីឡូម៉ែត្រ ភាគ​និរតី ភូមិ​ត្រពាំង​ស្រង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្ត តាកែវ ។

​ដើម្បី​ឡើងទៅ​កាន់​បូជនីយដ្ឋាន ដ៏​ស័ក្តិសិទ្ធិ​នេះ​គេ ត្រូវ​ដើរ​ពី​ទិស​ខាង ជើង ឆ្លងកាត់​ផ្ទាំង​ថ្ម​តូចធំ ជាច្រើន ហើយ ពី​ជម្រាលភ្នំ​ទៅកាន់​កំពូល​ប្រាសាទ​យើង ត្រូវការ​ចំណាយពេល​ជាង​១​ម៉ោង មុននឹង​ឈាន​ជើង​ដល់​ជណ្តើរ​ឡើង ទៅកាន់​ប្រាសាទ ធ្វើ​អំពី​ថ្មបាយក្រៀម ដែលមាន​កាំ​ចំនួន​៩១​កាំ ។ សព្វថ្ងៃនេះ គេ​មានការ​ងាយស្រួល​នឹង​មក​ទស្សនា ប្រាសាទ​នេះ​ណាស់ ព្រោះ​មាន​ផ្លូវ​ថ្មី​មួយ ប្រវែង​ជិត​៤​គីឡូម៉ែត្រ ទើបតែ​កសាង រួច ដែល​ផ្សារភ្ជាប់​ពី​ជើងភ្នំ​ដល់​ផ្នែក ខាងលើ​នៃ ប្រាសាទបាយ៉ង់​តែម្តង​។​
​ ​
​បា​យ៉ង់​គឺជា​ប្រាសាទ​ទោល មាន​រាង​បួន​ជ្រុង ដោយ​ជ្រុង​នីមួយៗ មាន​ប្រវែង​ប្រមាណ​ជា​១០​ម៉ែត្រ និង កម្ពស់​ប្រមាណ​ជា​១៤​ម៉ែត្រ​។ ស្រប​នឹង ប្រពៃណី​ស្ថាបត្យកម្ម​បុរាណ ប្រាសាទ របស់​យើង​មាន ទ្វារ​ពិត​មួយ​ដែល​ស៊ុម ធ្វើ​អំពី​ថ្មថ្លើមអណ្តើក ហើយ​បែរមុខ​ទៅ ទិសខាងកើត និង​ទ្វារ​បី​ទៀត ដែលជា ទ្វារបញ្ឆោត​។​
​ ​
​ផ្តែរ​ដែល​ស្ថិតនៅ​ផ្នែក​ខាង លើ​នៃ​ខ្លោងទ្វារ​ចូល​និង​សសរ​ពេជ្រ ដែល​ធ្វើ​ពី​ថ្មភក់ បាន​បាត់បង់​តាម​- អាយុកាល​ទៅហើយ​។ យ៉ាងណាមិញ សោម សូត្រ​សម្រាប់​បង្ហូរទឹក​មន្ត​ចេញពី​ប្រាសាទ ក៏​ដូច្នេះ​ដែរ​។ កំពូល​ប្រាសាទ បាន​ធ្លុះធ្លាយ​ផ្នែក​ខាងក្នុង​ធ្វើឱ្យ​ប្រាសាទ ស្ថិតក្នុង​ភាព​សើម ជាពិសេស​នៅ​រដូវ វស្សា​។
​ ​
​លក្ខណៈ​ដ៏​វិសេសវិសាល របស់​ប្រាសាទបាយ៉ង់ ក្រៅពី​ឧត្តមភាព និង​ភាព​សម្បូរបែប​នៃ​ក្បាច់រចនា គឺ​វត្តមាន​របស់​មណ្ឌល​ដ៏​ពិសិដ្ឋ​មួយ ដែល​ស្ថិតនៅ​ផ្នែក​ខាងក្នុង ដើម្បីឱ្យ សាសនិក​ជនដើរ​ភាវនា​ធម៌ ដោយមាន ផ្លូវ​ដើរ​ហ៊ុម​ព័ទ្ធជុំវិញ​។ នេះ​ជា​កត្តា មួយ​ដ៏​សំខាន់​ដែល​អាចជួយ​យើង​ឱ្យ​យល់​កាន់តែ​ស៊ី ជម្រៅ​នូវ​អត្ថន័យ​របស់ សំណង់​ស្ថាបត្យកម្ម​ប្រាសាទភ្នំ​បា​យ៉ង់​។​

​នៅ​ប្រាសាទបាយ៉ង់ ក៏ដូចជា នៅ​ប្រាសាទ​បុ​រេ​អង្គរ​ផ្សេងៗ​ទៀត​ដែរ ដែល​ស្ថិតក្នុង​អន្តរកាល​រចនាបថ សម្បូរ​ណ៍​ព្រៃ​គុក និង​ព្រៃ​ក្មេង យើង ឃើញ​មាន​ក្បាច់លំអ​ជា​ប្រាសាទ​ចម្លង តូចៗ​អម​ទាំង​សង ខាង​ទ្វារ​ពិត​និង​ទ្វារបញ្ឆោត ដែល​គេ​ហៅថា វិមាន អាកាស ឬ​ប្រាសាទ​បណ្តែត ។ សូម ជម្រាប​ថា ប្រាសាទតូចៗ​ទាំងនោះ​គឺជា និមិត្តរូប​នៃ​ភាព​អវកាស​នៃ​ទេវ​ឋាន ដែល​តាមពិតទៅ គឺ​តំណាងឱ្យ​ឋាន ត្រៃត្រិង្ស ។​
​ ​
​មិន​ខុសគ្នា​ពី​ប្រាសាទ​ដ៏​ទៃ ឯទៀត នៅលើ​ទី​តាំ​នៃ​បូជនីយដ្ឋាន បុ​រេ​អង្គរ​ដ៏​ល្បីល្បាញ​នេះ​ឃើញ​មាន ការសាងសង់​ជា​បន្តបន្ទាប់​រហូតដល់ សតវត្សរ៍​ទី​១០-១១ នៃ​គ្រិស្តសករាជ ដូច​វត្តមាន​របស់ បណ្ណាល័យ​មួយ​ដែល ស្ថិតនៅ​ជ្រុង​ខាងត្បូង​ឆៀង​ខាងកើត ព្រមទាំង​ជណ្តើរ​ធ្វើ​អំពី​ថ្មបាយក្រៀម នៅ​តំណាង​ពី​មុខជា​ភស្តុតាង​ជាក់ច្បាស់ ។ ក្រៅពីនេះ យើង​ក៏​ឃើញ​មាន សំណង់​រណប​នៅ​ចំ​ពីមុខ ដែលមាន សណ្ឋាន​ជា​អគារ​មាន​ដំបូល​ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង រាង​បួន​ជ្រុង​ស្មើ ដែល​ទ្រ​សសរ​ធំៗ ចំនួន​បួន ធ្វើ​អំពី​ថ្ម​បាយ ក្រៀម​ថែម​ទៀតផង ។​
​ ​
​ខាងលើនេះ​ស​ឱ្យដឹងថា ប្រាសាទ​នេះ​ពិតជា​បូជនីយដ្ឋាន​សាង សង់​ឡើង​សម្រាប់​ព្រះមហាក្សត្រ ឬ សព្វ​មុខមន្ត្រី​ជាន់ខ្ពស់​មក​ថ្វាយបង្គំ​ព្រះ ដូច​ករណី​ប្រាសាទ​អាស្រម​មហាឥសី ដែល​ស្ថិតនៅ​ទីក្រុង អង្គរបុរី ឬ​ឦសាន បុ​រៈ​ជា​សក្ខីកម្ម​ស្រាប់ ។​
​ ​
​ដូច​ពោល​ខាងលើ​ប្រាសាទ គឺជា​បណ្តុំ​សំណង់​ស្ថាបត្យកម្ម ដែល​ត្រូវបាន​សាងសង់​ជាច្រើន ដំណាក់កាល អ្វីមួយ​ដែល​អាច​បញ្ជាក់បាន ព្រោះថា ក្រៅពី​ប្រាសាទបាយ៉ង់ នៅមាន​ប្រាសាទបុរាណ ជាច្រើន​ទៀត ដែល បុព្វការី​ជន​ខ្មែរ​បាន​ប្រតិស្ឋាន​ដូចជា ប្រាសាទ​នាង​សក់​ក្រអូប ប្រាសាទ​ក្តឹប ស្លា​ផ្កាស្វាយ និង​ប្រាសាទ​ប្រ​ធាតុ​គោ​ជា ដើម ។​
​ ​
​តាមរយៈ​ក្បាច់រចនា​ឆ្លា​ក់នៅ លើ​ជញ្ជាំង និង​រាងរៅ​នៃ​សំណង់ ស្ថាបត្យកម្ម យើង​អាច​កំណត់ អាយុកាល នៃ​ប្រាសាទបាយ៉ង់ ទោះបីជា​បូជនីយដ្ឋាន​នេះ ត្រូវបាន​ទទួល​នូវ​ការរេចរឹល ដោយ​ច្រើន​អន្លើ​ក្តី​។ ដោយ​សាងសង់ ឡើង មាន​លក្ខណៈ​ជា​តួ​ប៉ម ប្រាង្គ​តែ មួយ នៅលើ​កំពូលភ្នំ ប្រាសាទបាយ៉ង់ ត្រូវបាន​ស្ថាបនា​ឡើង នៅក្នុង​រាជ្យ​របស់ ព្រះបាទ​ឥសាន​វរ្ម័នទី​១ ក៏ប៉ុន្តែ​បាន​បន្ត រហូតដល់​រាជ្យ​របស់​ព្រះបាទ​មហាក្សត្រ ក្រោយៗ​ទៀត ដូចជា ព្រះបាទ​ភ​វ​វរ្ម័ន ទី​២​ជាដើម​។ ការសន្និដ្ឋាន​ដូច្នេះ​គឺ អាស្រ័យ​លើ​រចនាបថ​ផ្តែរ​ឥដ្ឋ​ទាំងពីរ ប្រភេទ​គឺ សម្បូរ​ណ៍​ព្រៃ​គុក​និង​ព្រៃ​ក្មេង ដែល​សំណង់​ស្ថាបត្យកម្ម​ដ៏​ធំ​នេះ​បាន បន្សល់​ទុកជា​តឹកតាង​ប្រវត្តិសាស្ត្រ ។​
​ ​
​ជាទី​បញ្ចប់​សូមជម្រាបថា ដូច​ពោល​ខាងលើ​ប្រាសាទបាយ៉ង់​នេះ កាលពី​ឆ្នាំ​១៩៣៧ ត្រូវបាន សិក្សា​ដោយ លោក​ម៉ូ​ហ្សេ ដែលជា​អ្នកជំនាញ​ខាង បុរាណវិទ្យា​បារាំង ជាហេតុ​ធ្វើឱ្យ​យើង អាច​ស្វែងយល់​អំពី​ចំណាស់ និង​សារ​- សំខាន់​នៃ​ប្រាង្គ​ប្រាសាទ​ខាងលើនេះ ដែលជា​មរតក វប្បធម៌​រូបិយ​យ៉ាងសំខាន់​មួយ​របស់​ជនជាតិខ្មែរ​នា​សម័យ​ចេនឡា ៕ (​ម​.​ត្រា​ណេ​)

​សមាសធាតុ​តុបតែង​លើ​ឥដ្ឋ សសរ​ពេជ្រ ផ្តែរ អន្តរកាល​រវាង​រចនា​ប​ថ្ម​សម្បូរ​ព្រៃ​គុក និង​ព្រៃ​ក្មេង និង​គូ​ឌុ​
​សមាសធាតុ​តុបតែង​ប្រាសាទ ( Cf. ហង់​រី ម៉ូ​ហ្សេ ១៩៣៧)
​ប្លង់​ភ្នំ​បា​យ៉ង់ និង​គំនូស​នៃ​ក្រុម​ប្រាសាទភ្នំ​បា​យ៉ង់ ( Cf. ហង់​រី ម៉ូ​ហ្សេ ១៩៣៧)
​សមាសធាតុ​តុបតែង​ប្រាសាទ ( Cf. ហង់​រី ម៉ូ​ហ្សេ ១៩៣៧)
ប្រាសាទ និងគំនូរភ្នំបាយ៉ង់ (Cf. ហង់រី ម៉ូហ្សេ ១៩៣៧)

 

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ