ដោយ: ម៉េងឆៃ / ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំនៅល្ងាចថ្ងៃទី២១ ខែតុលាថា ដើម្បីឈាន ទៅដំណើរការអប់រំ តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ១៩ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងនឹងពង្រីកវិសាលភាពនៃការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្ត្រទូទាំងរាជធានីខេត្តទាំងអស់។
សេចក្តីប្រកាសលើកឡើងថា ការពង្រីកវិសាលភាពនេះ រួមបញ្ចូលទាំងការពង្រីកពីកម្រិតថ្នាក់ទី៩ និងទី១២ រហូតដល់គ្រប់កម្រិតថ្នាក់មធ្យមសិក្សា និងការពង្រីកវិសាលភាពដល់កម្រិតបឋមសិក្សា គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានបច្ចេកវិទ្យា គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ គ្រឹះស្ថានសិក្សាអប់រំពិសេស សាលាអនុវត្តន៍ និងវិទ្យាល័យចំណេះទូទៅ និងអប់រំបច្ចេកទេស ដោយគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានសុខាភិបាលជាធរមាន។
សូមរម្លឹកថា សាលារៀនថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ នៅតាមរាជធានីខេត្ត បានបើកដំណើរការឡើងវិញ ក្រោយស្ងប់ឆ្លងកូវីដ១៩ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១។ សាលារៀនបើកឡើងវិញ ថ្នាក់ប្រឡងឌីប្លូម និងប្រឡងបាក់ឌុបនោះ ធ្វើឡើង ក្រោយពីគ្រូ និងសិស្ស បានចាក់វ៉ាក់សាំងរួចរាល់។ រីឯអ្នកមិនទាន់ចាក់វ៉ាក់សាំង មិនអនុញ្ញាតឲ្យចូលរៀនឡើង។
ក្នុងពេលបើកសាលារៀនដំបូងៗនោះ ក៏មានគ្រូ និងសិស្ស រកឃើញឆ្លងកូវីដ១៩ ដែរ។ តែមិនមានច្រើន រហូតដល់ត្រូវបិទសាលារៀនវិញនោះទេ។
នៅក្រោយភ្ជុំបិណ្ឌ នាដើមខែតុលានេះ ក៏គ្រូបង្រៀនមួយចំនួន ធ្វើតេស្តរកឃើញឆ្លងកូវីដ១៨ ដែរ។ តែមិនមានច្រើន ហើយដំណើរការរៀន និងបង្រៀននៅថ្នាក់រៀន តាមគន្លងថ្មី រួមទាំងការបង្រៀន និងរៀនតាមអនឡាញ ក៏នៅតែបន្ត។
រហូតដល់ពេលនេះ សិស្សានុសិស្សនៅកម្រិតបឋមសិក្សា ចាប់ពីអាយុ ៦ឆ្នាំឡើង ក៏ដូចជាកម្រិតកុមារ និងយុវវ័យ អាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ រួមទាំងអ្នកមានអាយុ ១៨ឆ្នាំឡើង នៅទូទាំងប្រទេស បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានសឹងតែ ១០០% ហើយគ្រូបង្រៀនទាំងអស់ ក៏បានចាក់វ៉ាក់សាំង រហូតដល់ ៣ដូសរួចរាល់ហើយ។
យ៉ាងណាក៏ដោយ ការសម្រេចរបស់ក្រសួងអប់រំ បើកសាលារៀនឡើងវិញ នៅថ្ងៃទី១ ខែវិច្ឆិកាខាងមុខនេះ ក៏បន្ទាប់ពីក្រសួង បានតាមដាន និងវាយតម្លៃលើដំណើរការបង្រៀន និងរៀនតាមសាលារៀន សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រ ដែលមានហានិភ័យទាប នាពេលកន្លងមក។
ក្រសួងអប់រំ លើកឡើងនូវហេតុផលធំៗ ៤ចំណុច រួមមាន៖ ១-គ្រឹះស្ថានសិក្សា ប្រមាណ ៣០ភាគរយ បាចាប់ដំណើរ ការតាមគ្រប់រូបភាព ស្របតាមសេចក្តីណែនាំ។ ២-ការចូលរួមតាមគ្រប់រូបភាពពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាដំណើរការអប់រំប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន។ ៣-ការបើកដំណើរការគ្រឹះស្ថានសិក្សា បានផ្តល់លទ្ធភាពឲ្យយើងអាចធ្វើតេស្ត និងរកឃើញអ្នកវិជ្ជមានកូវីដ១៩ ទាំងលើបុគ្គលិកអប់រំ និងសិស្សានុសិស្សមួយចំនួនតូច ហើយបានចាត់ចែងព្យាបាលទាន់ពេលវេលា និងទប់ស្កាត់ កាត់ផ្តាច់ការឆ្លងរាលដាលបានល្អប្រសើរ។ ៤-ករណីវិជ្ជមានកូវីដ១៩ លើគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងរយៈពេល ៧ថ្ងៃ មុនបុណ្យភ្ជុំបិណ្ឌ និងរយៈពេល ៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន។
ម្យ៉ាងវិញទៀត ក្រសួងអប់រំ ក៏បានប្រកាសថា មាតាបិតា អ្នកអាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្ស និស្សិត បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ក្នុងអត្រាខ្ពស់។ ដូច្នេះក្រសួងអប់រំ ក៏បានសម្រេចថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងនឹងពង្រីកវិសាលភាព នៃការបង្រៀន និងរៀន សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្ត្រទូទាំងរាជធានីខេត្តទាំងអស់។
ដូច្នេះ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាខាងមុខនេះ សាលារៀនទាំងអស់ នៅទូទាំងប្រទេស នឹងបើកដំណើរការឡើងវិញ ចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ឧត្តមសិក្សា រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលាបណ្តុះបណ្តាលគ្រូផងដែរ។ ការសម្រេចចិត្តនេះ ស្របពេលដែលកម្ពុជា នឹងត្រូវបើកប្រទេសឡើងវិញ ជាបណ្តើរៗ ក្រោយពីបើកដំណើរការរួចហើយ នូវវិស័យឧស្សាហកម្ម កាត់ដេរ និងការបើកសាលារៀន រួមទាំងការសាកល្បងដ៏ធំ លើវិស័យទេសចរណ៍ កាលពីបុណ្យភ្ជុំបិណ្ឌ។
យ៉ាងណាក៏ដោយ យើងត្រូវបន្តរៀនរស់នៅជាមួយកូវីដ១៩ តាមគន្លងថ្មី។ ក្នុងនោះ វិធានការ ៣កុំ និង៣ការពារ ក៏នៅតែបន្តអនុវត្តគ្រប់ពេល និងគ្រប់ទីកន្លែង ទោះបីជាម្នាក់ៗ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បាន ២ដូស និងរហូតដល់ ៣ដូសហើយក៏ដោយ។
តែចូរកុំភ្លេច រៀងរាល់ថ្ងៃ កូវីដនៅកម្ពុជាយើង នៅតែបន្តឆ្លងជាង ១០០នាក់ និងស្លាប់ជាង ១០នាក់ ក្នុង ១ថ្ងៃៗ។ ម្យ៉ាងត្បិតតែការឆ្លង និងស្លាប់នេះ ស្ថិតក្នុងអត្រាធ្លាក់ចុះជារៀង រាល់ថ្ងៃ ក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែសនឹងកូវីដឡើយ៕សរន