ដោយៈ សុផល / ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ។
អង្គប្រជុំ បានឯកភាពសម្រេចយក ព្រឹកថ្ងៃច័ន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ ដើម្បីបន្តសម័យ ប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ សម្រាប់ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ មួយចំនួន និងការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ចំពោះលោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស របស់រាជរដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់ ចំនួន ៣ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជូលរបៀបវារៈ នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ មានដូចតទៅ៖
១.សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវ ដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។
២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងបន្ថែម ទៅលើកិច្ចព្រម ព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តី នៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង នៅក្នុងរយៈកាលនៃ កម្ពុជាប្រជាធិប តេយ្យ ស្តីពីការរៀបចំ ក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់ អង្គជំនុំជម្រះវិសាមញ្ញ ។
៣-សេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន។
សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ក៏នឹងធ្វើការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែម សមាសភាព សមាជិក នៃរាជរដ្ឋាភិបាលដល់ លោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស៕/V