ដោយៈសុផល / ខេត្តស៊ីសាកេត ប្រទេសថៃ៖ បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្មីៗនេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក វឌ្ឍនា ពុទ្ធីឆាត អភិបាលខេត្តស៊ីសាកេត ស្តីពីការជំរុញវិស័យទេសចរណ៍ នៅខេត្តជាប់ព្រំដែន កម្ពុជា-ថៃ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅតាមច្រកព្រំដែន កម្ពុជា-ថៃ និងបញ្ហាសំខាន់ៗ មួយចំនួនទៀត។
កិច្ចពិភាក្សានេះ បានត្រូវធ្វើឡើង នៅសាលប្រជុំ នៃសាលាខេត្តស៊ីសាកេត ដោយមាន ការចួលរួមពី អភិបាលរងខេត្ត និងមន្ត្រីសាលាខេត្ត ជាច្រើនរូប។
បញ្ហាសំខាន់ៗចំនួន ៦ ចំណុច ដែលត្រូវលើកយកមកពិភាក្សា ក្នុងពេលនោះ មាន៖
១). កិច្ចសហការ ក្នុងការអភិវឌ្ឍ និងជំរុញវិស័យទេសចរណ៍ នៅតាមព្រំដែន កម្ពុជា-ថៃ ជាពិសេស ក្នុងភូមិសាស្ត្រ ខេត្តស៊ីសាកេត។
២). ការពង្រឹង និងពង្រីកទំនាក់ទំនង ពាណិជ្ជកម្ម ការផ្លាស់ប្តូរ ផលិតផលកសិកម្ម និងផលិតផលធុនតូច និងមធ្យម (SME) នៅតាមច្រកព្រំដែន កម្ពុជា-ថៃ។
៣). ការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិ រវាងថៃ-កម្ពុជា។
៤).ការតភ្ជាប់និងការធ្វើសមាហរណកម្ម វិស័យអប់រំ, សុខភាពសាធារណៈ ការថែទាំ សុខភាពប្រជាពលរដ្ឋ និងការជំរុញកិច្ចសហការ លើវិស័យកីឡា រវាងកម្ពុជា-ថៃ។
៥). ការជំរុញផ្សព្វផ្សាយ និងអភិវឌ្ឍទីផ្សារ តាមព្រំដែន និងការសម្រួល ការដឹកជញ្ជូនទំនិញ។
៦). កិច្ចសហការតាមដាន ស្ថានការណ៍រាតត្បាត នៃជំងឺកូវីដ-១៩ នៅតាមច្រកព្រំដែន កម្ពុជា-ថៃ។
លោកបណ្ឌិត សុខ សុក្រឹត្យា បានជម្រាបជូន លោកអភិបាលខេត្តស៊ីសាកេត អំពីភាពជា អគ្គមគ្គុទ្ទេសក៍ ដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ពេញលេញ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច-សង្គម ជាពិសេស ការកសាងខឿន សុខមាលភាពយ៉ាងរឹងមាំ ជូនប្រជាពលរដ្ឋ និងជនបរទេស រស់នៅក្នុងប្រទេសកម្ពុជា ដោយសម្រេចបាន ការចាក់វ៉ាក់សាំងកូវីដ-១៩ កម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចំនួនជាង ១៣,៦ លាននាក់ ស្មើនឹងប្រមាណជាង ៨៥% នៃប្រជាជនកម្ពុជាសរុប គិតត្រឹមថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ នេះ។
ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានរំលឹក អំពីចំណងមិត្តភាព កម្ពុជា-ថៃ ដែលមានតាំងពីយូរលង់ ណាស់មកហើយ និងបានលើកពីបំណង ក្នុងការបន្តរក្សា ទំនាក់ទំនងល្អនេះ សម្រាប់យុវជន ដែលជាអ្នកនយោបាយ វ័យក្មេងជំនាន់ថ្មី និងពង្រឹង ទំនាក់ទំនងល្អ ក្នុងការជំរុញវិស័យទេសចរណ៍ នៃខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ផងដែរ។
ជុំវិញការអភិវឌ្ឍវិស័យទេសចរណ៍ នៅតំបន់ជាប់ព្រំដែន លោក វឌ្ឍនា ពុទ្ធីឆាត អភិបាលខេត្តស៊ីសាកេត បានមានប្រសាសន៍ថាៈ បច្ចុប្បន្ន ក្រុមអ្នកទេសចរ ជនជាតិថៃ ដែលចូលចិត្តធ្វើដំណើរ ឆ្លងកាត់ព្រំដែន គឺជាប្រភេទទេសចរ បែបផ្សងព្រេង ឆ្ពោះទៅកាន់ ខេត្តសៀមរាប ដោយសារច្រកអន្តរជាតិ ជាំសាង៉ាំ ឬ ច្រកអន្តរជាតិជាំ ជាច្រកផ្លូវសំខាន់ មួយ ដែលតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ ដ៏ទាក់ទាញជាច្រើន ក្នុងខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្ថែមថាៈ ជាទូទៅ ក្រុមអ្នកទេសចរ ប្រភេទផ្សងព្រេងទាំងនោះ ចំណាយពេល ស្នាក់នៅ ចាប់ពី ៣ ថ្ងៃឡើងទៅ ដែលពួកគេមាន ការចំណាយខ្ពស់ (high buying power)។
ក្នុងនោះដែរ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបជូន លោកអភិបាលខេត្តស៊ីសាកេត អំពីគោលបំណងសហការ ជំរុញយុទ្ធនាការ “ព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍ តែមួយ” តាមរយៈការរៀបចំបើកគម្រោង “ទិដ្ឋាការមួយ សម្រាប់ប្រទេសពីរ” និងពិភាក្សាបន្ថែម អំពីកិច្ចសហការ ជាមួយខេត្តស៊ីសាកេត ក្នុងការបើកទិដ្ឋាការតែមួយ ដើម្បីទទួលទេសចរអន្តរជាតិ ចូលមកទស្សនា ប្រទេសទាំងពីរ កម្ពុជា-ថៃ។
លោកបណ្ឌិត បានជម្រាបជូន អភិបាលខេត្តស៊ីសាកេត អំពីគម្រោង ក្នុងការអភិវឌ្ឍ គោលដៅទេសចរណ៍ នៅកម្ពុជា ជាពិសេស នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត ដាក់ឱ្យប្រើប្រាស់ ផែនការមេអភិវឌ្ឍន៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដោយលោកបានសម្លឹងឃើញ ឱកាសនៃការអភិវឌ្ឍ ផលិតផលទេសចរណ៍ បែបជំនឿ សាសនា ដូចជា ថ្វាយបង្គំព្រះពុទ្ធរូប បុរាណ ៩វត្ត និងការគោរពបូជា បដិមាសក្តិសិទ្ធិ ៩ទីតាំង នៅតំបន់អង្គរ និងលើភ្នំគូលែន ជាដើម។
ជាចុងក្រោយ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើដល់លោកអភិបាល ខេត្តស៊ីសាកេត ជួយពិនិត្យលទ្ធភាព ក្នុងការផ្តល់សេវា ថែទាំសុខភាព និងសុវត្ថិភាព ជូនប្រជាជនកម្ពុជា ដែលរស់នៅតាមព្រំដែន កម្ពុជា-ថៃ និងពលករខ្មែរ ចំណាកស្រុក ដែលកំពុងធ្វើការ ក្នុងខេត្តស៊ីសាកេត ឱ្យដូចប្រជាជនថៃ ផងដែរ៕/V