ដោយ៖តារារិទ្ធ/ភ្នំពេញ៖សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បានបង្ហាញថាសម្រាប់ឆ្នាំ២០២២សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេច បានក្នុងកំណើននៃអត្រា ៤,៨% ដែលធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់១២៤ ១៦២ ប៊ីលានរៀលឬសមមូលនឹងប្រមា ណ ៣០ ៥៤៤លានដុល្លារអាមេរិកបើធៀបនឹង ១ ៧៣០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលត្រូវបានកិច្ចប្រជុំបេញអង្គគណៈរដ្ឋមន្រ្តីធ្វើការ អនុម័តនាព្រឹកថ្ងៃទី ២២ ខែ តុលានេះ ។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បានឲ្យដឹងថាកំណើននេះគាំទ្រដោយការបន្តកើនឡើងនៃវិស័យសេដ្ឋកិច្ចសំខាន់ៗដូចខាងក្រោម៖

ទី១.វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងអត្រា៧,៧% ក្នុងឆ្នាំ២០២២ពីកំណើន ៥,៧% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនៅក្នុងកំណើនល្អ ប្រសើរ នៃអនុវិស័យកាត់ដេរនិងកម្មន្តសាលមិនមែនកាត់ដេរខណៈដែលអនុវិស័យសំណង់ត្រូវបានរំពឹងថានៅបន្តសម្រេចបាននូវកំណើនទាប។ អនុវិស័យកាត់ដេរត្រូវបានរំពឹងថានឹង បន្តកើនឡើងដោយសារការរំពឹងទុកនៃភាពល្អប្រសើរនៃតម្រូវការខាងក្រៅជាពិសេសទីផ្សារសហរដ្ឋអាមេរិកនិងចិនស្របជាមួយការរំពឹងទុកការបង្វែររោងចក្រពីប្រទេសម៉យ៉ាន់ ម៉ាគួបផ្សំនិងការដាក់ចេញនៃយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរផលិតស្បែកជើងនិងកាបូបកម្ពុជា ២០២១-២០២៥។

ទី២.វិស័យសេវាកម្មត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើងក្នុងអត្រា ៤,១% ក្នុងឆ្នាំ ២០២២ ពីកំណើនត្រឹម ០,៣% ក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងសន្សឹមៗនៃអនុ វិស័យសណ្ឋាគារនិងភោជនីយដ្ឋាននិងវិស័យគាំទ្រទេសចរណ៍ផ្សេងទៀត ។ អនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋានត្រូវបានរំពឹងថានឹងងើបឡើងវិញប៉ុន្តែស្ថិតនៅក្នុងកម្រិត ទាបទាំងទំហំនិងអត្រាកំណើនដោយសារការរំពឹងទុកនៃការងើបឡើងវិញក្នុងល្បឿនយឺតនៃភ្ញៀវទេសចរអន្តរជាតិខណៈដែលចំនួនភ្ញៀវទេសចរជាតិត្រូវបានងើបឡើងវិញក្នុង សម្នះលឿនជាងនៅពេលដែលការរាតត្បាតក្នុងសហគមន៍មានការស្រាកស្រាន្ត និង គ្រប់គ្រងបាន ។ ស្របពេលនឹងការងើបឡើងវិញនៃអនុវិស័យគាំទ្រដល់សកម្មភាពដឹក ជញ្ជូននិងនិន្នាការនៃការបន្តកើនឡើងនូវការប្រើប្រាស់អឺនធឺណេតគួបផ្សំនឹងការដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលនឹងបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងលើកកម្ពស់ការប្រើប្រាស់ ឌីជីថលនៅកម្ពុជា។

ទី៣.វិស័យកសិកម្មត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងអត្រាទាប១,១% ក្នុង ឆ្នាំ២០២២ បើប្រៀបធៀបនឹងកំណើន ១,៤% ក្នុងឆ្នាំ២០២១ ដោយសារការំពឹងទុកនៃ ការបន្តកំណើនល្អប្រសើរនៃអនុវិស័យដំណាំនិងអនុវិស័យចិញ្ចឹមសត្វ ។ អនុវិស័យដំណាំត្រូវបានរំពឹងថានឹងនឹងបន្តកំណើនល្អប្រសើរដោយសារការរំពឹងទុកកំណើនល្អប្រសើរ នៃការនាំចេញផលិតផលកសិកម្មជាពិសេសដំណាំរួមផ្សំនិងឧស្សាហកម្មដែលបន្តជំរុញ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួបផ្សំជាមួយនឹងការបង្កើនការវិនិយោគជាមួយ រាជរដ្ឋាភិបាលពិសេសការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក ។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ក៏បានបង្ហាញថាអត្រាអតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថាស្ថិតក្នុងកម្រិ តអាចគ្រប់គ្រងបានក្នុងអត្រា ២,៨%ក្នុងឆ្នាំ២០២២ដោយសារការរំពឹងទុកនៃការវិលត្រឡប់ទៅរកនិន្នាការ ធម្មតាវិញនៃថ្លៃម្ហូបអាហារ។អត្រាប្តូរប្រាក់រៀលធៀបទៅនឹងប្រាក់ដុល្លារអាមេរិកត្រូវបានប៉ាន់ស្មាន ថានឹងនៅតែបន្តមានស្ថិរភាពក្នុងរង្វង់ ៤ ០៦៥រៀលក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងជំនឿទុកចិត្តពីសំណាក់សាធារណជនលើការ ប្រើប្រាស់ប្រាក់រៀលតាមរយៈការអនុវត្តវិធានការលើកកម្ពស់ប្រាក់រៀល របស់ធនាគារជាតិនៃកម្ពុជានិងការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ ។

ដោយឡែកឱនភាពគណនីចរន្ត(រួមបញ្ចូលបង្វែរ)ត្រូវបានព្យាករថារួមតូចបន្តិចមកត្រឹម ១៣,១% នៃ ផ.ស.ស សម្រាប់ឆ្នាំ ២០២២ ដោយសារការរំពឹងនៃការងើបឡើងវិញ សន្សឹមៗនៃការនាំចេញនិងវិស័យទេសចរណ៍។

ទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថានឹងកើនឡើនដល់ ២២ ១២០លានដុល្លារអាមេរិកក្នុង ឆ្នាំ២០២២ និងធានាការនាំចូលបាន ១០,១ខែដោយហេតុថាការនាំចូលរបស់ កម្ពុជានឹងងើបឡើងវិញបន្តិច ។

ជារួមបើទោះបីជាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ ត្រូវបានរំពឹងថានឹងបន្តងើបឡើងវិញក្នុងអត្រាដូចខាងលើក៏ដោយកម្ពុជាក៏នឹងប្រឈមជាមួយការកើនឡើងនៃហានិភ័យរួម មាន៖ការបន្តអូសបន្លាយនៃវិបត្តិជំងឺកូវីដ-១៩ ជាពិសេសការរីករាលដាលនៃវីរុសបំប្លែងខ្លួនប្រភេទថ្មីទាំងក្នុងបរិការ ណ៍សកលតំបន់និងក្នុងប្រទេស។ ភាពរអាក់រអួលនៃផលិត កម្មឧស្សាហកម្មជាពិសេសឧស្សាហកម្មកាត់ដេរដែលអាចបង្កឡើងដោយការរីករាលដាលជាទ្រង់ទ្រាយធំក្នុងរោងចក្រជាយថាហេតុនិងការថមថយរំហូរទុនវិនិយោគពីបរទេស ៕