ដោយៈ សុខុម / ស្ទឹងត្រែង: អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការ តាមផ្លូវច្បាប់ លើក្រុមអ្នកទន្ទ្រានព្រៃរដ្ឋ យកដីធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់ រាប់ហិកតា នៅភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទេ។
អ្នកភូមិ បានប្រាប់ថាៈ សកម្មភាពទន្ទ្រានព្រៃ យកដីខាងលើនេះ កើតមានជាច្រើនខែ មកហើយ ដោយប្រើមធ្យោបាយគ្រឿងចក្រ ឈូសឆាយ ដើម្បីហ៊ុមព័ទ្ធ យកធ្វើជាកម្មសិទ្ធិ។
អ្នកភូមិ បានលើកឡើងទៀតថាៈ អ្នកដែលទន្ទ្រានឈូសឆាយ យកដីទ្រង់ទ្រាយធំ បែបនេះ គឺជាអ្នកមានលុយ និងអ្នកមានអំណាច មានការឃុបឃិតគ្នា ជាប្រព័ន្ធ ថែមទាំងបានធ្វើឱ្យ បាត់បង់ព្រៃ សម្រាប់បម្រើប្រយោជន៍ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទៀតផង។ ចំពោះ អាជ្ញាធរ នៅតំបន់នោះ មិនបានអើពើឡើយ។
ប្រជាពលរដ្ឋ ស្នើសុំលោកអភិបាលខេត្តស្ទឹងត្រែងថ្មី និងសមត្ថកិច្ច មន្ត្រីជំនាញ ចាត់វិធានការ លើអ្នកពាក់ព័ន្ធដីព្រៃ នៅក្បែរភូមិមន ឃុំអន្លង់ជ្រៃ តាមផ្លូវតុលាការ។
អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ បាននិយាយប្រាប់ឲ្យដឹងថាៈ ការគ្រប់គ្រងដីព្រៃ នៅក្នុងស្រុក ថាឡាបរិវ៉ាត់ ព្រៃសហគមន៍ តំបន់អភិរក្សព្រៃឡង់ ជាដើមនោះ ត្រូវបានបែងចែក ទៅស្ថាប័នផ្សេងៗ ជាអ្នកមើលការខុសត្រូវ។ ក្នុងនោះ ព្រៃឡង់ច្រករបៀងអភិរក្ស ការពារដោយបរិស្ថាន។ ព្រៃមួយចំនួនទៀត គ្រប់គ្រងដោយមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ។
ចំពោះការកាប់រុករានទន្ទ្រានព្រៃ នៅតំបន់មួយចំនួន អាជ្ញាធរស្រុក មិនបានគ្រប់គ្រង អស់ទេ។ ករណីមានការលើកឡើងថា មានអ្នកហ៊ុមព័ទ្ធយកដីព្រៃ នៅចំណុចភូមិមន ស្រុកមិនទាន់ទទួលបាន ច្បាស់លាស់ ជាផ្លូវការនៅឡើយ។
មន្ត្រីរដ្ឋបាលព្រៃឈើ បានលើកឡើងថាៈ មិនទាន់មានរបាយការណ៍ ពីទំហំនៃការកាប់ រុករាន ទន្ទ្រានយកដីព្រៃ នៅតំបន់ដែលគេលើកឡើង នោះឡើយ។ ម្យ៉ាងទៀត ព្រៃនៅ តំបន់ខាងលើនោះ មួយផ្នែក គ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ និងមួយផ្នែកទៀត គ្រប់គ្រង ដោយខាងបរិស្ថាន។
ក្រុមមន្ត្រី នឹងចុះស្រាវជ្រាវ ពីករណីខាងលើនេះ ។ បើសិនជាមានការបំផ្លាញព្រៃ យកដីធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់នោះមែន នឹងមានវិធានការ តាមផ្លូវច្បាប់៕/V