ដោយ​: ពៅ​និមល / ភ្នំពេញ​៖ លោក​ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា បានបង្ហាញ ក្តី​សង្ឃឹមថាៈ វិស័យ​ដឹកជញ្ជូន នឹង​ងើប​ឡើងវិញ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់នូវ​ការ យកចិត្តទុកដាក់​ជាខ្លាំង ក្នុងការ​គ្រប់គ្រង​ប្រ​ទស ជាក់ស្តែង ចំពោះ​ការផ្តល់ជូន វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​ប្រជាពលរដ្ឋ ក៏ដូចជា ផែន​ការបើក​ប្រទេស​ឡើងវិញ ដោយ​បន្ថយ ការធ្វើ​ច​ត្តា​ឡី​ស័ក​ជាដើម ដែល​លោក​រំពឹងថា នឹង​អាច​វិល​មករក​សភាព ប្រក្រតី​វិញ នាពេល​ខាងមុខនេះ​។​

​លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ កន្លងទៅនេះ​ថាៈ ចាប់តាំងពី​មាន​ស្ថានភាព នៃ​ការរីក រាលដាល មេរោគ​កូ​វីដ​១៩ ក្នុង​ឆ្នាំ​២០២០ រហូតមកទល់​សព្វថ្ងៃ​នេះ វិស័យ​ដឹកជញ្ជូន នៅតែមាន​បញ្ហា​ប្រឈម ប៉ុន្តែ​ក៏​មើលឃើញថា មកដល់​បច្ចុប្បន្ននេះ ទោះបីជា​យ៉ាងណា ដោយសារ​មានការ​យកចិត្តទុកដាក់ របស់​រដ្ឋាភិបាល ជាពិសេស​ពី សម្តេច​តេ​ជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ផ្តល់​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ សឹងតែ ១០០ ភាគរយ និង​ឈានដល់​ដូ​ស​ជំរុញ ថែមទៀត ហើយ​ថ្មីៗ​នេះ​ទៀតសោត ក៏​ទទួលបាន​ព័ត៌មាន នូវ​ការរៀបចំ​កាត់បន្ថយ ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ដែល​ទាំងនេះហើយ ជា​ក្តី​រំពឹង និង​ជឿជាក់ ក្នុង​ការបើក​ប្រទេស​ឡើងវិញ ដែល​ក្នុងនាម​វិស័យ​ឯកជន គឺ​លោក​សង្ឃឹមថា នឹងមាន​ការ ងើបឡើង​វិញ ក្នុង​មូល​ហេតុថា តាំងពី​កម្ពុជា ប្រឈម​នឹង​ជំងឺ​កូ​វីដ ២០២០ មក យើង​មាន ការធ្លាក់ចុះ នូវ​ការដឹកជញ្ជូន រហូតមកដល់ មាន​ការបិទ​ខ្ទប់ ។​ល​។ ដោយ​យើង​អនុវត្តបាន យ៉ាង​ល្អ ក្នុងការ​ការពារ និង​ទប់ស្កាត់ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩​។​

​លោក​បាន​បន្តទៀតថាៈ ប៉ុន្តែ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ សកម្មភាព​ដឹកជញ្ជូន មាន​សន្ទុះ ល្អប្រសើរ​មែនទែន ប្រហែល​ជាង ៩០ ភាគរយ ដែល​បានធ្វើ​ប្រតិបត្តិការ សព្វថ្ងៃនេះ សឹង តែ ១០០ ភាគរយ នៅឡើយ​តែ​ក្រុមហ៊ុន​ខ្លះ ដែលមាន​ការប៉ះពាល់​ខ្លាំង បន្ទាប់ពី​រង​ផល ប៉ះពាល់ ពី​ការបិទ​ខ្ទប់ ប៉ុន្តែ​ពេលនេះ ម៉ោង​នេះ យើង​ក៏បាន​រៀបចំ ការងារ​ឡើងវិញ​ហើយ ដោយ​សង្ឃឹមថា នឹង​អាច​ឈានដល់ ១០០ ភាគរយ​វិញ នៅពេលដែល​រដ្ឋាភិបាល បើក​ឡើងវិញ នៅ​ចុង​ឆ្នាំនេះ​។​

​ទន្ទឹមនេះ លោក​បានបញ្ជាក់​ផងដែរ អំពី​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ហាក់​មិនមាន​ការរាំងស្ទះ ប៉ុន្តែ​មាន​កត្តា ២ ដែលជា​ផលប៉ះពាល់ ក្នុងការ​នាំចេញ ផលិតផល​កសិកម្ម ឧទាហរណ៍ អង្ករ​ដែល​នាំចេញ ឆ្លង​ទ្វីប ដូចជា​ទៅ​អាម៉េរិក និង​សហគមន៍​អឺរ៉ុប​ជាដើម ដែល​ធ្វើ​ឲ្យ​ថ្លៃ ដឹកជញ្ជូន ឡើង​ខ្ពស់ ហួសហេតុ ដែល​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ ផងដែរ ដែល​អាច​និយាយថា ឡើង​១​គុណ​នឹង​១០ តាម​កប៉ាល់ទឹក ដែល​ឆ្ងាយ និង​ទី​២.​កង្វះ​ទូ​កុងតឺន័រ ដោយសារ ឃើញថា នៅ​បណ្តា​ប្រទេស​ផ្សេងៗ តាំងពី​ចុងខែ ដែលមាន​ការកាត់បន្ថយ​នូវ​កម្លាំង​ពលកម្ម និង​ការលើកដាក់​កុងតឺន័រ នៅ​កំពង់ផែ នៃ​ប្រទេស​នីមួយៗ មានការ​យឺតយ៉ាវ កកស្ទះ ដែល​ធ្វើ​ឲ្យ​យើង មិនអាច​បង្វិល​ទូ​កុងតឺន័រ យកមកប្រើ​ប្រាស់​វិញ​ទេ​។ កត្តា​ទាំង ២ នេះហើយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ការដឹកជញ្ជូន​ស្រូវ​អង្ករ​៕/V​