ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន បានប្រកាសថាចាប់ពីពេលនេះតទៅនឹងមិនមានការបិទសាលារៀន ផ្សារ រោងចក្រ និង កន្លែងផ្សេងទៀតនោះទេបើទោះបីមានករណីឆ្លងជំងឺកូវីដ-១៩ កើតឡើងក៏ដោយ,ហើយបើរកឃើញមានការឆ្លងក្នុងរូបភាពតិចតួចត្រឹម ៣ ឬ៤នាក់គឺយកតែអ្នក ទាំងនោះទៅព្យាបាលបានហើយ មិនចាំបាច់បិទសាលារៀន បិទផ្សារ ឬ បិទរោងចក្រនិងកន្លែងច្សេងៗទៀតនោះទេ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបេបនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ២២ តុលា ២០២១ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាកន្លងមករកឃើញកម្មកររោងចក្រ ៣ឬ៤នាក់ ស្រាប់តែបិទរោងចក្រទាំងមូលឬក៏ត្រឹមរកឃើញអាជីវករនៅតាមបណ្តាផ្សារត្រឹមចំនួនតិចតួចក៏ឈានដល់ការបិទទីតាំងផ្សារដែលធ្វើឱ្យប៉ះពាល់ដល់ការងារប្រកបរបរលក់ដូរផងដែរ ។ដូច្នេះចាប់ពីពេលនេះទៅក្នុងករណីរកឃើញវិជ្ជមានទ្រង់ទ្រាយតូចគឺត្រឹមយកអ្នកវិជ្ជមានទៅព្យាបាលនៅមន្ទីរពេទ្យទៅជាការស្រេច កុំបិទរោងចក្រ សាលារៀន ឬទីផ្សារ ឬក្រុមហ៊ុនជាដើម។
សម្តេចមានប្រសាសន៍ថា៖«ឥឡូវយើងមិនធ្វើអញ្ចឹងទៀតទេយើងយកអ្នកដែលមានវិជ្ជមានទៅសម្រាកពេទ្យទៅរួចហើយបាញ់ថ្នាំសម្លាប់មេរោគរួចនាំគ្នាលក់វិញទៅ ។ សាលា រៀនក៏ដូចគ្នាកូនសិស្សណាឆ្លងយើងយកទៅព្យាបាលទៅអ្នកដែលមិនឆ្លងគឺយើងបន្តរៀន,ព្រោះវ៉ាក់សាំងបានចាក់គ្រប់ហើយ»។
សម្តេចបន្តថាការធ្វើតេស្តក៏ដូចគ្នាដែរពីមុនយើងបង្ខំឲ្យប្រជាជនធ្វើតេស្តព្រោះអីពេលនោះគឺយើងមិនមានវ៉ាក់សាំងទេ ។ យើងត្រូវរុករក ១៤ ថ្ងៃទៅខាងក្រោយនៅពេលដែល ឃើញអ្នកនោះវិជ្ជមានគឺបកក្រោយ ១៤ ថ្ងៃ ហើយស្រាវជ្រាវរកវាត្រូវបែកខ្នែងទៅណាខ្លះ យើងត្រូវស្រាវជ្រាវទាំងអស់តែឥឡូវនេះយើងមិនបាច់ធ្វើបែបនេះទេ ពីមុនកើតក្នុង ភូមិបីនាក់យើងធ្វើចត្តាឡីស័កមួយភូមិតែម្ដង ។ ឥឡូវយើងប្រគល់ភារកិច្ចទៅឲ្យបុគ្គលក្រុមគ្រួសារមនុស្សម្នាក់ៗចេះទទួលខុសត្រូវខ្លួនឯងបើឃើញថាមានបញ្ហាមិនស្រួលគឺមក រកធ្វើតេស្តដោយយើងមិនម្ចាស់ការទៅធ្វើឱ្យទៀតទេ,បិទភូមិធ្វើតេស្ត ឬបិទរោងចក្រធ្វើតេស្ត។អ្នកណាមានការសង្ស័យគេអាចមកសុំការធ្វើតេស្តហើយការធ្វើការតេស្តទៀតសោតគឺឱ្យគាត់មកធ្វើតេស្តបើឃើញថាមានវិជ្ជមានប៉ុន្តែអាការៈធម្មតាជូនថ្នាំគាត់ឲ្យទៅសម្រាប់ព្យាបាលនៅផ្ទះ,ប៉ុន្តែបើមានអាការៈមានលក្ខណៈធ្ងន់ធ្ងរជូនគាត់ទៅមន្ទីរពេទ្យ។
សម្ដេចតេជោបានបន្ដថានាពេលបច្ចុប្បន្នអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមានការថយចុះប៉ុន្ដែប្រជាពលរដ្ឋគ្រប់រូបត្រូវបន្ដចូលរួមអនុវត្តវិធានការសុខាភិបាលបន្ថែមទៀត ។ សម្តេចតេជោបានបញ្ជាក់ថាចាប់ពីពេលនេះទៅនៅពេលមានការឆ្លងជំងឺកូវីដ-១៩ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេទោះបីមានការឆ្លងក្នុងសាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗក៏ដោយ៕