​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ចុង​សប្តាហ៍​នេះ​មាន​ការប្រកួត​បាល់ទាត់​នៅតាម​លី​ក​អឺរ៉ុប​ជាច្រើន​ក្របខ័ណ្ឌ​រាប់​ចាប់ពី​អង់គ្លេស​រហូត​ដល់​អ៊ីតាលី​។​ក្រុម​មាន​សង្ឃឹម​រកបាន​៣​ពិន្ទុ​​ខ្ពស់​ជាង​គេ​នៅ​ចុង​សប្តាហ៍​នេះ​គឺ Chelsea, Everton, Man City, Bayern, Leipzig, Sevilla និង Lens​។

​ដោយឡែក​នៅ​ថ្ងៃអាទិត្យ មាន​ជំនួប​ធំ​មួយ​នៅ​អង់គ្លេស​គឺ​រវាង Man U និង Liverpool ហើយ​យើង​នឹង​វិភាគ​គូ​មួយ​នេះ និង​គូ​មួយ​ទៀត​ដែរ​នៅ​អង់គ្លេស គឺ​រវាង Chelsea និង Norwich ដែល​ជា​ជំនួប​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​។

– Chelsea vs Norwich

​ក្រុម​កំពូល​តារាង​និង​ជា​ម្ចាស់​ជើងឯក​អឺរ៉ុប Chelsea ជា​ក្រុម​រំពឹង​ឈ្នះ​បំផុត​លើ​ក្រុម​បាត​តារាង Norwich ថ្ងៃ​សៅរ៍​នេះ​។ ត្បិត​ពុំ​មាន​វត្តមាន​ខ្សែប្រយុទ្ធ​លូ​កា​គូ និង​ទី​ម៉ូ​វើន​ន័​រ (​របួស​) ក៏​តោ​ខៀវ​រំពឹង​ស៊ុត​បញ្ចូល​ទី​មិន​ក្រោម​៣​គ្រាប់​នោះ​ដែរ​ថ្ងៃនេះ​។

​តោ​ខៀវ​ប៉ះ​ក្រុម Norwich ចុងក្រោយ​បំផុត​គឺ​ឈ្នះ ១-០ ហើយ​ពួកគេ​មិន​ដែល​ចាញ់​ក្រុម​ចាប​លឿង​នោះឡើយ​ក្នុងជំនួប​១៧​លើកចុងក្រោយ ដោយ​ឈ្នះ​១២ និង​ស្មើ​៥​។

​កូនក្រុម​របស់​លោក​ថូ​ម៉ាស ធូ​ខល់ បាន​កត់ត្រា​ជ័យជម្នះ ០-១ នៅ​ទឹកដី Brentford នៅ​ប្រកួត​ចុងក្រោយ​។ សរុបមក ១៣ ប្រកួត​ចុងក្រោយ Chelsea ឈ្នះ​រហូត​ដល់​ទៅ​១០​ដង ហើយ​ក្នុងផ្ទះ ១០ លើកចុងក្រោយ គឺ​ឈ្នះ ៩ ដង​។

Chelsea ក៏​ស៊ុត​ចូល​ច្រើន​គ្រាប់​ផងដែរ​ក្នុង​ប្រកួត​នីមួយៗ​ក្នុង​ទឹកដី​ខ្លួនឯង ហើយ​ថ្ងៃនេះ​ប៉ះ​ត្រឹម​គី​ឡូ Norwich មិន​ជា​ការពិបាក​ដើម្បី​រក​៣​ពិន្ទុ​នោះទេ​។

Norwich ខកខាន​ស៊ុត​ចូល​ទី​គេ ៤ ប្រកួត​ជាប់​គ្នា​មកហើយ ហើយ​ចុងក្រោយ​បំផុត​គឺ ០-០ ទល់នឹង Brighton ។ ពួកគេ​ក៏​ជា​ក្រុម​របូត​គ្រាប់​បាល់​ច្រើនៗ​ផង​ដែរ​ពេល​ប៉ះ​ក្រុម​ខ្លាំង​។

​ដោយហេតុ​ថា ក្រុម​ធំៗ​យ៉ាងតិច ៣ ក្នុងចំណោម ៦ ក្រុម​កំពូល​តារាង​នឹង​មាន​អ្នក​ជ្រុះ​ពិន្ទុ​នៅ​ចុង​សប្តាហ៍​នេះ Chelsea នឹង​មិន​ឱ្យ​របូត​ឱកាស​ឈ្នះ​ថ្ងៃនេះ​នោះឡើយ​។​

​លទ្ធផល​ព្យាករណ៍ ៖ Chelsea ឈ្នះ ៣-០​។

– Man Utd vs Liverpool

​ក្រុម​ជោគជ័យ​បំផុត​ទាំង​ពីរ​របស់​អង់គ្លេស​គឺ​បិសាច​ក្រហម Manchester United និង​ហង្ស​ក្រហម Liverpool ត្រូវ​ជួប​គ្នា​នៅ​ទឹកដី Old Trafford នៅ​ថ្ងៃអាទិត្យ ដោយ​ទម្រង់​លេង​របស់​ពួកគេ​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​។​

​កាលពី​ជំនាន់​លោកតា​សឺ​អា​ឡិច ហ្វើ​ហ្គោសិ​ន បើ Man U វាយបក​ឈ្នះ​វិញ ៣-២ លើ Atalanta ដូច​ក្នុង​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​ពុធ គេ​នឹង​ចាត់ទុក​វា​ជា​ជ័យជម្នះ ដែល Man U ចង់​ឈ្នះ​ពេល​ណា​ក៏​បាន​។ ផ្ទុយ​មកវិញ ជ័យជម្នះ​នេះ​នាពេល​បច្ចុប្បន្ន​ត្រូវ​គេ​មើលឃើញថា​ជា​ការសង្គ្រោះ​ពី​បរាជ័យ​ដោយ​កីឡាក​រវ័យ​ចំណាស់​រ៉ូ​ណាល់​ដូ ក្រោម​ការដឹកនាំ​គ្មាន​ទម្រង់​លេង​ច្បាស់លាស់​ពី​លោក​សូល​ឃ្យែ​។

Liverpool ក៏​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-២ កាលពី​ពាក់កណ្តាល​សប្តាហ៍​ផងដែរ ដោយ​យក​ឈ្នះ​ម្ចាស់​ជើងឯ​កអេ​ស្ប៉ាញ Atletico Madrid នៅ​ក្រៅ​ផ្ទះ​។ ជ័យជម្នះ​នោះ​បាន​ធានា​ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ពី​កីឡាករ​ឡើង​ជើង​បំផុត​របស់​ពិភពលោក គឺ​ម៉ូ​ហា​ម៉េត សាឡា​ស ដែល​នេះ​មានន័យថា​កូន​របស់​លោក ជួ​ហ្គិន ក្លប់ ឥឡូវ​នេះ​អាច​រក​គ្រាប់​បាល់​យ៉ាងតិច ៣ គ្រាប់​ក្នុង​មួយ​ប្រកួត​ក្នុង ៩ លើក​ចុងក្រោយ​របស់​ពួកគេ​។​

​តំបន់​ការពារ​របស់​ពួកគេ​នៅតែ​ទន់ជ្រាយ​នៅឡើយ ហើយ​កីឡាករ វើជី​ល វ៉ាន់​ដែក នៅ​មិន​ទាន់​រកឃើញ​ទម្រង់​លេង​របស់ខ្លួន​ឡើង​វិញ​ទេ​ក្រោយ​រង​របួស​ជង្គង់​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​ដោយ​មាន​ខ្សែប្រយុទ្ធ​ជួរមុខ​ទាំងបី គឺ​សាឡា​ស​, ម៉ា​ណេ និងហ្វើ​មី​ណូ ស៊ុត​បញ្ចូល​ទី​លើស​គ្រាប់​ដែល​ធ្លាយ ចឹង​ហង្ស​ក្រហម​មិនសូវ​បារម្ភ​រឿង​ចាញ់​នោះទេ​។​

​តំបន់​ការពារ​របស់ United ក៏​ត្រូវ​ស្វែងរក​កីឡាករ​ថ្មី​ដែល​រឹង​ជាង​នេះ​ផងដែរ​។ ប្រធាន​ក្រុម ហា​រី ម៉ាកខ្វាយ​អឺ បង្កកំហុស​សឹង​រាល់​ការប្រកួត តួ​យ៉ាង​រូបគេ​បាន​បង្កកំហុស​១​គ្រាប់​ពេល​ប៉ះ Leicester និង​១​គ្រាប់​ទៀត​ពេល​ប៉ះ Atalanta ។ ដរាបណា​រូបគេ​ប្រឹង​លេង​ឱ្យ​ប្រសើរ​និង​កាត់បន្ថយ​កំហុស ពុំនោះ​ទេ​កៅអី​ដឹកនាំ​របស់​លោក​សូល​ឃ្យែ​ក៏​អង្គុយ​មិន​បាន​យូរ​នោះដែរ​។​

​ព្យាករណ៍ ៖

​នៅពេល​ដែល​សូល​ឃ្យែ​ចុច​ឈ្មោះ រ៉ូ​ណាល់​ដូ ក្នុង​ជម្រើស ១១ នាក់​កាលពី​ថ្ងៃ​ពុធ គាត់​សង្ឃឹមថា​ការប្រកួត​នឹង​ឈ្នះ​ងាយៗ ហើយ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ឱ្យ​រ៉ូ​ណាល់ដូ​អាយុ​៣៦​ឆ្នាំ​បាន​សម្រាក​នៅ​តង់​ទី​ពីរ​។ ការរំពឹង​គឺ​ខុស​ស្រឡះ ហើយ Man U នៅតែ​ត្រូវ​ការរ៉ូណាល់​ដូ​រហូតដ​ល់​ចុង​ម៉ោង​ដើម្បី​វាយបក​យកឈ្នះ​លើ Atalanta ៣-២​។ អាយុ​របស់​រ៉ូ​ណាល់ដូ​មិនអាចត​ស៊ូបាន ៩០ នាទី​ពេញ​ទល់​នឹង​ក្រុម​ខ្លាំង​ដូចជា ហង្ស​ក្រហម Liverpool បាន​នោះ​ទេ​។

Man U ទំនង​មិន​ដាក់​ខ្សែបម្រើ​ផូល ផុ​កបា​ឱ្យ​លេង​តតាំង​ជាមួយ Liverpool នោះទេ​។ លោក​សូល​ឃ្យែ​ទំនង​ជ្រើសរើស​បម្រើ​ការពារ​ពីរ​នាក់​គឺ​ស្កុត ម៉ាក​ថូ​មីណា​យ និង ហ្វ្រេដ មក​ទប់ទល់​ជាជាង​ដាក់​បម្រើ​ប្រយុទ្ធ​ឬ​បម្រើ​ចំ​តួ​ឱ្យ​លេង​ទល់​នឹង​ក្រុម​សម្រុក​ឥតឈប់ឈរ​ដូចជា Liverpool ។

​ជាធម្មតា ដៃគូ​ការពារ​កណ្តាល វ៉ាន់​ដែក និង ចូល ម៉ា​ធីប គឺ​រឹង​ដូច​ដែកថែប ប៉ុន្តែ​អ្នក​ទាំង​ពីរ​មើល​ទៅ​ទន់ជ្រាយ​ណាស់​នៅ​កីឡដ្ឋាន Wanda Metropolitano កាលពី​ថ្ងៃ​អង្គារ​។ កត្តា​នេះ​អាច​នាំ​ឱ្យ​គ្រូបង្វឹក​ពិចារណា​ដាក់​កីឡាករ កូ​ណេត ឬ ចូ ហ្គោ​ម៉េស ចូល​មក​លេង​ការពារ​កណ្តាល​ជំនួស​វិញ​ដើម្បី​ទប់ទល់​នឹង​រ៉ូ​ណាល់​ដូ​។​

​សរុបមក Man U ខ្សោយ​តំបន់​កណ្តាល​និង​ការពារ ហើយ​ប្រយុទ្ធ​ក៏​មិនសូវ​ជា​ខ្លាំង​ណាស់​ណា​នោះ​ដែរ​។ ចំណែក Liverpool ទោះ​របូត​គ្រាប់​បាល់​សឹង​គ្រប់​ការប្រកួត ប៉ុន្តែ​ប្រយុទ្ធ​ទាំងបី​ខាងលើ​តែង​រក​គ្រាប់​បាល់​លើស​ចំនួន​គ្រាប់​បាល់​ដែល​របូត​។

​លទ្ធផល​ព្យាករណ៍ ៖ Liverpool ឈ្នះ​១​គ្រាប់​៕

Liverpool រំពឹង​មាន​លទ្ធផល​ល្អ​នៅ​ទឹកដី​របស់ Man Utd