ដោយ៖តារារិទ្ធ/ភ្នំពេញ៖តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺជាខួប ៣០ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២១) នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ៣០ ឆ្នាំមុនពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤របស់កម្ពុជារួមមានសម្តេចតេជោ ហ៊ុន សែន តំណាងឲ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ្វ៊ុនស៊ិនប៉ិចដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ,រណសិរ្សជាតិរំដោះប្រជាពលរដ្ឋ ខ្មែរដែលតំណាងដោយលោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយលោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពនៅទីក្រុងប៉ារីសប្រទេសបារាំងក្រោមវត្តមានសាក្សីមកពី១៨ប្រទេសរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)ផងដែរដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហា ក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលហៅថា(ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ហើយបន្ទាប់មក ក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំងនិងនៅទីកន្លែង ផ្សេងៗមួយចំនួនទៀត។
ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស២៣ តុលា ១៩៩១ ក៏ពិតមែន។ ប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិប តេយ្យ (ប៉ុលពត)។ ក្រោម នយោបាយ ឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និង សំបូរសប្បាយរហូតមកដល់សព្វថ្ងៃ៕