ដោយៈវណ្ណៈ/ភ្នំពេញៈសមត្ថកិច្ចឲ្យដឹងជាបឋមថា គ្រឿងញៀនជាង ៣០០គីឡូក្រាម ដឹកតាមទូកត្រូវសមត្ថកិច្ចបង្ក្រាបបាន នៅស្រុកស្រែអំបិល ខេត្តកោះកុងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅចំណុចមាត់ពាមស្រែអំបិល ស្ថិតក្នុងភូមិកំពង់ស្ដាំ ឃុំជ្រោយស្វាយ។

ជនសង្ស័យចំនួនប្រាំមួយនាក់ដែលលើទូកខ្នាតធំមួយគ្រឿងរបស់ជនជាតិថៃដែលចូលចតក្នុងផែជលផលនោះក៏ត្រូវបានឃាត់ខ្លួនដែរ ។

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិលបានបញ្ជាក់ថានេះជាប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយ ធំដែលបានដឹកឆ្លងដែនមកពីប្រទេសថៃចំនួនពីរទីតាំង ដោយចូលតាមច្រកចំណុចចម្ការក្រោម ក្នុងឃុំស្រែអំបិល និងឃុំជ្រោយស្វាយ។គ្រឿងញៀនប្រាំបួនកញ្ចប់ធំស្មើ ៣០០គីឡូក្រាម ត្រូវបានរកឃើញនិងរឹបអូសទុកជាវត្ថុតាង។

លោកឧត្តមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្តកោះកុងបានឲ្យដឹងថា ប្រតិបត្តិការដំបូងបានចុះឃាត់អូប័រមួយគ្រឿង និងឃាត់ខ្លួនជនសង្ស័យបួននាក់ត្រង់ចំណុចភូមិចំការ។សមត្ថកិច្ច​បានត្រួតពិនិត្យនៅនឹងកន្លែងភ្លាមៗរកឃើញគ្រឿងញៀន​ជាង ៣០០គីឡូក្រាម ។

ក្រោយសួរចម្លើយជាបឋម ពួកគេបានសារភាពថា បានដឹកជញ្ជូនគ្រឿងញៀនទាំងនោះមកពីទូក (បាហួរអន)ស្ថិតនៅចំណុច ភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ។បន្ទាប់មកសមត្ថកិច្ច បានបន្តឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់បន្ថែមទៀតនៅលើទូក ដែលជាអ្នកយាមទូក ។

ជនសង្សយ័និងវត្ថុតាង នគរបាលបានចាត់ចែងបន្តតាមនីតិវិធី៕សរន