ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​អង្គការ​សុខភាព​ពិភពលោក​តាមរយៈយន្តការ COVAX បានផ្តល់​វ៉ាក់សាំង​ជាង​១ សែន​ដូ​ស​បន្ថែម​ឲ្យ​កម្ពុជា ។ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ថ្មី​នេះ​ជា​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​(Sinovac)​ចំនួន​១២៤ ៨០០​ដូ​ស​ដែល​ត្រូវបាន​ដឹកជញ្ជូន​មកដល់​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២១ ។

​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​របស់​អង្គការ​សុខភាព​ពិភពលោក​តាមរយៈ​យន្តការ​COVAX​។​លើក​ទី​១​កាលពី​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០២១ វ៉ាក់សាំង​ប្រភេទ AstraZeneca ផលិត​នៅ​ប្រទេស​ឥណ្ឌា​ចំនួន ៣២៤ ០០០​ដូ​ស​។​លើក​ទី​២​នៅ​ថ្ងៃទី​៣០ ខែកក្កដា​និង​ថ្ងៃទី​២ ខែសីហា​ឆ្នាំ​២០២១​វ៉ាក់សាំង​កូ​វីដ​-១៩ “​ច​ន​សាន់ & ច​ន​សាន់​” របស់​សហរដ្ឋអាមេរិក​ចំនួន​សរុប ១.០៦០.១០០​ដូ​ស​និង​លើក​ទី​៣​នៅ​ថ្ងៃទី​២២ ខែតុលា​ឆ្នាំ​២០២១​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន​១២៤,៨០០​ដូ​ស​។​

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ដែល​បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​កូ​វីដ​ជាមួយនឹង​ប្រធាន​អង្គការ UNICEF និង អង្គការ WHO បាន​ប្រាប់​ថ្លែងថា អង្គការ​សុខភាព​ពិភពលោក​តាមរយៈ​យន្តការ COVAX បាន​សន្យាថា​នឹង​ផ្តល់ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​កម្ពុជា​ចំនួន​សរុប ៦,៦​លាន​ដូ​ស​ហើយ​មកដល់ពេលនេះ កម្ពុជា​បានទទួល​ជំនួយ​វ៉ាក់សាំង​តាមរយៈ​យន្តការ COVAX ចំនួន ២,៥​លាន​ដូ​ស​ហើយ​។​

​សូម​រម្លឹកថា​គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​សរុប​ជាង​៣៦​លាន​ដូ​ស​ហើយ ។ ក្នុងនោះ​ជំនួយ​របស់​ចិន​មាន​ចំនួន ៧,៥ លាន​ដូ​ស​និង​ជំនួយ​ពី​អង្គការ​សុខភាព​ពិភពលោក​តាម​យន្តការ Covax ចំនួន ២,៥​លាន​ដូ​ស ។​

​គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​ជាង ៣៦.៥ លាន​ដូ​ស រួមមាន​៖ វ៉ាក់សាំង​ចិន (Sinovac និង Sinopharm ) ជាង ៣៣.៥ លាន​ដូ​ស និង វ៉ាក់សាំង​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក ,​ជប៉ុន អង់គ្លេស និង អាមេរិក សរុប​ជិត ៣ លាន​ដូ​ស ( ១-AstraZeneca ជា​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​ផលិត​នៅ​ឥណ្ឌា ៣២៤ ០០០​ដូ​ស ,២-AstraZeneca ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន ១ ០០០ ០០០​ដូ​ស ៣-AstraZeneca ជា​ជំនួយ​របស់​អង់គ្លេស ៤១៥ ០០០​ដូ​ស ៤-Johnson & Johnson ជា​ជំនួយ​របស់​អាមេរិក ១ ០៦០ ១០០​ដូ​ស និង​៥-Sinovac ចំនួន ១២៤ ៨០០​ដូ​ស )​។​

​សូមជម្រាបថា​កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា​គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា​ឆ្នាំ​២០២១(​ក្រុម​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​)​អ្នក​ចាក់​ដូ​ស​ទី​១ ចំនួន ៩ ៩៧០ ៨៦៥ នាក់​,​អ្នក​ចាក់​ដូ​ស​ទី​២ ចំនួន ៩ ៦២២ ២៤២ នាក់ស្មើនឹង ៩៩.៧១% នៃ​ប្រជាជន​គោលដៅ​សរុប​១០​លាន​នាក់​។ អ្នក​ចាក់ ​ដូ​ស​ទី​៣ ចំនួន ១ ៦២៣ ៤៣៣ នាក់​។​(​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ​)​អ្នក​ចាក់​ដូ​ស​ទី​១ ចំនួន ១ ៧៨១ ៨១៩ នាក់​,​អ្នក​ចាក់​ ដូ​ស​ទី​២ ចំនួន១ ៦៨៨ ១៧១ នាក់​ស្មើនឹង ៩០.៥៩% នៃក្រុម​គោលដៅ​សរុប​ជិត​០២​លាន​នាក់​។​(​កុមារ អាយុ​ចាប់ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ​)​អ្នក​ចាក់ ​ដូ​ស​ទី​១ ចំនួន ១ ៨៩៩ ៥៤៨ នាក់​,​អ្នក​ចាក់​ដូ​ស​ទី​២ ចំនួន ១ ៦៣១ ០៦៣ នាក់​ស្មើនឹង ១០០.១១% នៃ​ក្រុម​គោលដៅ​សរុប​ជិត​១​លាន​៩​សែន​នាក់​។ ប្រៀបធៀប​នឹង​ប្រជាជន​សរុប ១៦​លាន​នាក់ ស្មើនឹង ៨៥.៣៣%៕