ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ស្រក
កិរិយាសព្ទ
ថយចុះ, ថយស្រុតចុះ; អន់ហើមឬបាត់ហើម
ទឹកស្រក; សាច់ពីដើមហើមពោរ ឥឡូវបានស្រកហើយ ។
ស្រកសាច់ ចុះសាច់ ។ ស្រកស្រុត ស្រកទ្រុឌឬរលស់ចុះ ។ ល ។
ស្រុត
កិរិយាសព្ទ
ទ្រុឌចុះ, លិចទាបចុះ ខុសប្រក្រតី
ដីស្រុត, សសរស្រុត ។
ស្លាប់ ( ចំពោះដំរី )
ដំរីស្រុត ។
ស្លុត
កិរិយាសព្ទ
ចំប្រប់ឬធ្លាក់ចិត្តទន់ដៃទន់ជើងដោយមានទុក្ខខ្លាំងឬភ័យខ្លាំង
ទាហានចិត្តមុតមិនស្លុតនឹងចម្បាំង ។
ជច់, ទ្រុឌ, ងាស់គាំង ដោយគ្រលៀសភ្លាត់សរសៃ
ស្លុតជង្គង់ ។
កិ. វិ. ឬ គុ. ដែលចំប្រប់ឬធ្លាក់ចិត្តទន់ដៃទន់ជើង
ភ័យស្លុត ។
ស្លុតរន្ធត់ ស្លុតញាប់ញ័រខ្លាំង ។ ស្លុតស្លន់ ស្លុតភ័ន្តភាំងគាំងស្មារតី ។
ស្វិត
គុណសព្ទ
( សំ. ស្វិទ “បែកញើស, ធ្វើឲ្យបែកញើស; ធ្វើឲ្យឡើងសាច់ស្រាំង” ) ស្រក, ស្រុត, ទ្រុឌ, ទ្រោម, ស្រពោន បង់ជាតិស្រស់ ឬខុសពីប្រក្រតីដើម
ស្លឹកឈើស្វិត; ស្វិតដៃ, ស្វិតជើង ។
ដែលមានសាច់ល្អួតមិនស្រួយ, ដែលមិនងាយទាញឲ្យដាច់ឬមិនងាយបេះចេញបាន
សាច់ស្វិតទាញមិនដាច់ ។
ដែលគង់កាប់មិនមុត
មនុស្សសាច់ស្វិត ។
ព. ប្រ. ដែលខ្ជាប់ខាងការចាយវាយ, ដែលកំណាញ់មិនងាយចាយទ្រព្យ
មនុស្សស្វិត, កំណាញ់ស្វិត ។
ហាយនៈ
(—យៈនៈ)
នាមសព្ទ
( សំ. បា. ហាយន ) ឆ្នាំ ។ សេចក្ដីវិនាស, សេចក្ដីសាបសូន្យ; ដំណើរទ្រុឌទ្រោម
ការប្រព្រឹត្តអាក្រក់នាំឲ្យមានហាយនៈ ។ ព. ផ្ទ. វឌ្ឍនៈ ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហាយន អ. ថ. —យៈនៈ, ដូចជា ហាយនការណ៍ ហេតុនៃសេចក្ដីវិនាស, ហេតុដែលនាំឲ្យវិនាស ។ ហាយនធម៌ ធម៌គឺបែបបទដែលនាំឲ្យវិនាស ។ ហាយនភាព ភាវៈឬដំណើរនៃសេចក្ដីវិនាស ។ ល ។