​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​អន្លើ​

​នាមសព្ទ​

​កន្លែង​; ប៉ែក​; សង្កាត់​; ឡែក : ច្រើន​អន្លើ ច្រើន​កន្លែង ។ ដោយ​អន្លើ ដោយ​កន្លែង​; ដោយ​ប៉ែក​, ដោយឡែក ។ រាល់​អន្លើ ឬ សព្វ​អន្លើ រាល់​ឬ​សព្វកន្លែង ។ មួយអន្លើ​ដោយ និ​. ព្រម​ដោយ​, ព្រមទាំង​, ជាមួយនឹង : បិតា​មួយអន្លើ​ដោយ​បុត្រ ។ លើកទុក​ដោយ​អន្លើ និ​. លើកទុក​ដោយឡែក ។ ល ។​

​មួយអន្លើ​

​និបាតសព្ទ​

​ព្រមទាំង​, ជាមួយ​, ជាមួយនឹង ( ត្រូវ​ប្រើពាក្យ ដោយ ភ្ជាប់​ខាងចុង​ផង​ជា​ដរាប )
​ព្រះរាជា​ទ្រង់​ស្ដេចយាង​ទៅកាន់​ជនបទ មួយអន្លើ​ដោយ​ព្រះរាជ​បរិពារ​; គ្រូ​ចេញទៅ​លេង​សួនច្បារ មួយអន្លើ​ដោយ​សិស្ស​ទាំងឡាយ ។​

​និបាតសព្ទ​

​និបាតសព្ទ​ប្រាប់​សេចក្ដី​ថា ដោយឡែក​, ផ្សេង​; ស្លេះ​ទុក​សិន​, បញ្ឈប់​ទុក​សិន ( ត្រូវ​ប្រើពាក្យ សិន ភ្ជាប់​ខាងចុង​ជា​ដរាប )
​យើង​ត្រូវ​ទុក​រឿង​នុះ​មួយអន្លើ​សិន កុំអាល​និយាយ​; អ្នក​រាល់គ្នា​ត្រូវ​លើក​ការ​នេះ​ទុក​មួយអន្លើ​សិន​ទៅ កុំអាល​ប្រញាប់​ធ្វើ . . . ។ ល ។​

កក្រើក​

(​ក៏​—)

​កិរិយាសព្ទ​

​កំរើក​, រញ្ជួយ​, របើក​ឡើង ។ កក្រើកញាប់ញ័រ កក្រើក​ញ័រ​យ៉ាង​ញាប់​សព្វ​អន្លើ ។ កក្រើករំជួល កក្រើក​រញ្ជួយ​ជ្រួលច្របល់ ។ កក្រើករំពើក កក្រើក​ខ្លាំង​, ជ្រួលច្របល់​ខ្លាំង ។​

​កន្ទប​

​នាមសព្ទ​

​សំពត់​ចាស់​មាន​បំណះ​ច្រើន​អន្លើ ឬ សំពត់​សម្រាប់​វ័ណ្ឌ​, ប៉ឹង​, ក្តោប​
​ស្លៀក​វ័ណ្ឌកន្ទប​, ព្នង​វ័ណ្ឌកន្ទប ។​

​ខេត្ត​

(​ខែ​ត​)

​នាមសព្ទ​

( បា​.; សំ​. ក្សេត្រ ) ស្រែ​; ចំការ​; តំបន់​, នាទី ។ ភាគ​ផែនដី​ដែល​បែង​ជា​អន្លើៗ មាន​ប្រជុំ​ស្រុក​ច្រើន​ដោយ​រដ្ឋបាល​បញ្ញត្ត​
​ខេត្តកណ្ដាល​, ខេត្តកំពង់ចាម ។ ល ។ ប្រើ​តាម​ទម្លាប់​ជាប់​មកជា​យូរហើយ សរសេរ​ជា​ខែត្រ ។​