​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុមហ៊ុន​ដេញថ្លៃ Sotheby’s​បាន​និយាយថា ស្បែកជើង​ប៉ាត់​តា​មួយគូ ដែល​ពាក់​ដោយ​កំពូល​តារា​បាល់បោះ NBA លោក ម៉ៃ​ឃើ​ល ចូ​ឌែន កាលពីដើម​អាជីព​របស់​គាត់ លក់បាន​ជិត ១,៥ លាន​ដុល្លារ​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​តុលា ដោយ​បង្កើត​តម្លៃ​ឯតទគ្គ​កម្ម​នៅក្នុង​ការដេញថ្លៃ​សម្រាប់​ស្បែកជើង​កីឡា​មួយ​នេះ​។​

​ស្បែកជើង​ក្រហម​និង​ស​នេះ​ត្រូវបាន​ពាក់​ដោយ​និមិត្តរូប​តារា​បាល់បោះ​រូប​នេះ​នៅក្នុង​ការប្រកួត​ទី​ប្រាំ​នៃ​រដូវ​កាល​ថ្មី​របស់​គាត់​ជាមួយ​ក្រុម Chicago Bulls ហើយ​ម៉ាក​យីហោ Nike ដែលមាន​ទំនាក់ទំនង​ជាមួយ​លោកចូ​ឌែន បាន​ក្លាយជា​ទី​ចាប់អារម្មណ៍​យ៉ាង​លឿន​ទាំង​ក្នុង​និង​ក្រៅ​ទីលាន​។​

​ក្រុមហ៊ុន​ដេញថ្លៃ​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ Twitter ថា “​ស្បែកជើង​ប៉ាត់​តា​ថ្លៃ​បំផុត​មិន​ធ្លាប់​ផ្តល់ជូន​ពីមុន​មក​នៅ​ឯ​ការដេញ​ថ្លៃ គឺ ស្បែកជើង Nike Air Ships ដែល​ពាក់​នៅ​រដូវ​កាល​ធម្មតា​របស់​ម៉ៃ​ឃើ​ល ចូ​ឌែន ពី​ឆ្នាំ ១៩៨៤ ទើប​តែ​លក់​ក្នុងតម្លៃ ១.៤៧២.០០០ ដុល្លារ​ក្នុង​ការលក់​វត្ថុ​ប្រណីត​របស់​យើង​នៅ​ទីក្រុង​ឡាសវេ​ហ្គាស​”​។​

​តម្លៃ​កប់​ពពក​នេះ​បាន​បំបែក​ឯតទគ្គ​កម្ម ដែល​កាន់កាប់​ដោយ​ស្បែកជើង Nike Air Jordans ដែល​លក់បាន ៦១៥.០០០ ដុល្លារ​ក្នុង​ខែ​សីហា ឆ្នាំ​២០២០ នៅឯ​ការដេញថ្លៃ​របស់​ក្រុមហ៊ុន Christie’s ។​

​ស្បែកជើង Nike Air Yeezy 1s ដែល​ពាក់​ដោយ​តារា​រ៉ែ​ប កេន​យ៉េ វេស លក់បាន ១,៨ លាន​ដុល្លារ​កាលពី​ខែ​មេសា តែ​វា​ជា​ការលក់​ជា​លក្ខណៈ​ឯកជន​ប៉ុណ្ណោះ​៕

​ស្បែកជើង Nike Air Ships របស់​ម៉ៃ​ឃើ​ល ចូ​ឌែន លក់បាន ១.៤៧២.០០០ ដុល្លារ​កាលពី​ថ្ងៃអាទិត្យ