ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ សត្វ​ក្រពើ ១​ក្បាល ត្រូវបាន​ប្រជាពលរដ្ឋ ចាប់បាន នៅពេល​ចេញទៅ​ឆ្លុះ​កង្កែប នៅពេល​យប់ តាម​បឹង​រូង ខាងក្រោយ​វត្ត​ទួល​វិហារ ។

​ពាក់ព័ន្ធ​នឹង​ករណីនេះ ប្រជាពលរដ្ឋ ឈ្មោះ ផន ភារ​ម្យ អាយុ ១៩ ឆ្នាំ រស់នៅ​ក្នុងភូមិ កោះ​លត ឃុំ​កោះ​ថ្កូវ ស្រុក ជល​គី​រី ខេត្ត កំពង់ឆ្នាំង បានអោយដឹង នៅ​ថ្ងៃទី​២៥ តុលា ២០២១ ថាៈ សត្វ​ក្រពើ​ដែល​ខ្លួន​ចាប់បាន​នេះ គឺ​នៅពេលដែល​ខ្លួន បាន​ចេញទៅ​ឆ្លុះ​កង្កែប នៅពេល​យប់ ជាមួយ​ឪពុក ។ ពេលនោះ ខ្លួន​បានឃើញ​សត្វ​ក្រពើ ២ ក្បាល បណ្តែត​ខ្លួន ក្នុង​ទឹក តែ ១ ក្បាល នៅ​ទឹក​ជ្រៅ និង ១ ក្បាល​ទៀត ដែល​ខ្លួន​ចាប់បាន​នេះ នៅ​ទឹក​រាក់​។ ក្រពើ​ដែល​ចាប់បាន​នេះ មាន​ប្រវែង ១​ម៉ែត្រ និង​មាន​ទម្ងន់ ៣ គីឡូក្រាម មិនដឹង​រួច​ចេញ ពី​ទ្រុង នៅ​កសិដ្ឋាន​ណា បាន​អណ្តែត ក្នុង​បឹង ខាងលើនេះ​។​

​ប្រជាពលរដ្ឋ​ដដែល បានអោយដឹង​បន្តទៀតថាៈ សត្វ​ក្រពើ​ដែល​ខ្លួន​ចាប់បាន រួចហើយ នាំយកមក​ផ្ទះ ដាក់​ក្នុង​ទ្រុង មិនដឹង​យកទៅ​ណា​ទេ មានតែ​ធ្វើ​ម្ហូប នាំគ្នា​ហូប​ប៉ុណ្ណោះ ព្រោះ​បើ​យកទៅលក់ មិនមាន​អ្នកណា​ទិញ​ទេ នៅពេល សត្វ​ក្រពើ ចុះថោក​យ៉ាងនេះ ។​

​បើ​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ខាងលើ បានអោយដឹងថាៈ សត្វ​ក្រពើ​ប៉ុនៗ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ ចាប់បាន​ប្រមាណ​ជា ជាង ១០ ក្បាល មកហើយ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ រស់នៅ​តាម​ដង​ទន្លេ មានការ​ភ័យខ្លាច និង​សំណូមពរ ដល់​សមត្ថកិច្ច​ជំនាញ ក៍​ដូចជា អាជ្ញាធរ​មូលដ្ឋាន ជួយ​ស្រាវជ្រាវ រក​ម្ចាស់​ចិញ្ចឹមសត្វ​ក្រពើ ដើម្បី​ទប់ស្កាត់​ក្រពើ រួច​ចេញពី​កន្លែង​ចិញ្ចឹម ច្រើន​ក្បាល​យ៉ាងនេះ និង​ខណៈពេល ទឹកទន្លេ កំពុង​មានការ​ជន់​ឡើង ផង​នោះ ។​

​មេឃុំ​កោះ​ថ្កូវ លោក ចិន ផាន់​ណា បានអោយដឹង នៅវេលា​ម៉ោងជាង ៩ ព្រឹក ថ្ងៃទី​២៥ តុលា នេះ​ថាៈ ពាក់ព័ន្ធ​នឹងមាន​ការលិចឮ​ថា ប្រជាពលរដ្ឋ បាន​ជួបនឹង​សត្វ​ក្រពើ​មេ បណ្តើរកូន​នោះ លោក​ក៍​កំពុង​ប្រមូល​ព័ត៌មាន និង​សិក្សា​ថា វា​ចេញ​មកពីណា ព្រោះ​វា​ហាក់ មាន​សម្បុក ពង​ញាស់​ចេញ​ជា​កូន ត្រូវបាន​ប្រជាពលរដ្ឋ ចាប់បាន​ស្ទើ​រាល់ថ្ងៃ បើតាម ការស្រាវជ្រាវ អ្នកភូមិ ចាប់បាន​ប្រមាណ​ជា ៥ ក្បាល​ប៉ុណ្ណោះ នាពេល​កន្លងទៅ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ក្នុងនាម​អាជ្ញាធរ​ឃុំ​កោះ​ថ្កូវ លោក ចិន ផាន់​ណា បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​កុមារ កុំ​ឲ្យ​ចុះ​លេង​ទឹក ផ្ដេសផ្ដាស ជៀសវាង​ករណី​ណាមួយ កើតឡើង​ជាយថាហេតុ ព្រោះ​ពេលនេះ យើង​អត់ ទាន់​ដឹង​ច្បាស់​ថា សត្វ​ក្រពើ​នោះ មាននៅ​ទីណា​ទៀត នៅឡើយ គ្រា​ដែល​ទឹកជំនន់ ទឹកភ្លៀង និង​ទន្លេ កំពុងតែ​ឡើង​៕/V​