​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ហង្ស​ក្រហម Liverpool បាន​ហែក​ក្រុម​បិសាច​ក្រហម Manchester United ជា​ចំរៀកៗ ខណៈ​ពួកគេ​បាន​យក​ឈ្នះ ៥-០ នៅ​ទឹកដី Old Trafford កាលពី​ថ្ងៃអាទិត្យ​ទី ២៥ តុលា ជា​លទ្ធផល​ដែល​អ្នក​ចាត់ការ​ទូទៅរ​បស់​ហង្ស​ក្រហម​លោក ជួ​ហ្គិន ក្លប់ ពណ៌នា​ថា “​អស្ចារ្យ​ពេក​ក្រៃ​”​។​

​ម៉ូ​ហា​ម៉េត សាឡា​ស ស៊ុត​បញ្ចូល​ទី Hat-trick (៣​គ្រាប់​) ឱ្យ Liverpool ដោយ​ពង្រីក​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​របស់​គេ​រហូតដល់ ១០​ប្រកួត​ជាប់ៗ​គ្នា​ក្នុង​ការប្រកួត​គ្រប់​ក្របខ័ណ្ឌ​​ទាំងអស់ ប៉ុន្តែ​លោក​ក្លប់​បាន​កោតសរសើរ​ចំពោះ​តំបន់​ប្រយុទ្ធ​ទាំងមូល​របស់​គាត់​។​

​លោក​ក្លប់​បាន​និយាយថា “​អ្វី​ដែល​យើង​ធ្វើ​នៅ​តំបន់​ប្រយុទ្ធ​គឺ​អស្ចារ្យ​ពេក​ក្រៃ​។ ដាក់​សម្ពាធ​ខ្ពស់​លើ​ទីលាន ដណ្តើម​យក​បាល់ ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ​”​។​

​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​បន្ថែមថា “​លទ្ធផល​គឺ​អស្ចារ្យ​ពេក​ហើយ ខ្ញុំ​បាន​សួរថា​តើ​មាន​រឿង​បែបនេះ​ក្នុង​ប្រវត្តិសាស្ត្រ​ដែរ​ឬ​អត់ ហើយ​ប្រសិនបើ​មិនមាន​ទេ​នោះ​វា​នឹង​ចំណាយពេល​​យូរ​ណាស់​ទើប​មាន​រឿង​នេះ​ម្តងទៀត​”​។

​ហង្ស​ក្រហម​នៅតែ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Chelsea មួយ​ពិន្ទុ​។​

​គាត់​បាន​និយាយទៀតថា “៥-០ ខ្ញុំ​គ្មាន​អី​សប្បាយចិត្ត​ជាង​នេះ​នោះ​ទេ វា​ពិតជា​ពិសេស​ណាស់​។ ជា​លទ្ធផល​ល្អ​ប្រសើរ​ខ្លាំងណាស់​”​។​

​វា​គឺជា​ជ័យជម្នះ​ដ៏​ធំ​បំផុត​របស់ Liverpool មិន​ធ្លាប់​មាន​នៅ​ឯ​ទឹកដី​របស់ United ហើយ​លោក​ក្លប់​និយាយថា វា​នឹង​ត្រូវ​គេ​ចង​ចាំ​ថា​ជា​លទ្ធផល​ដ៏​អស្ចារ្យ​មួយ​របស់​ក្លិប​៕

​លោក​ក្លប់​សប្បាយចិត្ត​ឥតឧបមា​ដែល Liverpool លុត Man U ដល់​ទៅ​៥-០