ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានលើកឡើង​អំពី​តួនាទី​សំខាន់ៗ​មួយចំនួន​របស់​វិស័យ​ឯកជន​ក្នុង​ការរួម​ចំ ណែ​ក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ ២០២២ ។

​នៅក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន​ក្រោម​ប្រធានបទ ៖“​កសាង​អនាគត​ឌីជីថល​ប្រកប ដោយ​ចីរភាព​របស់ យើង “​នា​ថ្ងៃទី ២៥ ខែ តុលា នៅតាម​ប្រព័ន្ធ​វីដេអូ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​តួនាទី​សំខាន់ៗ​ចំនួន ៣ របស់​វិស័យ​ឯកជន​រួមមាន​៖

​ទី​១. ត្រូវ​ទាញ​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពា​ជ្ជ​កម្ម​សេ​វី​តំបន់​អាស៊ាន ដែល មាន​ស្រាប់ ជាពិសេស​កិច្ចព្រមព្រៀង អា​សិប (RCEP)​ដែល​គ្រោង​នឹង​ចូល​ជា​ធរមាន នៅ​ដើមឆ្នាំ ២០២២ ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ ជាពិសេស​ការជំរុញ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដើម្បី​បង្កើត​ការងារ​, បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ។​

​ទី​២. ចូលរួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង និង ចំណេះធ្វើ ជាពិសេស​ការ​អភិ​ឌ្ឍ​ជំនាញ​ឌីជីថល​,​ព្រមទាំង​ការលើកកម្ពស់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍​តាមរយៈ​ការចូល​រួមសហការ​ជាមួយ​ធុរកិច្ច​និង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​ជួយ​ការកាត់បន្ថយ​គម្លាត​ឌីជីថល​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់ ។​

​ទី​៣, លើកកម្ពស់​កិច្ចសហការ​រវាង​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន​ជាពិសេស​តាមរយៈ​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​ក្នុង​គោលបំណង​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​មក ប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ​និង​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​ជួយ​បំពេញតម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការស្តារ ឡើងវិញ​នូវ​កិច្ចអភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖​ការ​ព​ន្លឿ​ន​ការធ្វើសមាហរណកម្ម​តំបន់​និង​សកល​ក៏​ជា​កិច្ចការ​អាទិភាព​បំផុត​មួយ​ផងដែរ​ក្នុង​ការជំរុញ​កា​ស្តារ​និង​ជំរុញ​កិច្ច​អភិ វ​ឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ។ អាស៊ាន​ត្រូវ​បន្ត​ប្រកាន់ខ្ជាប់​អភិក្រម​ពហុភាគី​និយម​,​ពង្រឹង​សកលភាវូបនី យកម្ម​និង​ខិតខំ​ជំរុញ​ការសម្រេចបាន​នូវ​របៀបវារៈ​នៃ​ការធ្វើ សមាហរណកម្ម​តំបន់​ក្រោម​ចក្ខុវិស័យ​អាស៊ាន ២០២៥ ដើម្បី​ពង្រឹង​ការតភ្ជាប់​ឱ្យ​កាន់ តែ​ស្អិតរ​មួ​ត​រវាង​សរសៃឈាម​សង្គម​និង​ជីវភាព​សេដ្ឋកិច្ច​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន ស្នើ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កិច្ច​ការសំខាន់ៗ​រួមមាន​ការជំរុញ​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​,​សេវាកម្ម​និង​វិនិយោគ​ឱ្យ​កាន់តែ ពេញលេញ​និង​ស៊ីជម្រៅ​,​ការសម្រួល​ការធ្វើដំណើ​រ​ឆ្លងដែន​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព​, ការបង្កើន​សមត្ថភាព​មីក្រូ​សហគ្រាស​,​សហគ្រាស ធុន​តូច​និង​មធ្យម (MSMEs) ជាដើម ។​ល​។

​សម្តេច​តេ​ជោ​បន្តថា​សម្រាប់​កម្ពុជា​ខ្ញុំ​សូម​ជម្រាប​អង្គ​វេទិកា​ទាំងមូល​ថា​ក្នុង​ស្មារតី​បុ​រេ​សកម្ម​សំដៅ​លើកកម្ពស់​ការចូល​រួម​របស់​វិស័យ​ឯកជន​ក្នុងការ​ស្តារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច ជាតិ​រាជរដ្ឋាភិបាល​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​នៃ​ការ​ប្រែក្លាយ​វិបត្តិ​ទៅជា​កាលានុវត្តភាព​តាមរយៈ​ការដាក់ចេញ​និង​ជំរុ ញ​ការអនុវត្ត​នូវ​គោលនយោបាយ​និង​វិធាន​ការសំខាន់ៗ​រួមមាន​៖ “​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​កម្ពុជា “២០២១- ២០៣៥ ” និង “​ច្បាប់​ស្តីពី​វិនិយោគ​ថ្មីៗ​” ព្រម​ជាមួយនឹង​ការបញ្ចប់​នូវ​ច្បាប់​ស្តីពី “​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​”. ,”​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​” និង “​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​” ដែល​នឹង​ចូល​ជា​ធរមាន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ជាងនេះទៅទៀត​ចំពោះ​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូដ​-១៩ ជាមួយនឹង​ការពង្រឹង​ការអនុវត្ត​ទាំង​វិធានការ​អប់រំ វិធានការ​រដ្ឋបាល និង​វិធាន​សុខាភិបាល​ដើម្បី​ការពារ សុខភាព​និង​អាយុជីវិត​ប្រជាជន​, គិត​ត្រឹម​ថ្ងៃទី ២១ ខែតុលា ២០២១ រាជរដ្ឋាភិបាល​សម្រេច​ការចាក់​វ៉ាក់សាំង​បាន​ជាង ១៣,៦ លាន​នាក់​សមមូល​នឹង​អត្រា ៨៥,២៧%​នៃ ចំនួន​ប្រជាជន​សរុប ១៦ លាន​នាក់ ។​ឈរលើ​មូលដ្ឋាន​នេះ​រាជរដ្ឋាភិបាល​បាន​កំពុង​ជំរុញ​ការបើក​ដំណើរការ​សកម្មភាព​ស​ង្គ​ម​-​សេដ្ឋកិច្ច​ឡើងវិញ​ឱ្យបាន​ពេល​លេញ​ក្នុង​បរិបទ នៃ​ប្រក្រតីភាព​ថ្មី​ហើយក៏​គ្រោង​នឹងដាក់​ចេញ “​យុទ្ធសាស្ត្រ​ស្តារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​កន្លង​ប្រក្រតីភាព​ថ្មី​” នៅ​ចុងឆ្នាំ ២០២១ ។​

​ជា​កិច្ចបញ្ចប់ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ កម្ពុជា​នឹង​ផ្តល់​ការគាំទ្រ និង​ជួយ​សម្រួល​គ្រប់បែបយ៉ាង​ដល់​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​ អាស៊ាន​ដើម្បី​ឈាន​សម្រេច បាន​នូវ​សមិទ្ធផល ថ្មីៗ​បន្ថែមទៀត ។​ទន្ទឹមនេះ​កម្ពុជា​នឹង​បន្ត​ជំរុញ​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​ការធ្វើ​ពាណិជ្ជ កម្ម និង​វិនិយោគ និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង ដៃគូ សំដៅ​ស្តារឡើងវិញ​នូវ​កំណើនសេដ្ឋកិច្ច និង ប្រែក្លាយ​អាស៊ាន ឱ្យទៅជា​តំបន់ ដែលមាន​សុខសន្តិភាព ភាព​ធន់​និង​ការអភិវឌ្ឍ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អបអរសាទរ​ការផ្ទេរ​ភាពជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង វិនិយោគ​អាស៊ាន​ពី​ព្រុយ​ណេ​មក​កម្ពុជា​ហើយក៏​សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ សមិទ្ធផល​សម្រេចបាន​ក្រោម​ភាពជា​ប្រធាន​របស់​ព្រុយ​ណេ​ក្នុង​ឆ្នាំ ២០២១ នេះ ៕