​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៥ ខែតុលា បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ​ថាៈ សម្ពាធ​ទាប​សកម្ម​មួយ បាននិងកំពុង​ស្ថិត នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​តាម​ការ​ព្យាករ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ សម្ពាធ​ទាប​សកម្ម​នេះ នឹង​វិ​វត្ត​ជា​បន្តបន្ទាប់ ទៅជា​វិ​សម្ពាធ ឬ​កូន​ព្យុះ ដោយ​ធ្វើដំណើរ ចូលដល់ លើ​ភាគខាងត្បូង​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១​។ បាតុភូត​ខាងលើនេះ នឹង​ថមថយ​ឥទ្ធិពល មកជា​សម្ពាធ​ទាប នៅពេល​ដើរចូល​មកដល់ លើ​ភាគខាងត្បូង ប្រទេស​កម្ពុជា​។​

​នៅក្នុង​សេចក្តី​ជូ​ដំណឹង ដែល​ចុះហត្ថលេខា ដោយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ថាៈ តាម​ការ​ព្យាករ​លក្ខណៈ​អាកាសធាតុ បែប​ខាងលើ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១ មាន​ស្ថានភាព ដូចខាងក្រោម​៖

​សម្រាប់​តំបន់​វាលទំនាប ផ្ទៃមេឃ​មាន​ពពក​ច្រើន​ដេរដាស នឹង​អាចមាន​ភ្លៀង ធ្លា​ក់រាយ ប៉ាយ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​មាន​ល្បឿន​បង្គួរ អាច​បង្ក​ជា ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្តកំពង់ធំ​។​

​សម្រាប់​តំបន់​ខ្ពង់រាប មាន​ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ ផ្ទៃមេឃ​មាន​ពពក​ច្រើន ដេរដាស អាចមាន​ភ្លៀង​ធ្លាក់ រាយប៉ាយ ក្នុង​កម្រិត​ពី​បង្គួរ ទៅ​ខ្លាំង លាយឡំ​ជាមួយ​ខ្យល់ កន្ត្រាក់ មាន​ល្បឿនខ្លាំង នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ ខេត្តមណ្ឌលគិរី ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ។​

​សម្រាប់​តំបន់​មាត់សមុទ្រ ផ្ទៃមេឃ​មាន​ពពក​ច្រើន​ដេរដាស អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ ។ នៅលើ​ផ្ទៃសមុទ្រ នឹងមាន​ភ្លៀងខ្យល់ និង​រលក​សមុទ្រ​ខ្ពស់ ។​

​លោក លឹម គានហោ បាន​អំពាវនាវ​របស់ខ្លួន ឱ្យ​សាធារណជន បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង ជាយថាហេតុ ។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិងកំពុង​បន្ត​តាមដាន យ៉ាង​យកចិត្តទុកដាក់ លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ មានការ​ប្រែប្រួល​៕/V​