ដោយៈមុនីរ័ត្ន/ភ្នំពេញៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬគ.ជ.ប.នៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២១បានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែតុលាមានគណបក្សនយោបាយចំនួនប្រាំពីរបានដាក់ភ្នាក់ងារសរុបចំនួនជិតប្រាំពាន់នាក់ សម្រាប់សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។

គ.ជ.ប. បានឲ្យដឹងថា តាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ សង្កាត់ គិតត្រឹមថ្ងៃទី២៤ ខែតុលានេះចំនួនភ្នាក់ងារគណបក្ស នយោបាយស្នើសុំសម្រាប់សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១សរុបមាន ចំនួន ៤.៧៤០ នាក់ ក្នុងនោះជាស្ត្រីមានចំនួន ១.២០៩ នាក់។ភ្នាក់ងារគណបក្សនយោបាយដែលត្រូវបានអនុញ្ញាត មាន៖គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ គណបក្សខ្មែរតែមួយ គណបក្សយុវជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ។

គ.ជ.ប. បានបញ្ជាក់ទៀតថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ។

គួររំលឹកថា ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះ បោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់គណបក្ស នយោបាយបេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត៕សរន