ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ប្លង់​មេ​និង​ផែនការអភិវឌ្ឍន៍​វិនិយោគ​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច​ចំនួនប្រាំស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​ព្រះ មុនី​វង្ស​បូកគោ ភូមិសាស្ត្រ​សង្កាត់​ព្រែក​ត្នោត ខេត្តកំពត ត្រូវបាន​ដាក់​ឆ្លង និង​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​នៅ​ថ្ងៃ ទី ២៥ ខែតុលា ឆ្នាំ​២០២១ នេះ ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិ ស្ថាន​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន តំណាង​រដ្ឋបាល​ខេត្តកំពត មន្ទីរ​បរិស្ថាន និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្តកំពត​ព្រមទាំង​តំណាង ក្រុមហ៊ុន​វិនិយោគ​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច​ដែល​ទទួលបាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​(រូបថតក្រសួងបរិស្ថាន)

​ប្រភពក្រសួងបរិស្ថានឱ្យដឹងថា ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​ជឿជាក់ថា គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច​នេះ​នឹងចូលរួម​បង្កើត​សក្តានុពល​ទេសចរណ៍​កាន់តែខ្លាំង និង​មាន​ជម្រើស​កាន់តែច្រើន ចូលរួម​បង្កើត​ការងារ និង បង្កើន​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នោះ​។

​លោក​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់ថា ទេសចរណ៍ធម្មជាតិជា​ផ្នែក​មួយ​យ៉ាងសំខាន់ នៃ​ទេសចរណ៍​កម្ពុជា ហើយ​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ចម្រុះ​ដែល​កំពុង​ត្រូវបាន​ការពារ​បាន​យ៉ាង​ល្អប្រសើរ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​វិស័យ​ទេសចរណ៍​នៅក្នុង​បរិការណ៍​នៃ​ការ ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ នេះ​។

​លោកបានលើកឡើង​ថា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពលរដ្ឋ​ខ្មែរ​បាន​ដើរ​កម្សាន្ត​ច្រើន​នៅតាម​រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍ធម្មជាតិ​នានា​ក្នុងប្រទេស​កម្ពុជា និង​បាន​នាំចូល​សេដ្ឋកិច្ច​ជាច្រើន​ទៅ​មូលដ្ឋាន និង​បង្កើត​ការងារ​ថ្មី​ជូន​ពលរដ្ឋ ដែលជា​ផ្នែក​មួយ​នៃ ការចូលរួម​ពង្រឹង​លើ​កិច្ចការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​។

​លោករដ្ឋលេខាធិកា​រ​បាន​បន្ថែមទៀតថា ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើង បានផ្តល់​តម្លៃ​ខ្ពស់​នៃ​តំបន​ទេសចរណ៍ ធម្មជាតិ និង​មាន​មោទកភាព​ចំពោះ​សម្បត្តិ ធនធាន​របស់​កម្ពុជា ជាពិសេស​តាមរយៈ​ដំណើរ​កម្សាន្ត​នៅតាមរមណីយ ដ្ឋាន​ទេសចរណ៍ធម្មជាតិនានា រូបភាព និង​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​នៃ​ប្រទេស​កម្ពុជា​ត្រូវបាន​ចែករំលែក​យ៉ាង​ទូលំទូលាយ​នៅតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​និង ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែល​បាន​ចូលរួម​កាន់តែខ្លាំង​ថែមទៀត ក្នុងការ​បណ្តុះ​ស្មារតី​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ និង​បាន​ចូលរួម​ថែរក្សា​ការពារ​នូវ​ទេសភាព និង​សម្បត្តិ​ធម្មជាតិ​ទាំងនេះ​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត​៕សរន​