ដោយ:សម្បត្តិ/ភ្នំពេញ: ខណ្ឌពោធិ៍សែនជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យប្រចាំខែតុលាលើកទិសដៅការងារបន្តប្រចាំ ខែវិច្ឆិកាដោយបានដាក់ចេញនូវផែនការពង្រឹងអនុវត្តវិធានការបង្ការទប់ស្កាត់បទល្មើសឆក់ឱ្យមានប្រសិទ្ធភាពដើម្បីការពារទ្រព្យសម្បត្តិនិងអាយុជីវិតប្រជាពលរដ្ឋ។

របាយការណ៍បានបង្ហាញថា បទល្មើសឆក់កើតឡើងនៅក្នុងរយៈពេលមួយខែកន្លងទៅនេះគឺកើតឡើងបីករណីក្នុង នោះកម្លាំងនគរបាលបង្ការទប់ស្កាត់បង្រ្កាបចាប់ខ្លួនជនសង្ស័យបួននាក់យកទៅចាត់ការតាមផ្លូវច្បាប់។ខណ្ឌ ពោធិ៍សែនជ័យនេះផងដែរត្រូវគេមើលឃើញថាក្នុងរយៈពេល០១ខែចុងក្រោយនេះផងទៀតលទ្ធផលនៃកត្តាពង្រឹង សន្តិសុខរក្សាសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានបាននាំឱ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ១០លើកក្នុងនោះបទល្មើស ឧក្រិដ្ឋនិងបទល្មើសមជ្ឈឹមកើតឡើងចំនួនប្រាំបួនលើកបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ១៨នាក់បើប្រៀបធៀបក្នុងរយៈ ពេលដូចគ្នាកាលពីខែមុនគឺបទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន១៩លើក។

របាយការណ៍ទាំងនេះបានបង្ហាញឱ្យដឹងនៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២១ដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស និងលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងដែលទទួលដឹកនាំ បញ្ជាពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលជាតំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង បានលើកឡើងក្នុងនាមលោឧត្តមអគ្គស្នងការរងនគរបាលជាតិនិងជា ស្នងការនគរបាលរាជធានីភ្នំពេញដោយបានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យអនុវត្តតាមបទបញ្ជាឬក៏ទិសដៅការងាររបស់ថ្នាក់លើដែលបានប្រគល់ជូនគឺឃើញថាអនុវត្តបានល្អជាពិសេសបានធ្វើឱ្យបទល្មើសមានការថយចុះ។នេះជាសកម្មភាពនិងលទ្ធផលដែលបានបង្ហាញពីការសហការគ្នាបានល្អហើយឈានដល់ការដោះស្រាយសម្រេចបានបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាននៃខណ្ឌពោធិ៍សែនជ័យ៕សរន