ដោយៈសុផល/ភ្នំពេញៈនៅរសៀលថ្ងៃចន្ទទី២៥ ខែតុលា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ៥២គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់មន្ទីរសុខា ភិបាលរាជធានី-ខេត្តទាំង២៥ និង២គ្រឿងទៀតបានប្រគល់ជូនឃ្លាំងឱសថកណ្តាល (CMS) រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ មាន៩៩,៧៦ ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៦៨ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១.៩៦៦.៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០០,៣៣ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១.៨៩៧.៣៨២ នាក់៕សរន